Tuesday, July 27, 2021

លោកស្រី ឱ វណ្ណឌីន បន្ដនាំយកថវិការបស់លោកនាយករដ្ឋមន្រ្ដី ប្រគល់ជូនលោកតា លោកយាយអាយុជាង១០០ឆ្នាំ ចំនួន៦នាក់បន្ថែមទៀត ដែលបានស្ម័គ្រចិត្ដចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩

 លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានបន្ដនាំយកថវិការបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋកមន្ដ្រីកម្ពុជា ទៅប្រគល់ជូនលោកតា លោកយាយ អាយុជាង១០០ឆ្នាំ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន៦នាក់បន្ថែមទៀត ដែលក្នុងម្នាក់ទទួលបានថវិកាចំនួន៣លានរៀល និងសម្ភារជាគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត។

លោកតា លោកយាយ ចំនួន៦នាក់ ដែលទទួលបានថវិកាលើកទឹកចិត្ដ ម្នាក់ចំនួន៣លានរៀលពី សម្ដេចតេជោ នៅព្រឹកនេះរួមមាន៖
១៖ លោកយាយ តឹក ឆែ រស់នៅភូមិត្រពាំងពោន ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម
២៖ លោក យាយ ផេង យ៉ាន់ ភូមិត្រើយអូ ឃុំសូសែន ស្រុកព្រៃឈរ ខេត្តកំពង់ចាម
៣៖ លោកយាយ ប៊ុនសឿន ភូមិ ច្រេះ ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម
៤៖ លោក តា ឯក ប៊ុន ភូមិពោធ៍ ឃុំពោធ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
៥៖ លោកយាយ ឡាយ អុន ស្រុកព្រៃឈរ ខេត្តកំពង់ចាម
៦៖ លោកយាយ ញ៊ែម អ៊ាង ភូមិតាមាឃចាស់ ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ

បើតាមការបញ្ជាក់របស់លោកស្រី ឱ វណ្ណឌីន បានឱ្យដឹងថា លោកតា លោកតាយាយ ដែលស្ម័គ្រចិត្ដចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ សម្រាប់វគ្គនេះ គឺមានចំនួន១៣នាក់ ដោយកាលពីម្សិលមិញលោកស្រី បានអញ្ជើញនាំយកថវិកាជូនលោកតា លោកយាយ ចំនួន៣នាក់រួចមកហើយ សម្រាប់ថ្ងៃនេះចំនួន៦នាក់បន្ថែមទៀត ដោយនៅសល់ លោកស្រីនឹងប្រគល់ជូនពួកគាត់ជាបន្ដបន្ទាប់រហូតគ្រប់ចំនួន។

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៦,៨៣៩,១០៩នាក់។ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ បានចំនួន៦៨.៣៩% ៕




No comments:

Post a Comment