Tuesday, August 17, 2021

នៅថ្ងៃនេះ «វ៉ាក់សាំងម្ជុលទី៣ ជាដូសជម្រុញ បានចាក់ជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ខេត្តកំពង់ចាម

កំពង់ចាម៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ សូមរួមគ្នា ទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ ១៩ និងកុំភ្លេចអនុវត្ត ៣ការពារ ៣កុំ» លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខណ្ឌ ខេត្តកំពង់ចាម ថ្លែងយ៉ាងដូច្នេះ នៅក្នុងឱកាស អញ្ជើញបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជម្ងឺឆ្លងកូវីដ ១៩ ក្នុងដូសទី៣ ឬដូសជម្រុញ ជាអំណោយដ៏ថ្លៃថ្លា របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដល់មន្រ្តីរាជការស៊ីវីល មន្ត្រីនគរបាលជាតិ និងព្រះសង្ឃ នៅក្នុងខេត្តកំពង់ចាម ដែលពិធីនេះ បានរៀបចំនៅសាលសន្និសីទសាលាខេត្ត ។ពិធីនោះ ក៏មានការអញ្ជើញចូលរួម ពីលោក លោកស្រី ជាអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័នក្នុងខេត្ត និងមន្ត្រីក្រោមឱវាទជាច្រើនរូបទៀត ផងដែរ ។

តាមរបាយការណ៍ របស់រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា មកដល់ពេលនេះ ដោយរាប់ចាប់ពី ខែមីនា មកដល់ពេលនេះ ខេត្តកំពង់ចាមសម្រេចចាក់វ៉ាក់បង្ការជូនប្រជាពលរដ្ឋ មានអាយុ ១៨ឡើង ក្នុងដូសទី ១ សរុបបានចំនួន ៥៦៣.៦៧៨នាក់ និងចាក់ក្នុងដូសទី ២ អាយុ ១៨ឡើង បានចំនួន ៤១៣.៣៣២នាក់ ។ ចំពោះ កុមារ និងយុវវ័យ (១២-១៧ឆ្នាំ) ឬអាយុក្រោម ១៨ឆ្នាំ ចាក់បានចំនួន ៥៦.៧៤៥នាក់ ។ ដោយឡែក នៅថ្ងៃនេះ ខេត្តកំពង់ចាម នឹងបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជម្ងឺឆ្លងកូវីដ ១៩ ក្នុងដូសទី៣ ឬដូសជម្រុញ ជាអំណោយដ៏ថ្លៃថ្លា របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដល់មន្រ្តីរាជការស៊ីវីល មន្ត្រីនគរបាលជាតិ និងព្រះសង្ឃ នៅក្នុងខេត្តកំពង់ចាម ផងដែរ ៕






No comments:

Post a Comment