Friday, September 03, 2021

វិភាគអន្តរជាតិ៖ លោក ចូ បៃដិន និងអនាគតនៃនយោបាយការបរទេស របស់សហរដ្ឋអាមេរិក


(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិនបាននិយាយថាការដកកងទ័ពអាមេរិកទាំងអស់ចេញពីអាហ្វហ្កានីស្ថាន គឺជាការបិទបញ្ចប់យុគសម័យនៃ ការធ្វើអន្តរាគមន៍យោធាជួយកសាងប្រទេសដទៃឡើងវិញ ហើយលោកក៏បានអំពាវនាវផងដែរឱ្យបើកទំព័រយុទ្ធសាស្ត្រថ្មីមួយសម្រាប់នយោបាយការបរទេស អាមេរិក។ ប៉ុន្តែ ការដួលរលំរបស់អាហ្វហ្កានីស្ថាន នៅតែបន្តបង្កជាការចោទសួរសំណួរជាច្រើនពាក់ព័ន្ធនឹងអនាគតរបស់លោក បៃដិន និងនយោបាយការបរទេស អាមេរិក ខណៈក្រុមអ្នករិះគន់បានចាត់ទុកថា «ភាពចលាចលនៅឯអាកាសយានដ្ឋានកាប៊ុល និងការដួលរលំយ៉ាងឆាប់រហ័សរបស់អាហ្វហ្កានីស្ថាន» គឺជាបរាជ័យដ៏ធំ របស់អាមេរិក នៅក្នុងសង្រ្គាមជាង២០ឆ្នាំ ដែលអាចនឹងក្លាយជាឧបសគ្គបង្កការរាំងស្ទះដល់ការអនុវត្តនយោបាយការបរទេសឱ្យមានប្រសិទ្ធភាព។



បើតាមក្រុមអ្នកជំនាញភាគច្រើន ការដួលរលំរបស់អាហ្វហ្កានីស្ថាននឹងមិនអាចបំផ្លាញទំនាក់ទំនងរវាងអាមេរិក និងសម្ព័ន្ធមិត្តនោះទេ។ តែចង់ ឬមិនចង់ វានឹងធ្វើឱ្យ ប្រទេសដែលពឹងផ្អែកលើអាមេរិកចាប់ផ្ដើមសង្ស័យ ហើយចោទសួរខ្លួនឯងថាតើអាចជឿទុកចិត្តលើអាមេរិកថានឹងមិនបោះបង់ចោលពួកគេដូចអាហ្វហ្កានីស្ថាន ដែរឬទេ?


* អនាគតមិនច្បាស់លាស់របស់លោក បៃដិន


ការដកទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថាន មិនមែនគ្រាន់តែជាការប្ដូរយុទ្ធសាស្ត្រងាកមកផ្តោតលើការខ្ទប់ការកើនឡើងឥទ្ធិពលចិននៅក្នុងតំបន់អាស៊ីប៉ុណ្ណោះទេ តែវា ក៏ជាការស្វែងរកប្រយោជន៍នយោបាយនៅក្នុងស្រុកផងដែរ។ ពីព្រោះការដកកងទ័ពបិទបញ្ចប់សង្រ្គាមនៅក្រៅប្រទេសដូចជាអាហ្វហ្កានីស្ថាន គឺជាការចង់បានរបស់ ប្រជាជនអាមេរិកភាគច្រើនដែលធុញទ្រាន់នឹងសង្រ្គាម ដោយសូម្បីតែអតីតប្រធានាធិបតីអាមេរិក ២រូបគឺ លោក បារ៉ាក់ អូបាម៉ា និងលោក ដូណាល់ ត្រាំ រួមទាំងលោក បៃដិនផ្ទាល់ ក៏បានជាប់ឆ្នោតដោយសារតែគំនិតប្រឆាំងសង្រ្គាមរបស់ពួកគេដែរ។


