Saturday, September 04, 2021

រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសចាក់ដូសទី៣ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី២៨ ខែកញ្ញា សម្រាប់មន្រ្តីរាជការ និងពលរដ្ឋអាយុចាប់ពី៦០ឆ្នាំឡើង ដែលចាក់ Astra Zeneca

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ បានប្រកាសអំពីការចាក់វ៉ាក់សាំងអាស្ត្រាហ្សែនីកា ដូសជំរុញ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង បុគ្គលិកនៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរអង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងសហព័ទ្ធ(ស្វាមីឬភរិយា) និងប្រជាពលរដ្ឋដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង ដែលបានចាក់វ៉ាក់សាំងកូវីសែល ដូសទី១ និងដូសទី២រួចរាល់ នៅភូមិសាស្ត្ររាជធានីភ្នំពេញ។

កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង លេខ ០៦៤ សជណ ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ក្នុងការចាក់វ៉ាក់សាំងអាស្ត្រាហ្សែនីកា ដូសជំរុញ ឬ ដូសទី៣ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីសុខាភិបាល និង បុគ្គលិកនៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១៥ មន្ទីរ-អង្គភាពជំនាញជុំវិញ រដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីសុខាភិបាលជួរមុខវិស័យឯកជន នៅរាជធានីភ្នំពេញរួចមកហើយ។ ស្របពេល ជាមួយគ្នានេះស្ថិតក្នុងបរិការណ៍នៃការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បណ្តាលមកពីមេរោគ កូវីដបំប្លែងខ្លួនថ្មី ជាពិសេសមេរោគកូវីដ ប្រភេទដែលតា (Delta) ដែលបាននិងកំពុងវាយលុកយ៉ាងសកម្មតាមបណ្តា ទីក្រុងនានានៃប្រទេសក្នុងតំបន់អាស៊ាន រួមទាំងរាជធានីភ្នំពេញ និងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចដាក់ចេញបន្ថែមនូវ «យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ឬ ដូសជំរុញ» ជូនដល់មន្ត្រីបម្រើសេវាសាធារណៈជួរមុខទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ សំដៅបង្កើនភាពស៊ាំសហគមន៍ឱ្យកាន់តែរឹងមាំ និងជាការគិតគូរបន្ថែមដល់សុខុមាលភាពរបស់ប្រតិបត្តិករជួរមុខ ដើម្បី កាត់បន្ថយកម្រិតហានិភ័យ និងអត្រានៃការឆ្លងចូលក្នុងសហគមន៍ ឱ្យបានជាអតិបរមា។
 
រដ្ឋបាលរាជធានី បានប្រកាសបន្ថែមថា ដោយទទួលបានការប្រគល់ភារកិច្ចពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំង ប្រទេស (គ.វ.ក-១៩) និងអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ នឹងដំណើរការចាក់វ៉ាក់សាំងអាស្កាហ្សែនីកា ដូសជំរុញ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាល ខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងសហព័ន្ធ (ស្វាមី ឬភរិយា) និងប្រជាពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំឡើង ដែលបានចាក់វ៉ាក់សាំងកូវីសែល ដូសទី១ និង ដូសទី២រួចរាល់ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ តាមកម្មវិធី និងទីកន្លែងដែល បានកំណត់ជូនក្នុងសេចក្តីជូនដំណឹងនេះ (ជូនភ្ជាប់ក្នុងតារាងឧបសម្ព័ន្ធ)។
 
ចំពោះឯកសារតម្រូវចាំបាច់ដែលត្រូវភ្ជាប់មកជាមួយ រួមមាន (១) បណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ (២) បណ្ណ សម្គាល់ខ្លួនមន្ត្រីរាជការ-បុគ្គលិក និង (៣) អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬ ឯកសារដែលបានប្រើប្រាស់ក្នុងការ ចាក់វ៉ាក់សាំងដូសទី១ព្រមទាំងត្រូវគោរពនូវលក្ខខណ្ឌនៃការទទួលបាន វ៉ាក់សាំងដូសជំរុញរបស់ពួកគាត់ដែលបាន ចាក់វ៉ាក់សាំង ដូសទី១ និងដូសទី២រួចរាល់ ដែលមានគម្លាតរយៈពេលចាប់ពី ០៤ (បួន) ទៅ ០៦ (ប្រាំមួយ) ខែឡើង បន្ទាប់ពីបានចាក់វ៉ាក់សាំងដូសមូលដ្ឋាន។
 
ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានក្រើនរំលឹក និងអំពាវនាវដល់លោក-លោកស្រីដែលអញ្ជើញ ទៅទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដុសជំរុញ ឬ ដូសទី៣ ត្រូវប្រកាន់ខ្ជាប់ឱ្យបានជាដាច់ខាតនូវការរក្សាគម្លាត សុវត្ថិភាពសង្គម ពាក់ម៉ាស តម្រង់ជួរ ចៀសវាងការឈរប្រជ្រៀតគ្នា កៀកគ្នា ណែនណាន់តាន់តាប់ ហើយសូមចូលរួម អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រកាន់ខ្ជាប់នូវវិធានការ «៣ ការពារ និង ៣ កុំ» របស់ សម្តេចតេជោ ហ៊ុន សែន៕






No comments:

Post a Comment