Friday, July 23, 2021

តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកយុទ្ឋនាការចាក់ថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ស្រុកប្រាសាទបាគង

សៀមរាប៖ ទោះបីជានាយទាហាន នាយទាហានរង និង ពលទាហាន នៅក្នុងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជាប់បំពេញភារកិច្ចចូលរួមសហការការពារសន្តិសុខជូនប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ធំ ជាពិសេសការជួយដល់អតីតយុទ្ធជន ខេត្តកំពង់ធំក្នុងការសាងសង់ផ្ទះស្នាក់នៅ ការចូលរួមចំណែកជួយដោះស្រាយ ការលំបាកបងប្អូនអតីតយុទ្ធជននិង បងប្អូនប្រជាពលរដ្ឋ ក៏ដោយ ក៏នាយទាហាន នាយទាហានរង និង ពលទាហាន នៅក្នុងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបន្តចូលរួមអនុវត្តភារកិច្ចថ្មីបន្ថែមមួយទៀត គឺចូលរួមបំពេញភារកិច្ចជាប្រវត្តិសាស្រ្តក្នុងយុទ្ធនាការចាក់វ៉ាកសាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ ប្រជាពលរដ្ឋក្នុង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ក្នុងយុទ្ធនាការចាក់វ៉ាកសាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ ស្រុកប្រាសាទបាគង ខេត្តសៀមរាបនេះ គឺអនុវត្តតាមបទបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង ការណែនាំចង្អុលបង្ហាញរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង អនុវត្តតាមបទបញ្ជារបស់ យោធភូមិភាគទី៤ ដើម្បីចូលរួមកាត់ផ្តាច់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩  និងការពារសុខភាពប្រជាពលរដ្ឋ អោយបានល្អ ជៀសផុតពីជំងឺឆ្លងដ៏កាចសាហាវនេះ ។

សូមបញ្ជាក់ថា៖ បន្ទាប់ពីទទួលបានបទបញ្ជារបស់យោធភូមិភាគទី ៤ ក្រុមការងារចាក់វ៉ាក់សាំង តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកយុទ្ឋនាការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាជន នៅឃុំត្រពាំងធំ  និងឃុំមានជ័យ ស្រុកប្រាសាទបាគង  ខេត្តសៀមរាប  ដែលបានប្រព្រឹត្តទៅ នៅកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។ ក្រុមការងារចាក់វ៉ាក់សាំង តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំដោយ ឧត្ដមសេនីយ៍ទោ សោម  ស៊ុន  មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរៀបចំទីតាំងចាក់វ៉ាក់សាំង នៅក្នុងបរិវេណ សាលាបឋមសិក្សា និង វិទ្យាល័យ តាអី ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើម្បីចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ មានចំនួនប្រម៉ាណ ជាង ១ម៉ឺន នាក់ ។

លោកអនុសេនីយ៍ឯក យា ប៊ុនលៀង នាយរងផ្នែកសុខាភិបាល តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាក់អោយដឹងថា៖ដោយអនុវត្តអោយបាន តាមអនុសាសន៍របស់ លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ដែលតែងតែបានក្រើនរំលឹកថា៖ កុំអោយវ៉ាក់សាំងវាស្ថិតក្នុងឃ្លាំង យើងប្រញាប់ប្រញាល់យកវ៉ាក់សាំងនឹងចុះទៅដើម្បីបញ្ជ្រៀបចូលក្នុងរាងកាយរបស់មនុស្សយើងទាំងអស់  ដើម្បីការពារសុខភាពបងប្អូនប្រជាពលរដ្ឋ អោយបានជៀសផុតពីការឆ្លងរាលដាលជំងឺកូវីដ-១៩  ក្រុមការងារចាក់វ៉ាក់សាំង តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានខិតខំបំពេញការបំរើជូនប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់ ក្នុងនោះក្រុមការងារចាក់វ៉ាក់សាំង ក៏បានធ្វើការសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចមូលដ្ឋាន មានប៉ូលីស កងរាជអាវុធហត្ថ និងប្រជាការពារ ក្នុងការរៀបចំសន្តិសុខ សណ្តាប់ធា្នប់ ព្រមទាំងបានផ្សព្វផ្សាយអំពីវិធានការ ការពារនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ៣ការពារ និង ៣កុំ ក៏ដូចជាការផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋអោយមកទទួលវ៉ាក់សាំង  ដែលការចាក់វ៉ាក់សាំងនេះបានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និង បង្ការជំងឺកូវីដ-១៩ ព្រមទាំងការពារខ្លួនយើង គ្រួសារយើង និង សង្គមជាតិយើង អោយបានរួចចាកផុតពីជំងឺកូវីដ-១៩ នេះ។

លោកអនុសេនីយ៍ឯក បានអោយដឹងទៀតថា៖ ក្នុងរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃបើកយុទ្ធនាការ នៅថ្ងៃទី ១ ចាក់បាន ៦០២ នាក់ ថ្ងៃទី ២ ចាក់បាន ៩៦២ នាក់ ថ្ងៃទី ៣ ចាក់បាន ១២៦០ និង ថ្ងៃទី៤ ចាក់វ៉ាក់សាំង បានចំនួន ជាង ១២០០នាក់ ។ដើម្បីអោយដំណើរការចាក់វ៉ាក់សាំងនៅក្នុងស្រុកប្រាសាទបាគងនេះទទួលបានលទ្ធផលល្អបន្ថែមទៀតនោះ លោកអនុសេនីយ៍ឯក យា ប៊ុនលៀង បានអះអាងថា៖ ក្រោយពីបានបញ្ចប់ភារកិច្ចប្រចាំថ្ងៃ ក្រុមការងារចាក់វ៉ាក់សាំង តំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយអាជ្ញាធរដែនដី តែងតែបានប្រជុំត្រួតពិនិត្យ វាយតម្លៃការងារ ស្វែងរកចំណុចខ្លាំង ចំណុចខ្សោយ និងផ្តល់បទពិសោធន៍ លើកទឹកចិត្ត ដល់ក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ ដែលបានកំពុងតែធ្វើសកម្មភាព ចាក់វ៉ាក់សាំងបង្ការជូន បងប្អូនប្រជាពលរដ្ឋ នៅ ស្រុកប្រាសាទបាគង។

ប្រជាពលរដ្ឋដែលបានមក ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា និង លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ក៏ដូចជាគ្រូពេទ្យ កងទ័ព ដែលជាយុទ្ធជន
អាវ ស  ដែលបាន ជួយសង្រ្គោះអាយុជីវិតរបស់ពួកគាត់សារជាថ្មី  ឲ្យបានជៀសផុតពីការឆ្លងជំងឺកូវីដ-១៩ ៕






 

No comments:

Post a Comment