Wednesday, August 25, 2021

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន តាមរយៈប្រព័ន្ធ Zoom

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ លោក ស៊ុន សុវណ្ណារិទ្ធិ បានដឹកនាំគណៈអភិបាលខេត្ត អភិបាលក្រុង ស្រុក និងប្រធានមន្ទីរជំនាញ ចូលរួមកិច្ចប្រជុំតាមរយៈប្រព័ន្ធ Zoom ដើម្បីបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០២១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាពលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត។ 

កិច្ចប្រជុំមានការចូលរួមពីលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្រុកទាំង៨ ក្នុងខេត្ត។

លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានរាយការណ៍អំពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០២១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ជូនឯកឧត្ដមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីប្រធានក្រុមការងារ ព្រមទាំងអង្គប្រជុំ និងបានលើកឡើងអំពីបញ្ហាប្រឈម និងសំណូមពរដែលប្រជាពលរដ្ឋបានលើកឡើង និងដំណោះស្រាយដែលក្រុមការងារបានដាក់ចេញ។

លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីប្រធានក្រុមការងារ បានថ្លែងអំណរគុណ និងកោតសរសើរខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពទូទាំងខេត្ត ដែលបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋក្នុងខេត្ត ពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។

លោក អ៊ុក រ៉ាប៊ុន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ក្នុងខេត្តកំពង់ឆ្នាំង និងក្រុមការងារទាំងអស់ ដែលបានចូលរួមផ្ដល់ការគាំទ្រទាំងថវិកា និងស្មារតី សំដៅរួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការដោះស្រាយបញ្ហាប្រឈម សំណូមពររបស់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទូទាំងខេត្ត៕





No comments:

Post a Comment