Monday, June 28, 2021

លោក ហ៊ុន ម៉ានិត វាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្តបន្ទាយមានជ័យ ក្នុងការគ្រប់គ្រងពលករ និងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍

បន្ទាយមានជ័យ÷ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានជួបពិភាក្សាការងារជាមួយលោក ហ៊ុន ម៉ានិត អគ្គនាយកស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក នៅបរិវេណច្រកទ្វារអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។


ក្នុងឱកាសនោះ លោក ហ៊ុន ម៉ានិត និងប្រតិភូអនុគណៈកម្មាការ ក៏បានអញ្ជើញពិនិត្យមើលទីតាំងនៃការគ្រប់គ្រង ការពិនិត្យ យកសំណាកបងប្អូនពលករ ដែលក្រុមការងារចម្រុះខេត្ត បាននឹងកំពុងបំពេញបេសកកម្មការងារ ដើម្បីប្រយុទ្ធទប់ស្កាត់នឹងជំងឺកូវីដ១៩។


ក្រោយអញ្ជើញពិនិត្យមើល លោកបានបន្តកិច្ចប្រជុំពិភាក្សាការងារជាមួយអាជ្ញាធរខេត្ត កងកម្លាំងប្រដាប់អាវុធជាគណៈកម្មាការខេត្តប្រយុទ្ធនឹងជំងឺកូវីដ១៩ ក្នុងគោលបំណងពិនិត្យលើស្ថានភាពជាក់ស្តែង នៃការគ្រប់គ្រងពលករដែលធ្វើចំណាកស្រុកពីប្រទេសថៃចូលមកប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ និងតម្រូវការចាំបាច់បន្ថែម សំដៅធ្វើយ៉ាងណាទប់ស្កាត់ឲ្យខាងតែបាននូវការចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។


ស្របគ្នានោះ លោក អ៊ុ រាត្រី បានជម្រាបជូនលោក ហ៊ុន ម៉ានិត និងប្រតិភូអនុកម្មាការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក ពីដំណើរការរួមនៃការអនុវត្តការងាររបស់ខេត្តកន្លងមក កិច្ចការងារចំពោះមុខ និងបញ្ហាប្រឈមមួយចំនួន។


ក្រោយពីបានស្ដាប់របាយការណ៍របស់ លោកអភិបាលខេត្តរួច លោក ហ៊ុន ម៉ានិត ក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់លោកអភិបាលខេត្ត និងអ្នកពាក់ព័ន្ធក្នុងរដ្ឋបាលខេត្តបន្ទាយមានជ័យ ក្នុងការរៀបចំគ្រប់គ្រងពលករ និងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ បន្ទាប់មក លោក ហ៊ុន ម៉ានិត ក៏បានលើកជាអនុសាសន៍មួយចំនួនជូនរដ្ឋបាលខេត្ត ដើម្បីយកមករៀបចំជាគោលការណ៍អនុវត្តចំពោះមុខ។ ក្នុងនោះផ្តោតសំខាន់លើវិធានការត្រៀមទទួលពលករខ្មែរដែលបានចូលមកកាន់តែច្រើនឡើង ជាពិសេសក្នុងការអនុវត្តគោលការណ៍ថ្មីដែលតម្រូវឲ្យធ្វើតេស្តរហ័សលើគ្រប់ពលករដែលបានឆ្លងដែនចូលមក និងការធ្វើចត្តាឡីស័កនៅនឹងកន្លែង។ 


ជាមួយគ្នានោះ លោក ហ៊ុន ម៉ានិត ក៏បានស្នើឲ្យរដ្ឋបាលខេត្ត រៀបចំផែនការសកម្មភាព និងរៀបចំទីតាំងមណ្ឌលចត្តាឡីស័ក ក៏ដូចជាលើកសំណើពាក់ព័ន្ធនឹងតម្រូវការសម្ភារ បរិក្ខារបច្ចេកទេសដាក់ជូនគណៈកម្មការ និងអនុគណៈកម្មការថ្នាក់ជាតិ ដើម្បីជាយន្តការគាំទ្រដល់រដ្ឋបាលខេត្ត៕






No comments:

Post a Comment