Wednesday, September 22, 2021

ខេត្តកំពង់ចាម បិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនពលរដ្ឋ ដែលមានអាយុចាប់ពី១២ឆ្នាំឡេីង

កំពង់ចាម÷ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌ ទូទាំងប្រទេស និងលោក អ៊ុន ចាន់ដា  អភិបាលខេត្ត និងជាប្រធានអនុគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្នុងក្របខណ្ឌខេត្តកំពង់ចាម បានប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩  ជូនប្រជាពលរដ្ឋដែលមានអាយុ ចាប់ពី១២ឆ្នាំឡើង។ ពិធីនេះត្រូវបានធ្វើឡើងនាថ្ងៃទី២១  ខែកញ្ញា  ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ចាម។

លោក អ៊ុន ចាន់ដា បានថ្លែងថា ជាលទ្ធផលនៃការអនុវត្តតាមផែនការយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១២ឆ្នាំឡើង សរុបចំនួន ៦៨៥,៦២៤ នាក់ ស្មើនឹង ៨៤. ៤២% នៃផែនការចំនួន ៨១២,១៣២នាក់ ដោយ យុទ្ធនាការចាក់វ៉ាក់សាំងកន្លងមកនេះ   ចំពោះព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ និងអតីតយុទ្ធជនក្នុងខេត្តកំពង់ចាម ទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយឥតគិតថ្លៃជាបន្តបន្ទាប់  ចាប់ពីដេីមខែមិនា ឆ្នាំ២០២១។ ក្នុងនោះ  ប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី  ១៨ឆ្នាំឡើងទទួលបានការចាក់វ៉ាក់សាំង កូវីដ-១៩ ចាប់ពីថ្ងៃទី២៩ ខែមិថុនា  ឆ្នាំ២០២១។ 

លោក អ៊ុន ចាន់ដា  បានគូសបញ្ជាក់ថា ការបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងនេះ គឺសំដៅតែទៅលើមនុស្ស ដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅប៉ុណ្ណោះ ចំពោះយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់មនុស្សអាយុចាប់ពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ មិនទាន់ដល់ពេលដែលត្រូវបិទបញ្ចប់នោះឡើយ។ 

ក្នុងនោះរដ្ឋបាលខេត្តកំពង់ចាម បានសម្រេចគោរពស្នើសុំបើកដំណើរការកន្លែងចាក់វ៉ាក់សាំង ជាអចិន្ត្រៃយ៍ នៅតាមមន្ទីរពេទ្យបង្អែកចំនួន៩កន្លែង ដើម្បី ឲ្យប្រជាពលរដ្ឋដែលពុំទាន់ទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេស ប្រជាពលរដ្ឋចំណូលស្រុក និងអ្នកមានសុខភាពប្រសើរឡើងវិញមកទទួល វ៉ាក់សាំង ក្រោយពីបិទបញ្ចប់យុទ្ធនាការនេះផងដែរ។ 

ក្នុងឱកាសនោះ ដែរលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានឲ្យដឹងថា កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩  នៅកម្ពុជា គិតត្រឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១  មាន  ៩៨,៣៣%  ធៀបជាមួយចំនួនប្រជាជនគោលដៅ១០លាននាក់  និងលើកុមារ-យុវវ័យអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ មាន ៨៨,១៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ មាន  ៣៧,៣៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕





No comments:

Post a Comment