Monday, May 17, 2021

សម្តេចតេជោ ហ៊ុន សែន សម្រេចបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសិក្សា រៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា។ ក្រុមការងារអន្តរក្រសួង ដើម្បីសិក្សា រៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា មានសមាសភាព១២រូប ដែលមាន លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃជាប្រធាន និងមានអនុប្រធាន និងសមាជិក ១១រូបផ្សេងទៀត។ ក្រុមការងារអន្តរក្រសួងនេះ មានភារកិច្ចដូចខាងក្រោម៖

  * សិក្សាស្រាវជ្រាវ ផ្តួចផ្តើមក្នុងការបង្កើតលិខិតបទដ្ឋានគតិយុត្តសម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា * សិក្សាស្រាវជ្រាវច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ដើម្បីជាធាតុចូលសម្រាប់រៀបចំការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា * សិក្សាអំពីសិទ្ធិ និងកាតព្វកិច្ចរបស់ឧកញ៉ាក្នុងការចូលរួមកិច្ចការសង្គម ធ្វើការពិគ្រោះយោបល់ជាមួយបណ្តាក្រសួង ស្ថាប័ន អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជនពាក់ព័ន្ធ ដើម្បីប្រមូលព័ត៌មានបម្រើឱ្យការរៀបចំ * រៀបចំបែបបទ និងនីតិវិធីនៃការគ្រប់គ្រងឧកញ៉ា ការស្នើសុំផ្តល់គោរមងារឧកញ៉ា អ្នកឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា * ធ្វើរបាយការណ៍អំពីវឌ្ឍនភាពនៃការងារជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ សម្រេច និងផ្តល់យោបល់ដឹកនាំ * រៀបចំឯកសារពាក់ព័ន្ធជូនរាជរដ្ឋាភិបាលដើម្បីពិនិត្យ សម្រេច * បំពេញភារកិច្ចផ្សេងៗទៀតតាមការចាំបាច់។ អនុប្រធាន និងសមាជិកក្រុមការងារអន្តរក្រសួងនេះ ត្រូវចូលរួមប្រជុំតាមការកោះអញ្ជើញ និងទទួលភារកិច្ចតាមការចាត់ចែង របស់ប្រធានក្រុមការងារ។ ក្រុមការងារនេះ មានសិទ្ធិ ប្រើប្រាស់មន្ត្រីក្រោមឱវាទរបស់ខ្លួន ដើម្បីជួយការងារតាមតម្រូវការចាំបាច់ និងអាចប្រើប្រាស់ត្រារបស់ក្រសួងមហាផ្ទៃ ដើម្បីចាត់ចែងការងាររបស់ខ្លួន៕

No comments:

Post a Comment