Tuesday, April 20, 2021

អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យស្ថានភាពភូមិសាស្ត្រ នៅខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងទឹកដីក្រុងប៉ោយប៉ែត

 បន្ទាយមានជ័យ៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តនិង លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យស្ថានភាពភូមិសាស្ត្រ នៅខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងទឹកដីក្រុងប៉ោយប៉ែត ដោយមានការចូលរួមពីមេបញ្ជាការ-មេបញ្ជាការរងអាវុធហត្ថខេត្ត កងពលថ្មើជើងលេខ៥១ យោធាខេត្ត ស្នងការរងនគរបាលខេត្ត អាជ្ញាធរក្រុងប៉ោយប៉ែត និងកម្លាំងវរព្រំដែនឈរជើងនៅទីតាំងនោះ វរការពារព្រំដែនគោក ៨៩១ និង៩១១។

ក្នុងឱកាសនោះ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត បានដាក់បទបញ្ជាបន្ថែមដល់កម្លាំងចម្រុះមាននគរបាលការពារព្រំដែន អាវុធហត្ថ យោធា ទាំងអស់ត្រូវពង្រឹងការទប់ស្កាត់ការឆ្លងដែនខុសច្បាប់ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ ឲ្យបានតឹងរ៉ឹង ធានាការពារការរីករាលដាលនៃជំងឺកូវីដ១៩។

លោកអភិបាលខេត្ត ក៏បានណែនាំដល់កងកម្លាំងទាំងអស់ត្រូវ បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតក្នុងការការពារ និងទប់ស្កាត់ឲ្យខានតែបាននូវមេរោគរាតត្បាត នៃជំងឺកូវីដ-១៩នេះ ហើយចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ ក៏ដូចជាក្រសួងសុខាភិបាលបានដាក់ចេញ ក្នុងនោះមាន ៖ ៣ការពារ ៣កុំ គឺត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជែល កុំទៅចូលក្នុងចំណោមច្រើនកកកុញ កុំចាប់ដៃគ្នា ឬឱបថើបគ្នា កុំចូលទីកន្លែងបិទ គ្មានខ្យល់ចេញចូល និងមិនត្រូវប្រើម៉ាស៊ីនត្រជាក់ច្រើនពេក។

បន្ទាប់ពីការអញ្ជើញពិនិត្យមើលភូមិសាស្ត្រព្រំដែន លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និង លោក អ៊ុ រាត្រី អភិបាលខេត្ត បានអញ្ជើញផ្តល់អំណោយឧបត្ថម្ភរបស់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជូនដល់កងកម្លាំងទាំង៣ប្រភេទ ដែលបានកំពុងឈរជើងក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត មានចំនួន៦ អង្គភាព ទទួលបានរួមមាន៖
១.ទិសទី១ខេត្តបន្ទាយមានជ័យ មី ១០កេស ទឹកបរិសុទ្ធអង្គរ ៣០កេស និងទឹកក្រូច ៣៣យួរ
២.ស្នងការនគរបាលខេត្ត មី៣០ កេស ទឹកបរិសុទ្ធ៧០ កេស និងទឹកក្រូច ៦០យួរ
៣.កងពលថ្មើរជើងលេខ៥១ មី៣០កេស ទឹកបរិសុទ្ធ៧០កេស ទឹកក្រូច ៦០យួរ
៤.យោធាខេត្ត មី២០កេស ទឹកបរិសុទ្ធ៥០ កេស ទឹកក្រូច៤០ យួរ
៥.កងរាជអាវុធហត្ថខេត្ត មី២០កេស ទឹកបរិសុទ្ធ៥០កេស ទឹកក្រូច ៤០យួរ
៦.អន្តោប្រវេសច្រកអន្តរជាតិប៉ោយប៉ែត មី១០កេស ទឹកបរិសុទ្ធ ៣០កេស និង ទឹកក្រូច ៣៣យួរ ៕





No comments:

Post a Comment