ប៉ុន្តែលោក ចូ បៃដិន បែរជាបាត់បង់ប្រជាប្រិយភាព និងការគាំទ្រពីប្រជាជនអាមេរិកទៅវិញ។ វាមិនមែនដោយសារតែការសម្រេចចិត្តដកទ័ពនោះទេ តែវាគឺមកពី ពួកគេយល់ថាលោក បៃដិន «ដោះស្រាយបញ្ហាមិនបានល្អ» ជាហេតុបង្កឱ្យមានភាពចលាចលនៅឯអាកាសយានដ្ឋានកាប៊ុល, ទាហានអាមេរិក ១៣នាក់ស្លាប់ក្នុង ការវាយប្រហារបំផ្ទុះគ្រាប់បែក និងការដួលរលំយ៉ាងឆាប់រហ័សរបស់រដ្ឋាភិបាលអាហ្វហ្កានីស្ថាន។ បើតាមការស្ទង់មតិដឹកនាំដោយវិទ្យាសា្ថន Pew Research ចេញ ផ្សាយកាលពីថ្ងៃអង្គារដើមសប្ដាហ៍កន្លងទៅនេះ ប្រជាជនអាមេរិក ៥៤ភាគរយយល់ថាការសម្រេចចិត្តដកទ័ពចេញពីអាហ្វហ្កានីស្ថានគឺជារឿងត្រឹមត្រូវ ខណៈ ៤២ភាគរយថាជាការសម្រេចចិត្តខុស។


ការស្ទង់មតិដដែលបានឱ្យដឹងទៀតថាប្រជាជនអាមេរិកតែ ២៧ភាគរយប៉ុណ្ណោះដែលនិយាយថាលោក បៃដិន ដោះស្រាយស្ថានការណ៍បានល្អឥតខ្ចោះ ឬល្អ ស្របពេល ២៩ភាគរយ យល់ថាយុត្តិធម៌ និង ៤២ភាគរយថា «ដោះស្រាយមិនបានល្អ»។ បន្ថែមពីលើនេះការស្ទង់មតិរបស់ទូរទស្សន៍ ABC News សហការជាមួយក្រុមហ៊ុន Ipsos ក៏បានរកឃើញដែរថាប្រជាជនអាមេរិក ៣៨ភាគរយគាំទ្រការដោះស្រាយបញ្ហារបស់លោក បៃដិន និង ៥៩ភាគរយមិនគាំទ្រ។ ពិតមែនទៅ បើតាម កិច្ចសន្ទនាតាមទូរស័ព្ទលើកចុងក្រោយកាលពីថ្ងៃទី២៣ ខែកក្កដាកន្លងទៅ រវាងលោក បៃដិន និងអតីតប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក អាស្រាហ្វ ហ្កានី ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃពុធ ទី០១ ខែកញ្ញានេះ លោក បៃដិនផ្ទាល់ហាក់ដូចជាមិននឹកស្មានទាល់តែសោះថាអាហ្វហ្កានីស្ថានដួលរលំ លឿនរហ័សបែបនេះ ហើយសូម្បីតែទីភ្នាក់ស៊ើបការណ៍សម្ងាត់អាមេរិក ក៏សឹងតែមិនជឿដូចគ្នាថារឿងបែបនេះអាចកើតឡើងទៅរួច។


