Tuesday, April 20, 2021

ពិធីប្រគល់-ទទួល ឧបករណ៍វិភាគមេរោគកូវីដ-១៩ តាមប្រព័ន្ធកម្មវិធី Zoom ក្រោមអធិបតីភាព លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក វ៉ាង វិធាន (Wang Wentian)

 នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ពិធីប្រគល់-ទទួល ឧបករណ៍វិភាគមេរោគកូវីដ-១៩ តាមប្រព័ន្ធកម្មវិធី Zoom ក្រោមអធិបតីភាព លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក វ៉ាង វិធាន (Wang Wentian) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពី លោក លោកស្រី រដ្ឋលេខាធិការ អគ្គនាយក ទីប្រឹក្សា នៃក្រសួងសុខាភិបាល លោក ជាង វៃ (Jiang Wei) ប្រធានក្រុមការងារបណ្តោះអាសន្ន នៃការិយាល័យកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្រីប្រធានមន្ទីរសុខាភិបាលខេត្ត លោកប្រធានមន្ទីរពេទ្យបង្អែកខេត្ត និងក្រុមការងារបច្ចេកទេសនៃខេត្តយូណាន ព្រមទាំងតំណាងក្រសួងបរិស្ថានផងដែរ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា រដ្ឋបាលខេត្តព្រះសីហនុទទួលឧបករណ៍សម្ភារៈវេជ្ជសាស្ត្របំពាក់ឱ្យមន្ទីរពិសោធន៍ខេត្តព្រះសីហនុដែលជាជំនួយឥតសំណងដល់ថ្លៃថ្លារបស់ខេត្តយូណាននៃសាធារណរដ្ឋប្រជាមានិតចិនដោយមានការសម្របសម្រួលរបស់ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជាតាមរយៈក្រសួងសុខាភិបាលដល់ជូនរដ្ឋបាលខេត្តព្រះសីហនុនូវជំនួយឧបករណ៍សម្រាប់វិភាគរកមេរោគកូវីដ-១៩ ដែលទទួលបានពេលនេះសមស្របទៅនឹងស្ថានភាពដែលកម្ពុជាស្ថិតក្នុងស្ថានភាពមាត់ជ្រោះនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ។

លោក គួច ចំរើន បានបន្តថាជំនួសមុខឱ្យក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តព្រះសីហនុ សូមសំដែងការដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ពិសេសថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក និងប្រជាជនខេត្តយូនណាន ដែលបានផ្ដល់នូវជំនួយមនុស្សធម៌ ជាឧបករណ៍សម្ភារៈ និងបរិក្ខាវេជ្ជសាស្រ្តជូនដល់មន្ទីរពិសោធន៍ខេត្តព្រះសីហនុ ដែលមានសមត្ថភាពវិភាគរកមេរោគកូវីត-១៩ នឹងមេរោគដ៏កាចសាហាវផ្សេងៗទៀតដែលរដ្ឋបាលខេត្តព្រះសីហនុ កំពុងត្រូវការចាំបាច់នាពេលនេះ និងទៅអនាគត និងផ្តល់ភាពងាយស្រួលកាត់បន្ថយការដឹកជញ្ជូនសំណាក់យកទៅវិភាគនៅវិទ្យាស្ថានប៉ាស្ទ័ររាជធានីភ្នំពេញ ។ មន្ទីរពិសោធន៍ខេត្តព្រះសីហនុត្រូវបានដំណើរការសាងសង់កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ បន្ទាប់ពីលោក ម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុបានចុះពិនិត្យទីតាំងក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនាពេលកន្លងមក ។
លោកបានបន្ថែមទៀតថា មន្ទីរពិសោធន៍វេជ្ជសាស្ត្រនេះ មានទំហំ ១៥.៨ម៉ែត្រ x ២៩ម៉ែត្រ មានផ្ទៃក្រឡាសរុប ៤៥៨.២ម៉ែត្រក្រឡា មន្ទីរពិសោធន៍វេជ្ជសាស្ត្រនេះសាងសង់គោរពតាមស្តង់ដារក្រសួងសុខាភិបាល ដោយមានការត្រួតពិនិត្យបច្ចេកទេសពីមន្ត្រីជំនាញក្រសួងសុខាភិបាល នឹងសាងសង់រួចរាល់ជាស្ថាពរកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ដែលចំណាយថវិកាចំនួន ២៧ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជាអំណោយដ៏ថ្លៃថ្លារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជូនដល់រដ្ឋបាលខេត្តសម្រាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈ បម្រើឱ្យវិស័យសុខាភិបាលក្នុងខេត្តព្រះសីហនុ ៕







No comments:

Post a Comment