Sunday, August 01, 2021

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រើនរំលឹកដល់អ្នកសិទ្ធិមនុស្សទាំងឡាយថា ដោយសារបានរៀនក្រោមដំបូលសាលារៀនដែលកសាងដោយបាតដៃគណបក្សប្រជាជនកម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងសារក្រើនរំលឹកដល់អ្នកដែលធ្វើការ

នៅក្នុងវិស័យសិទ្ធិមនុស្សនៅកម្ពុជាទាំងឡាយដែលតែងតែរិះគន់ពីវិធានការរឹតត្បិតដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ថា ពួកគេបានធ្វើកិច្ចការសិទ្ធិមនុស្សនេះបាន ដោយសារបានរៀននៅក្រោមដំបូលសាលារៀនដែលកសាងដោយថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា។ លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជូនក្មេងៗ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំដល់ក្រោម ១៨ឆ្នាំ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ដែលពិធីនេះប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា វិធានការបិទខ្ទប់ខេត្តចំនួន៨ រួមទាំងការដាក់ចេញនូវបម្រាមគោចរនៅរាជធានីភ្នំពេញជាថ្មី នឹងអាចប៉ះពាល់ដល់សិទ្ធិសេរីភាពមួយចំនួនរបស់ប្រជាពលរដ្ឋមែន ប៉ុន្តែពេលនេះ មេរោគកូវីដ-១៩បំប្លែងថ្មី ដែលតា កំពុងតែវាយលុកយ៉ាងសាហាវនៅលើពិភពលោក រួមទាំងអាស៊ីអាគ្នេយ៍យើងផងដែរ ហើយបើសិនយើងបណ្តោយឱ្យមេរោគនេះចូលមកកម្ពុជានោះ នឹងធ្វើឱ្យយើងបាត់បង់អាយុជីវិតរបស់ប្រជាជនយើងជាច្រើនបន្ថែមទៀត។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ផងដែរថា សិទ្ធិគ្រប់បែបយ៉ាង ផ្តើមចេញពីសិទ្ធិរស់រានមានជីវិត ហើយរាជរដ្ឋាភិបាលធ្វើកិច្ចការគ្រប់បែបយ៉ាងគឺដើម្បីការរស់រានមានជីវិតរបស់ប្រជាជន ដែលនេះហើយជាសិទ្ធិដ៏សំខាន់ជាងគេបំផុតក្នុងចំណោមសិទ្ធិនានា៕


 

No comments:

Post a Comment