Sunday, September 12, 2021

សម្តេចតេជោ ហ៊ុន សែន៖ «ភាពជាម្ចាស់ប្រទេស» គឺជាគន្លឹះឈានឆ្ពោះទៅរកជោគជ័យ និងសន្តិភាពពេញលេញ ប្រកបដោយនិរន្តរភាព

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ប្រទេសដទៃមិនអាចមកដើរតួជំនួសក្នុងការកសាងសន្តិភាពបានឡើយ ហើយមានតែ «ភាពជាម្ចាស់ប្រទេស» ប៉ុណ្ណោះ គឺជាគន្លឹះឈានឆ្ពោះទៅរកជោគជ័យ និងសន្តិភាពពេញលេញ ប្រកបដោយនិរន្តរភាព។ សម្តេចតេជោ បានថ្លែងបែបនេះក្នុងពេលចូលរួមក្នុងមហាសន្និបាត នៃក្តីសង្ឃឹមលើកទី៧ ក្រោមប្រធានបទស្តីពី សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ។


ដោយចង្អុលបង្ហាញអំពីព្រឹត្តិការណ៍នយោបាយនៅប្រទេសអាហ្វហ្គានីស្ថាន កាលពីពេលថ្មីៗនេះ សម្តេចតេជោ បានរំលឹកអំពីប្រវត្តិប្រទេសកម្ពុជា កាលពី៤៥ឆ្នាំមុន ដែលមានលក្ខណៈស្រដៀងគ្នានឹងអាហ្វហ្គានីស្ថាននាពេលបច្ចុប្បន្ន។ សម្តេចបានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ គឺជាការរំលឹកយ៉ាងក្រៀមក្រំ និងជូរចត់ទៅដល់រឿងរ៉ាវ ដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដែលនៅពេលនោះ ខ្មែរក្រហម បានចូលកាន់កាប់ទីក្រុងភ្នំពេញ ដែលនេះគឺជាស្ថានភាពដ៏សោកសៅបំផុត ដែលកម្ពុជា និងប្រជាជនកម្ពុជា ចងចាំពីភាពខ្លោចផ្សា និងប្តេជ្ញាបញ្ចៀសព្រឹត្តិការណ៍ស្រដៀងគ្នានេះ មិនឱ្យកើតឡើងម្ដងទៀតឡើយ ។

សម្តេចបានមើលឃើញថា ទិដ្ឋភាពភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ីប៉ាស៊ីហ្វិក កំពុងប្រែប្រួលយ៉ាងឆាប់រហ័ស ព្រមជាមួយនឹងការប្រែប្រួលតុល្យភាពអំណាចសកល និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដែលកាន់តែស្មុគស្មាញ ស្រួចស្រាល និងគ្រោះថ្នាក់បំផុត ។ ជាអកុសល នៅក្នុងកម្រិតណាមួយនោះ ខ្សែបន្ទាត់ភូមិសាស្ត្រនយោបាយត្រូវបានគូសវាសឡើងរួចទៅហើយ ដែលការណ៍នេះអាចនឹងរុញច្រានឱ្យមានការកើតឡើងនូវនិន្នាការបន្ទច់បង្អាក់មិនប្រក្រតីនោះគឺ រដ្ឋតូចៗកំពុងស្ថិតនៅក្រោមសម្ពាធឱ្យធ្វើការជ្រើសរើសភាគីម្ខាងៗ ដែលផ្ទុយពីឆន្ទៈ និងផលប្រយោជន៍ជាតិរបស់ខ្លួន ។

សម្តេចគូសបញ្ជាក់ថា៖ «តាមរយៈបទពិសោធដែលស្តែងចេញពីការវិវត្តនៃស្ថានការណ៍នយោបាយនៅប្រទេសអាហ្គានីស្ថាន និងទីកន្លែងផ្សេងៗទៀត យើងអាចយល់ច្បាស់បានថា មានតែភាគីពាក់ព័ន្ធនៅ ក្នុងប្រទេសមានជម្លោះតែប៉ុណ្ណោះ ដែលអាចចូលរួមចំណែកកសាងសន្តិភាព និងប្រទេសជាតិបាន។ ប្រទេសដទៃមិនអាចមកដើរតួជំនួសក្នុងការកសាងនេះបានឡើយ ។ ក្នុងន័យនេះ ខ្ញុំសូមគូសបញ្ជាក់ថា “ភាពជាម្ចាស់ប្រទេស” គឺជាគន្លឹះឈានឆ្ពោះទៅរកជោគជ័យ និងសន្តិភាពពេញលេញ ប្រកបដោយនិរន្តរភាព។ និយាយមួយបែបទៀតបានថា, ប្រទេសដទៃមិនអាចមកបណ្តុះគុណតម្លៃ និងប្រព័ន្ធនយោបាយឱ្យប្រទេសណាមួយបាននោះឡើយ ដោយសារមូលដ្ឋានគ្រឹះសំខាន់ទាំងនេះត្រូវការការរីកលូតលាស់ជាលំដាប់លំដោយ ស្របទៅតាមបរិបទនយោបាយ, សេដ្ឋកិច្ច, សង្គមកិច្ច និងវប្បធម៌របស់ប្រទេសនីមួយៗ»។

សម្តេចបានបន្ថែមថា ជាក់ស្តែង កម្ពុជា គឺជាឧទាហរណ៍គំរូមួយ ដែលគួរពិចារណាយកបទពិសោធ។ សន្តិភាព ពេញលេញដែលយើងទទួលបាននាពេលនេះ គឺត្រូវបានកសាងឡើងដោយមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់នៅក្នុងប្រទេស ។ សម្តេចបញ្ជាក់ទៀតថា នាដើមទសវត្សរ៍ឆ្នាំ ១៩៩០ កម្ពុជាមិនអាចសម្រេចបានសន្តិភាពពេញលេញនោះទេ បើទោះបីជាសហគមន៍អន្តរជាតិបានចំណាយថវិកា អស់ប្រមាណ ២ពាន់លានដុល្លារអាមេរិក។

«សង្គ្រាមនៅតែបន្តអូសបន្លាយរហូតដល់ខែធ្នូ ឆ្នាំ១៩៩៨ ទើបកម្ពុជាអាចឈានទៅសម្រេចបានសន្តិភាពពេញលេញ បន្ទាប់ពីបានអនុវត្តនយោបាយឈ្នះ-ឈ្នះ ដើម្បីស្វែងរកដំណោះស្រាយនយោបាយរួមមួយក្នុងចំណោមជាតិសាសន៍របស់យើង។ ក្នុងន័យនេះ, ខ្ញុំសូមគូសបញ្ជាក់ជាថ្មីម្ដងទៀតថា យើងត្រូវតែមាន “ភាពជាម្ចាស់ប្រទេស” នៅក្នុងការកសាងសន្តិភាព និងការកសាងប្រទេសជាតិនៅក្រោយជម្លោះ»។ នេះបើតាមសម្តេចតេជោ៕














No comments:

Post a Comment