Monday, May 17, 2021

ពិធីប្រគល់-ទទួល អង្គរចំនួន ៦តោន និង១២៥គីឡូក្រាម ព្រមទាំងថវិកា ២ម៉ឺនដុល្លារសហរដ្ឋអាមេរិក ពីសប្បុរសជន និងប្រគល់ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

 ស្វាយរៀង៖ នៅថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ២០២១ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានអញ្ជើញទទួលអង្គរចំនួន ៦តោន និង ១២៥គីឡូក្រាម និងថវិកាចំនួន ២ម៉ឺនដុល្លារសហរដ្ឋអាមេរិក ពីសប្បុរសជន និងប្រគល់ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង។

សូមបញ្ជាក់ថា អំណោយក្នុងថ្ងៃនេះ រួមមាន របស់នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានអង្គរក្ស ជូន លោកស្រីកិត្តិសង្គហបណ្ឌិត តាមរយៈ លោកឧកញ៉ា លី យ៉ូគៀត រួមមាន ៖ អង្ករ ៦,១២៥គ.ក្រ និងថវិការបស់សប្បុរសជនចំនួន ២០,០០០ ដុល្លារ ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ក្នុងឱកាសអបអរខួបទី១៥៨ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ» ដែលទទួលដោយលោកស្រី ដួង វណ្ណា ប្រធានកិត្តិយស សាខា និងលោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ។

នៅក្នុងពិធីប្រគល់នេះលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសប្បុរសជនទាំងក្នុង និងក្រៅខេត្ត ដែលបានចូលរួមជាថវិកា និងសម្ភារៈដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត នាថ្ងៃនេះប្រកបដោយទឹកចិត្តមនុស្សធម៌។ ហើយសាខានឹងបន្តយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗឲ្យបានទាន់ពេលវេលា។

លោកស្រី បានបន្តទៀតថា ទោះបីឆ្នាំនេះសាខាមិនបានរៀបចំពិធីដើម្បីអបអរខួបទី ១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ដូចធ្លាប់បានធ្វើ ជារៀងរាល់ឆ្នាំក្តី សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នៅតែបន្តកៀងគរមូលនិធិ និងស្វាគមន៍ចំពោះ ការចូលរួមវិភាគទានថវិកា សម្ភារៈ ពីសំណាក់លោក លោកស្រី ជាសប្បុរសជន នៅរាជធានីភ្នំពេញ តាមរយៈលោកស្រីផ្ទាល់ ព្រមទាំងលោកស្រី ដួង វណ្ណា ក្នុងនាមប្រធាន កិត្តិយសសាខា និងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្នាក់ខេត្ត លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា។

ហើយការចូលរួមឧបត្ថម្ភគាំទ្រថវិកា និងសម្ភារ ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង កន្លងមកក៏ដូចជាពេលនេះពិតជាមានសារៈសំខាន់ ដើម្បីឆ្លើយតបសេចក្តីត្រូវការចំពោះជនរងគ្រោះ និងងាយរងគ្រោះមហន្តរាយនៅក្នុងខេត្តបានទាន់ពេលវេលាផងដែរ៕








No comments:

Post a Comment