Sunday, September 12, 2021

ប្រវត្តិ​សង្ខេប​របស់លោក វ៉ាង យី​ ​ទីប្រឹក្សារដ្ឋ និងរដ្ឋមន្ត្រីក្រសួងការបរទេ​ស​ចិន

 (ប៉េកាំង​)៖ លោក វ៉ាង យី (Wang Yi) កើត​នៅ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​១៩៥៣ មុន​នឹង​បាន​ក្លាយ​ជាទីប្រឹក្សារដ្ឋ និង​ប្រមុខ​ការទូត​កំពូល​របស់​ចិន លោក​ធ្លាប់​បាន​កាន់​តំណែង​សំខាន់ៗជាច្រើន​រួច​មក​ហើយ​ដូចជា អនុ​រដ្ឋមន្ត្រីការបរទេស​, ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​ជប៉ុន និងនាយក​នៃ​ការិយា​ល័យកិច្ចការកោះ​តៃវ៉ាន់​ជាដើ​ម​។


បុរសដែល​មាន​ស្រុកកំណើត​នៅ​ទីក្រុង​ប៉េកាំង​រូបនេះ បាន​បញ្ចប់​ថ្នាក់​វិទ្យាល័យ​នៅ​ពី​ខែ​កញ្ញា ឆ្នាំ១៩៦៩ ដែល​កាលណោះ លោក​ត្រូវបាន​គេ​បញ្ជូន​ទៅ​កាន់​ភាគ​ឦសាន​ប្រទេស​ចិន ដើម្បី​ទទួល​ការហ្វឹកហ្វឺន​ជំនាញ​នៅ​ឯ​ក្រុមហ៊ុន​វិស្វកម្ម​យោធា​នៃ​ភាគ​ឦសាន ក្នុង​ខេត្ត​ហៃ​ឡុង​ជាំ​ង ដែល​មាន​រយៈពេលរហូតដល់​ទៅ៨​ឆ្នាំ​ឯណោះ​។​

​នៅ​ខែ​ធ្នូ ឆ្នាំ​១៩៧៧ លោក​បាន​ត្រឡប់​មក​កាន់​ទីក្រុង​ប៉េកាំង​វិញ ដើម្បី​ទទួល​ការសិក្សា​ស្វែងយល់​បន្ត នៅឯ​នាយកដ្ឋាន​ភាសា​អាស៊ី និង​អាហ្វ្រិក នៃ​ទីក្រុង​ប៉េកាំង (BISU) ហើយ​លោក​ក៏​បាន​បញ្ចប់​បរិញ្ញាប័ត្រ​ភាសា​ជប៉ុន នៅ​ខែ​កុម្ភៈ ឆ្នាំ​១៩៨២​ថែម​ទៀត​។ ដោយឡែក​ភរិយា​របស់​លោក វ៉ាង យី គឺជា​កូនស្រី​របស់​លោក Qian Jaidong ដែល​ជា​រដ្ឋមន្ត្រី​ការបរទេស​របស់​អតីត​រដ្ឋាភិបាល​ចិន​ដឹកនាំដោយ​លោក ជូ អេង​ឡាយ (Zhou Enlai)​។​

​នៅ​ខែ​កញ្ញា ឆ្នាំ​១៩៨៩ លោក វ៉ាង ត្រូវ​បាន​រដ្ឋាភិបាល​ចិន​បញ្ជូន​ឲ្យទៅ​ធ្វើ​ការងារ​នៅ​ស្ថានទូត​ចិន​ប្រចាំ ទីក្រុង​តូ​ក្យូប្រទេស​ជប៉ុន ដែល​មាន​អាណត្តិ ៥​ឆ្នាំ ហើយ​លោក​ក៏​បាន​ត្រឡប់​មក​កាន់​ប្រទេស​ចិន​វិញ នៅ​ខែ​មីនា ឆ្នាំ​១៩៩៤​។ ក្រោយពី​ធ្វើ​ការបំពេញ​ទស្សនកិច្ច និង​សិក្សា​បន្ថែម​នៅ​ក្រៅ​ប្រទេស​រួមទាំង សហរដ្ឋ​អាមេរិក​ផង​ដែរ ពី​ឆ្នាំ១៩៩៤ ដល់ ១៩៩៩ លោក វ៉ាង ក៏​ត្រូវបាន​តែងតាំង​ជា​អនុ​រដ្ឋមន្ត្រីការបរទេស​ចិន​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០០១​។​

​នៅ​ខែ​កញ្ញា ឆ្នាំ​២០០៤ លោក​ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុនតែម្តង ដោយ​បាន​កាន់​តំណែងរ​ហូត​ដល់​ខែ​កញ្ញា ឆ្នាំ​២០០៧​។ នៅ​ខែ​មិថុនា ឆ្នាំ​២០០៨ លោក វ៉ាង យី បាន​ជំនួស​តំណែង​លោក ជិន យុន​លីន ក្លាយជា​នាយក​នៃ​ការិយាល័យ​កិច្ចកា​រកោះ​តៃវ៉ាន់ ដែល​ស្ថិតនៅក្រោម​ក្រុមប្រឹក្សារដ្ឋ​នៃ​សា​ធាណ​រដ្ឋ​ប្រជាមានិត​ចិន​។​

​រហូតមកដល់​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៣ ក្រោយ​ការ​ឡើងកាន់​តំណែង​រប​ស់លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង លោក វ៉ាង ត្រូវបាន​តែងតាំង​ជា​ផ្លូវការ ក្លាយជា​រដ្ឋមន្ត្រី​ការបរទេស​ចិន ដោយ​មាន​ការគាំទ្រ​ពីសភា​ប្រជាជន​ចិន​។ ឆ្នាំ២០១៨ លោកទទួលបានមុខងារបន្ថែមជាទីប្រឹក្សារដ្ឋចិន។ លោកក៏ជាសមាជិកគណៈកម្មាធិការ មជ្ឈិមលើកទី១៧ រហូតដល់លើកទី១៩ នៃគណបក្សកុម្មុយនិស្ដចិនផងដែរ។

លោក វ៉ាង មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោងប្រមាណ១១ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល២ថ្ងៃ តាមការអញ្ជើញរបស់រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

នៅក្នុងអំឡុងពេលទស្សនកិច្ចថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២១ លោក វ៉ាង យី អញ្ជើញចូលជួបសម្តែងការគួរសមចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង មានអាហារការងារពេលព្រឹកជាមួយឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង។ លោកក៏នឹងអញ្ជើញមានជំនួបទ្វេភាគីជាមួយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពិភាក្សាលើទិដ្ឋភាពផ្សេងៗ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពាណិជ្ជកម្ម និងការវិនិយោគ ការអប់រំ សន្តិសុខនិងការពារជាតិ ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួមផងដែរ។

សម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង យី នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីប្រគល់-ទទួលជាផ្លូវការនូវពហុកីឡដ្ឋានជាតិមរតកតេជោ ដែលនឹងក្លាយជាទីតាំងសំខាន់សម្រាប់ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០២៣ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ ហើយដែលក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ (CAMSOC) និងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធាន CAMSOC ក៏នឹងមានវត្តមានផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក វ៉ាង យី ក៏នឹងអញ្ជើញធ្វើជាសាក្សី និងអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារទ្វេភាគីដ៏សំខាន់មួយចំនួនផងដែរ៕



No comments:

Post a Comment