Tuesday, August 17, 2021

ខេត្តក្រចេះ គ្រឿងឧបភោបបរិភោគ និងបច្ច័យជូនព្រះសង្ឃចំនួន១៧ វត្ត នៅក្នុងក្រុងក្រចេះ និងស្រុកចិត្របុរី

ក្រចេះ៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២១ ជាលើកទី៣ហើយក្នុងអំឡុងពេលកូវីដនេះ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បាននាំគ្រឿងឧបភោបបរិភោគ និងបច្ច័យមួយចំនួន មកប្រគេនជូនព្រះសង្ឃតាមវត្តនៅក្នុងក្រុងក្រចេះ និងស្រុកចិត្របុរី ចំនួន១៧វត្ត ជាអំណោយជំនួយរបស់ព្រះគ្រូ សោ ភ័ណ ចៅអធិការវត្តពុទ្ធគុណសិង្ហបុរី និងប្រជាពុទ្ធបរិស័ទនៅប្រទេសសិង្ហបុរី ដើម្បីផ្គត់ផ្គង់ទ្រទ្រង់នៅក្នុងវត្តនាបរិបទកូវីដ-១៩នេះ ។

លោក វ៉ា ថន មានប្រសាសន៍ថា ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ស្ថាប័នអង្គភាពជំនាញពាក់ព័ន្ធ ដែលជាមន្រ្តីជួរមុខ ព្រមទាំងការចូលរួមសហការដោយប្រជាពលរដ្ឋ ប៉ុន្មានថ្ងៃចុងក្រោយនេះ ឃើញថាកម្ពុជាក៏ដូចជាខេត្តក្រចេះបានកាត់បន្ថយបាននូវចំនួនឆ្លងជំងឺកូវីដ-១៩ ហើយចំនួននៃអ្នកជាសះស្បើយ នៅក្នុងតារាងតួរលេខប្រចាំថ្ងៃ ដែលនេះគឺជាមោទនភាពរបស់កម្ពុជា សម្រាប់កាត់ផ្តាច់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ២០២១ សំដៅឆ្ពោះទៅរកការងើបឈរឡើងវិញនៃកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោមការត្រៀមទុកដោយយន្តការនៃយុទ្ធសាស្រ្ត កែប្រែវិបត្តិកូវីដឱ្យក្លាយជាឱកាសនៃការអភិវឌ្ឍ ។ 

លោកក៏ បានកោតសរសើរ និងថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ប្រសើរថ្លៃថ្លាររបស់ព្រះគ្រូចៅអធិការវត្ត និងពុទ្ធបរិស័ទទាំងអស់នៅប្រទេសសិង្ហបុរី ដែលបានយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខព្រះសង្ឃ ដែលកំពុងជួបវិបត្តិខ្វះខាតខ្សត់ខ្សោយនាពេលជំងឺកូវីដ-១៩ រាលត្បាតជាសកល បើទោះបីជាព្រះគ្រូគង់នៅក្រៅប្រទេសក្តីហើយក៏កំពុងជួបនូវវិបត្តិនេះដូចគ្នាក៏ដោយ ដែលនេះបង្ហាញឲ្យឃើញពីវប្បធម៌ចែករំលែករបស់ដូនតាខ្មែរ ដែលមានតាំងពីយូរលង់មកហើយ ។ 

លោកបានបន្ថែមថា ដើម្បីកាត់ផ្តាច់ជំងឺកូវីដ-១៩ សូមបងប្អូនប្រជាពុទ្ធបរិស័ទ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋក្នុងខេត្តក្រចេះទាំងអស់ សូមបង្កើតការប្រុងប្រយ័ត្ន និងចូលរួមអនុវត្តវិធានសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ ពិសេសគោរពវិធានការរបស់រដ្ឋបាលខេត្ត ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលប្រឆាំងនឹងជំងឺកូវីដ-១៩ ទាំងអស់គ្នាដើម្បីធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងខេត្ត និងទប់ស្កាត់ជំងឺនេះមិនឲ្យមានឆ្លងរីករាលដាលបន្តទៅទៀត ។

សូមបញ្ជាក់ផងដែរថា  អំណោយជំនួយជាអង្ករប្រគេនដល់១៧វត្ត ក្នុង១វត្តទទួលបានចំនួន ២៥០ គីឡូក្រាម និងបច្ច័យ១០ម៉ឺនរៀល៕






No comments:

Post a Comment