Monday, April 05, 2021

លោក ទូ សាវុធ ដឹកនាំក្រុមការងារ ចុះពិនិត្យអគារក្រុមហ៊ុន LONG BAY ស្ថិតក្នុងតំបន់វិស្សមកាលតារាសាគរ ស្រុកគិរីសាគរ ដែលជាទីតាំងតែមួយគត់មានករណីផ្ទុះជំងឺកូវីដ-១៩

 កោះកុង៖ លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត មន្រ្តីសុខាភិបាល ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត តំណាងរដ្ឋបាលស្រុកបូទុមសាគរ ស្រុកគិរីសាគរ ចុះពិនិត្យអគារក្រុមហ៊ុន LONG BAY ស្ថិតក្នុងតំបន់វិស្សមកាលតារាសាគរ ស្រុកគិរីសាគរ ដែលជាទីតាំងតែមួយគត់មានករណីផ្ទុះជំងឺកូវីដ-១៩ ក្នុងខេត្តកោះកុង ដោយមានអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ៣០នាក់ ស្រី០៧នាក់ គិតចាប់ពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន និងមានអ្នកកំពុងធ្វើចត្តាឡីស័កសរុបចំនួន ១.២១១នាក់ ស្រី៣៨០នាក់។ ការចុះពិនិត្យទីតាំងនាពេលនេះគឺដើម្បីពិភាក្សាគ្នា និងកំណត់វិធានការច្បាស់លាស់មួយដើម្បីគ្រប់គ្រងអ្នកកំពុងចត្តាឡីស័ក ឱ្យមានប្រសិទ្ធភាពស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។

– វិធានការដែលបានