Thursday, June 17, 2021

អភិបាលខេត្តកំពង់ចាម ប្រាប់ឱ្យអភិបាលស្រុកចំការលើ ទើបប្រកាសចូលកាន់ដំណែង ខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ

កំពង់ចាម៖ ក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាលស្រុកចំការលើ នៅព្រឹកថ្ងៃទី១៦ ខែមិថុនាឆ្នាំ ២០២១នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ណែនាំឱ្យលោកអភិបាលស្រុកថ្មីត្រូវខិតខំធ្វើការបំរើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។

បន្ទាប់ពីការឡើងប្ដេជ្ញាចិត្ត របស់លោក សំ ពិសិដ្ឋ អភិបាលស្រុកចំការលើថ្មី លោកអភិបាលខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើ សូមឱ្យលោកអភិបាលស្រុក ទើបចូលកាន់តំណែង ខិតខំបន្ត រក្សាឱ្យបាននូវសុខសន្តិភាព និងស្ថេរភាពនយោបាយ ដែលជាគោលការណ៍គ្រឹះ ក្នុងការអភិវឌ្ឍ នឹងត្រូវគ្រប់គ្រងឱ្យបានគ្រប់ជ្រុងជ្រោយ នូវសភាពការណ៍ ប្រសិនបើពិនិត្យឃើញមានសភាពការណ៍អ្វីកើតឡើងត្រូវដាក់ចេញជាវិធានការដោះស្រាយឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព។

លោកអភិបាលខេត្ត បានថ្លែងបន្តថា អាជ្ញាធរស្រុកត្រូវខិតខំពន្យល់ប្រជាពលរដ្ឋ ទាក់ទងទៅនឹងព័ត៌មានមិនពិត ដែលធ្វើឱ្យប្រជាពលរដ្ឋយល់ច្រឡំមកលើអាជ្ញាធរ និងរដ្ឋាភិបាល។ ត្រូវខិតខំដោះស្រាយនូវបញ្ហា រាល់ការតវ៉ានានាក្នុងមូលដ្ឋានដោយសន្តិវិធី បញ្ចៀសនូវអំពើហិង្សា ហើយធ្វើឱ្យមានការចោទប្រកាន់មកលើអាជ្ញាធរ និងសមត្ថកិច្ច។

ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។

សូមបញ្ជាក់ថា លោក សំ ពិសិដ្ឋ ជាអតីតនាយករងរដ្ឋបាលខេត្តកំពង់ចាម ត្រូវបានប្រកាសតែងតាំង ជាអភិបាលនៃគណៈអភិបាលស្រុកចំការលើ ដោយអតីតអភិបាលស្រុកចំការលើ លោក ខ្លូត ចិន្តា ផ្លាស់ទៅកាន់តំណែងថ្មី៕





No comments:

Post a Comment