ទីភ្នាក់ស៊ើបការណ៍សម្ងាត់អាមេរិកធ្លាប់សន្និដ្ឋានថាអាហ្វហ្កានីស្ថាននឹងដួលរលំក្រោមដៃតាលីបង់ ក្នុងរយៈពេល ៦ខែ ក្រោយកងទ័ពអាមេរិក និង NATO ដកចេញ ហើយក្រោយមកទៀតបានប្ដូរការសន្និដ្ឋានដោយនិយាយថាទីក្រុងកាប៊ុលអាចនឹងដួលរលំក្នុងរយៈពេល៩០ថ្ងៃ។ ប៉ុន្តែមិនដល់ ១០ថ្ងៃផង អាហ្វហ្កានីស្ថានបែរជា ធ្លាក់ចូលទៅក្នុងដៃក្រុមតាលីបង់ទៅវិញ។ គេមិនទាន់អាចនិយាយបានភ្លាមៗថាតើអនាគតរបស់លោក បៃដិននឹងទៅជាយ៉ាងណានោះទេ តែអ្វីដែលគេមិនអាច ប្រកែកបាន នោះគឺថាការដួលរលំរបស់អាហ្វហ្កានីស្ថានទាំងវឹកវរ បានបង្កការឱ្យមានការសង្ស័យចំពោះសមត្ថភាពដឹកនាំរបស់លោក បៃដិនរួចទៅហើយ។ លោក បៃដិនធ្លាប់បានសន្យាថាការដកកងទ័ពអាមេរិកនឹងមិនបង្កចលាចលទេ, រដ្ឋាភិបាលអាហ្វហ្កានីស្ថាននឹងមិនដួលរលំឡើយ ហើយពាក្យ «America is back» ដែល លោក បៃដិនតែងតែធានាចំពោះសម្ព័ន្ធមិត្ត ក៏លោកមិនទាន់អាចសម្រេចបាននោះដែរ ខណៈវិបត្តិនៅអាហ្វហ្កានីស្ថានកាន់តែធ្វើឱ្យសម្ព័ន្ធមិត្តសង្ស័យចំពោះ ការប្ដេជ្ញាចិត្តរបស់អាមេរិក។


* នយោបាយការបរទេស ដែលលែងពឹងលើការធ្វើសង្រ្គាម?


ការសម្រេចចិត្តដកកងទ័ពអាមេរិករបស់លោក ចូ បៃដិន វាមានន័យស្មើនឹងលោកយកដៃចុចលើប៊ូតង់ «reset» ឬកែប្រែទាំងស្រុងនូវនយោបាយការបរទេសរបស់សហរដ្ឋ អាមេរិក ជាមួយការបង្ហាញថាយុគសម័យសង្រ្គាមប្រឆាំងភេរវកម្ម ដែលជាកេរ្តិ៍មរតកបន្សល់ទុកដោយអតីតប្រធានាធិបតីអាមេរិក លោក ចច ដាប់ប៊ែល យូប៊ូស ក្រោយការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ បាន «បិទបញ្ចប់» ហើយ។


នៅក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិអាមេរិកកាលពីថ្ងៃពុធ ទី០១ ខែកញ្ញានេះ លោក បៃដិន បាននិយាយថាការដកកងទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថាន ក៏ជាការ បិទបញ្ចប់យុគសម័យ នៃការធ្វើអន្តរាគមន៍យោធាជួយកសាងប្រទេសដទៃឡើងវិញផងដែរ ហើយលោកបានអំពាវនាវឱ្យបើកទំព័រយុទ្ធសាស្ត្រថ្មីមួយសម្រាប់ នយោបាយការបរទេសអាមេរិក។ យុទ្ធសាស្ត្រថ្មីនេះត្រូវបានក្រុមអ្នកជំនាញហៅថា «Biden doctrine» មានគោលដៅចម្បងផ្ដោតទៅលើការប្រកួតប្រជែងជាមួយ ចិន និងដោះស្រាយការគំរាមកំហែងពីរុស្ស៊ី។ សម្រាប់លោក បៃដិន ការគំរាមកំហែងធំបំផុតដល់សន្តិសុខជាតិអាមេរិកគឺចិន និងរុស្ស៊ីដែលត្រូវផ្ដោតជាសំខាន់ ពោលគឺ មិនមែន «ក្រុមភេរវករ» ទៀតនោះទេ។


