Thursday, June 17, 2021

លោក ទៀ បាញ់ អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ាន-បូក លើកទី៨ ឆ្នាំ២០២១ នៅប្រទេសប្រ៊ុយណេដារូសាឡាំ

 ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំប្រតិភូយោធាជាន់ខ្ពស់ ក្រសួងការពារជាតិ អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ាន-បូក លើកទី៨ អេ ឌី អិម អិម ផ្លឹស (ADMM-Plus ) តាមរយៈប្រព័ន្ធវីដេអូអនឡាញ ដែលកិច្ចប្រជុំនេះ ប្រទេសប្រ៊ុយណេដារូសាឡាំ ធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំនោះមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងការពារជាតិ អាស៊ានទាំង ១០ប្រទេស និងរដ្ឋមន្ត្រីការពារជាតិប្រទេសបូកចំនួន៨ ទៀត រួមមាន៖ ប្រទេសអូស្ត្រាលី ចិន ជប៉ុន សាធារណរដ្ឋ កូរ៉េ ឥណ្ឌា រុស្ស៊ី សហរដ្ឋអាមេរិក និងញូហ្សេឡែន។

ថ្លែងបើកកិច្ចប្រជុំ នាឱកាសនោះ លោក Pehin_Datu Lailaraja Major General (Retired) Dato Paduka Seri Haji Awang Halbi Bin Haji MD Yussof រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រ៊ុយណេដារូសាឡាំ បានសំដែងនូវការកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះការអោយតំលៃទៅលើកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បូក អេ ឌី អិម អិម ផ្លឹស (ADMM-Plus ) ដែលបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ទោះបីជាមានការប្រឈមថ្មីៗនៅក្នុងតំបន់ក៏ដោយ។

លោកបន្តថា កាលពីឆ្នាំមុនយើងបានប្រារព្ធពិធីរំលឹកខួប ១០ឆ្នាំ ដែលជាចំណុចរបត់មួយដ៏សំខាន់ក្នុងទំនាក់ទំនងរវាងអាស៊ានជាមួយប្រទេសជាដៃគូរ។ ទោះបីជាមានបទពិសោធមិនសូវល្អ នៅក្នុងឆ្នាំកន្លងមក ប៉ុន្តែយើងបានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីកសាងកិច្ចសហប្រតិបត្តិបន្តទៅទៀត និងបង្កើតជាឱកាសផ្សេងៗ ដើម្បីបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្តទៅទៀត។ ហើយនៅទស្សវត្សខាងមុខកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បូក នឹងក្លាយជាកិច្ចប្រជុំ ដែលអាចដោះស្រាយបញ្ហាផ្សេងៗដើម្បីជំរុញដំណើរទៅមុខទៀត កិច្ចសហប្រតិបត្តិការជាក់ស្តែង ដែលយើងបានកសាងនៅក្នុងការងារជំនាញទាំង៧។

នៅក្នុងការផ្លាស់ប្តូរទស្សនៈ ស្ដីពីបរិយាកាស សន្តិសុខតំបន់ និងអន្តរជាតិ កិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ាន-បូក លើកទី៨ លោក ទៀ បាញ់ បានថ្លែងថា៖ កិច្ចប្រជុំនៅថ្ងៃនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់យើងទាំងអស់គ្នា ក្នុងការធានាឱ្យតំបន់របស់យើងមានសាមគ្គីភាព និងវិបុលភាព ដូចមានចែងក្នុងមូលបទរបស់យើងគឺ “យើងយកចិត្តទុកដាក់ យើងប្រុងប្រៀប យើងរីកចម្រើន”។ លោក ទៀ បាញ់ ក៏បានចែករំលែកនូវបញ្ហាប្រឈមផ្នែកសន្តិសុខសំខាន់ៗ ក្នុងតំបន់មួយចំនួន ដែលក្នុងនោះ លោកបានចាត់ទុកជំងឺកូវីដ-១៩ គឺជាបញ្ហាប្រឈមដ៏សំខាន់មួយក្នុងចំណោមបញ្ហាប្រឈមនានានៅលើពិភពលោក។ លោកបានបញ្ជាក់ទៀតថា៖ ទោះបីយើងទទួលជោគជ័យក្នុងការបង្កើតវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ក៏ដោយ យើងនៅតែមានការព្រួយបារម្ភចំពោះមេរោគ បំលែងថ្មីៗដែលកំពុងរាលដាលទូទាំងពិភពលោក និងប្រសិទ្ធភាពនៃវ៉ាក់សាំង ប្រឆាំងនឹងវីរុសថ្មីទាំងនេះ។ នៅក្នុងបរិបទនេះ ទាមទារអោយមានការខិតខំ ប្រឹងប្រែង និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតដ៏សាហាវនេះ។

