Friday, July 23, 2021

អាជ្ញាធរខេត្តកោះកុង ដឹកនាំកិច្ចប្រជុំពិនិត្យសំណើរបស់ប្រជាពលរដ្ឋ ស្នើសុំចុះបញ្ជី និងធ្វើប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ

កោះកុង៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត និងអនុប្រធានក្រុមការងារចុះអនុវត្ត គ្រប់គ្រង ត្រួតពិនិត្យការចុះបញ្ជី និងចេញប័ណ្ណកម្មសិទ្ធិដីធ្លី នៃរដ្ឋបាលខេត្ត តំណាងលោកស្រីអភិបាលខេត្ត បានដឹកនាំក្រុមការងារចម្រុះថ្នាក់ខេត្ត អាជ្ញាធរស្រុកមណ្ឌលសីមា និងអ្នកពាក់ព័ន្ធ ប្រជុំ និងចុះពិនិត្យទីតាំងដី ប្រជាពលរដ្ឋ ចំនួន ៥គ្រួសារ ស្នើសុំចុះបញ្ជី និងធ្វើប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ។

ប្រជាពលរដ្ឋដែលបានស្នើសុំចុះបញ្ជី និងធ្វើប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ មានឈ្មោះដូចខាងក្រោម ៖
១-សំណើរបស់ឈ្មោះ សំ ស៊ី ស្នើសុំចុះបញ្ជីដី និងធ្វើប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ផ្ទៃដីទំហំ ២០ហិកតា ស្ថិតនៅភូមិតាចាត ឃុំទួលគគីរ
២-សំណើរបស់ឈ្មោះ ផាន់ កណ្ណារី ស្នើសុំចុះបញ្ជីដី និងធ្វើប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ផ្ទៃដីទំហំ ១២១.១២ហិកតា ស្ថិតនៅភូមិតាចាត ឃុំទួលគគីរ
៣-សំណើរបស់ឈ្មោះ ងយ លក្ខិណា ស្នើសុំចុះបញ្ជីដី និងធ្វើប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ផ្ទៃដីទំហំ ៣៩ ៥៧៣ម៉ែត្រក្រឡា ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង
៤-សំណើរបស់ឈ្មោះ អ៊ុក សឿន ស្នើសុំចុះបញ្ជីដី និងធ្វើប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ផ្ទៃដីទំហំ ៨០ ៨៥៤ម៉ែត្រក្រឡា ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង
៥-សំណើរបស់ឈ្មោះ យូ សុខា និងឈ្មោះ កែវ ម៉ាល័យ ស្នើសុំចុះបញ្ជីដី និងធ្វើប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ផ្ទៃដីប្រមាណ ៣០០ហិកតា ស្ថិតនៅចំណុច ២៩៧ ក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

សូមជម្រាបផងដែរថា ជាលទ្ធផលក្រុមការងារបានឯកភាព ទៅលើ
១-ករណីសំណើឈ្មោះ សំ ស៊ី និងឈ្មោះ ផាន់ កណ្ណារី មន្ទីរបរិស្ថានខេត្ត សហការជាមួយអាជ្ញាធរមណ្ឌលសីមា និងអ្នកពាក់ព័ន្ធ កំណត់កាលបរិច្ឆេទចុះពិនិត្យជាក់ស្តែង ដើម្បីកំណត់យកនិយាមកា ធ្វើផលធៀបមុននិងក្រោយការកាត់ឆ្វៀលដោយអនុក្រឹត្យលេខ ៣០អនក្រ.បក រួចធ្វើរបាយការណ៍បញ្ជូនទិន្នន័យមករដ្ឋបាលខេត្តដើម្បីបន្តនីតិវិធី។

២-ករណីសំណើឈ្មោះ ងយ លក្ខិណា និងឈ្មោះ អ៊ុក សឿន សាមីកម្មសិទ្ធិករ ត្រូវសហការជាមួយជំនាញការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក ជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ដោយមានការសម្របសម្រួលពីអាជ្ញាធរមណ្ឌលសីមា ដើម្បីកំណត់យកនិយាមកា ធ្វើផលធៀបមុននិងក្រោយការកាត់ឆ្វៀលដោយអនុក្រឹត្យលេខ ៤៦អនក្រ.បក រួចធ្វើរបាយការណ៍បញ្ជូនទិន្នន័យមករដ្ឋបាលខេត្តដើម្បីបន្តនីតិវិធី។
៣-ករណីសំណើឈ្មោះ យូ សុខា និងឈ្មោះ កែវ ម៉ាល័យ រដ្ឋបាលស្រុក និងឃុំប៉ាក់ខ្លង ត្រូវធ្វើការស្រាវជ្រាវសាវតាដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងអ្នកទទួលផល ឲ្យបានច្បាស់លាស់ រួចធ្វើរបាយការណ៍បញ្ជូនទិន្នន័យមករដ្ឋបាលខេត្តដើម្បីបន្តនីតិវិធី។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានស្នើឲ្យមន្ទីរជំនាញអាជ្ញាធរស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ អនុវត្តឲ្យមានប្រសិទ្ធភាព និងឈរលើស្មារតីទទួលខុសត្រូវ៕




 

No comments:

Post a Comment