លោក បៃដិន នៅក្នុងសុន្ទរកថាដដែលបានបញ្ជាក់ថាចាប់ពីពេលនេះតទៅ នយោបាយការបរទេសអាមេរិកនៅពេលអនាគត នឹងលែងសូវពឹងផ្អែកលើសាច់ដុំយោធា ឬក៏ការធ្វើអន្តរាគមន៍យោធានិយមដូចមុនទៀតនោះទេ។ «ការសម្រេចចិត្តលើអាហ្វហ្កានីស្ថាន មិនមែនពាក់ព័ន្ធតែនឹងអាហ្វហ្កានីស្ថានតែមួយគត់នោះទេ តែវាគឺជា ការបិទបញ្ចប់យុគសម័យនៃការធ្វើអន្តរាគមន៍យោធាទ្រង់ទ្រាយធំ ដើម្បីជួយបង្កើត ឬកសាងប្រទេសដទៃ»។ នេះជាការបញ្ជាក់របស់លោក បៃដិន។


តែទោះជាបែបនេះក្ដី ក្រុមអ្នកជំនាញនៅតែយល់ថាសហរដ្ឋអាមេរិក មិនអាចកាត់ផ្ដាច់ចេញពីនយោបាយអន្តរាគមន៍និយម ឬប្រើកម្លាំងយោធាដើម្បីសម្រេចលទ្ធផល នៃនយោបាយការទូត និងប្រយោជន៍សន្តិសុខជាតិរបស់ពួកគេនោះទេ។ ជាក់ស្ដែង ការវាយប្រហារតាមផ្លូវអាកាសលើក្រុមភេរវករ ISIS ដែលជាអ្នកនៅពីក្រោយការវាយប្រហារបំផ្ទុះគ្រាប់បែកសម្លាប់ទាហានអាមេរិក ១៣នាក់នៅអាហ្វហ្កានីស្ថាន វាបានបង្ហាញថាការវាយប្រហារតាមផ្លូវអាកាសនៅតែជាជម្រើសក្នុងការប្រើប្រាស់ កម្លាំងយោធានៅពេលអនាគត ហើយអាមេរិកនៅតែត្រូវបន្តប្រយុទ្ធប្រឆាំងជាមួយពួកភេរវករនៅឯបរទេសដដែល គ្រាន់តែប្រតិបត្តិការយោធាធ្វើឡើងក្នុងទ្រង់ទ្រាយ តូចជាងមុន ឬដោយប្រើយន្ដហោះដ្រូន ឬមិនញៀននឹងការធ្វើសង្រ្គាមដូចមុនទៀតតែប៉ុណ្ណោះ។


គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញ ការសម្រេចចិត្តបិទបញ្ចប់សង្រ្គាមនៅអាហ្វហ្កានីស្ថាន គឺជាការប្ដូរយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកដោយងាកមកផ្ដោតលើការ ខ្ទប់ការកើនឡើងឥទ្ធិពលចិននៅក្នុងតំបន់អាស៊ី ហើយដើម្បីអាចធ្វើបែបនេះបាន អាមេរិកត្រូវការប្រមូលធនធានទាំងឡាយ ដែលខ្លួនចំណាយលើការធ្វើសង្រ្គាម នៅឯក្រៅប្រទេស មកវិញ។ នយោបាយប្រឆាំងឥទ្ធិពលចិន បានក្លាយជាស្នូលមួយដ៏សំខាន់នៃនយោបាយការបរទេសអាមេរិកនៅពេលអនាគត ដោយវាអាចបង្ហាញ បានយ៉ាងច្បាស់ តាមរយៈការបំពេញដំណើរទស្សនកិច្ចរបស់មន្ត្រីកំពូលអាមេរិក ក្នុងនោះរួមមានទាំងអនុប្រធានាធិបតីអាមេរិកលោកស្រី កាម៉ាឡា ហារីស មកកាន់តំបន់អាស៊ី កាលពីពេលថ្មីៗនេះ៕


ប្រភព៖ The Week, Foreign Policy (ថ្ងៃសុក្រ ទី០៣ ខែកញ្ញា ឆ្នាំ២០២១)

ដោយៈ Fresh News

No comments:

Post a Comment