លោក ទៀ បាញ់ បានបញ្ជាក់ទៀតថា៖ ក្នុងកាលៈទេសៈដ៏លំបាកនេះ កងកម្លាំងប្រដាប់អាវុធ ដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហា។ វាមានសារៈសំខាន់ណាស់ សម្រាប់កងកម្លាំងយោធាអាស៊ានធ្វើការរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ដោយសារវាជាបញ្ហាប្រឈមសន្តិសុខឆ្លងព្រំដែន ដែលទាមទារឱ្យមានការ ឆ្លើយតបរួមគ្នា។

រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថាសម្រាប់ប្រទេសកម្ពុជា កងយោធពលខេមរភូមិន្ទ បានបំពេញការងារយ៉ាងធំធេង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូរី-១៩ ទទួលបានជោគជ័យយ៉ាងខ្លាំង។ ក្រសួងការពារជាតិកម្ពុជា បានបង្កើតគណៈកម្មាធិការមួយ ដែលជាផ្នែកមួយ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីផ្តល់វ៉ាក់សាំង មិនត្រឹមតែសម្រាប់កងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជូនដល់សាធារណជន កម្មករ ជាពិសេសនៅ “តំបន់ក្រហម” ដែលជា តំបន់មានបញ្ហាប្រឈមធ្ងន់ធ្ងរ។ មកដល់ពេលនេះ ក្រសួងការពារជាតិបានចាក់វ៉ាក់សាំងជូនប្រជាជនបានជាង១លាននាក់ ទូទាំងប្រទេស។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងអំណរគុណដល់ប្រទេសចិន អូស្ត្រាលី និងសហរដ្ឋអាមេរិក ដែលបានផ្តល់វ៉ាក់សាំង ដើម្បីជួយសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា។ នៅក្នុងការផ្លាស់ប្តូរទស្សនៈ ស្ដីពីបរិយាកាស សន្តិសុខតំបន់ និងអន្តរជាតិ ក្នុងកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ាន-បូក នាឱកាសនោះ លោក ទៀ បាញ់ អញ្ជើញចូលរួមចែករំលែកនូវបញ្ហាប្រឈមផ្នែកសន្តិសុខសំខាន់ៗទៀតដូចជា៖ បញ្ហាសន្តិសុខលម្ហសមុទ្រ អំពើភេរវកម្ម និងបានលើកឡើងអំពីការឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្នែកសន្តិសុខតំបន់ និងអន្តរជាតិ តាមរយៈការបង្កើតវេទិកា ពិភាក្សា និងយន្តការកិច្ចសហប្រតិបត្តិការជាច្រើន។

ក្នុងឱកាសនោះដែរ លោក ទៀ បាញ់ ក៏បានចូលរួមអនុម័តសេចក្ដីប្រកាស បេដាសេរីបេហ្គាវ៉ាន់ ដោយរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ក្នុងការប្រារព្ធខួបលើកទី១៥ របស់រដ្ឋមន្ដ្រីការពារជាតិអាស៊ាន ឆ្ពោះទៅកាន់ការត្រៀមជាស្រេច សំរាប់អនាគត សន្តិភាព និងវិបុលភាព អាស៊ាន ៕




No comments:

Post a Comment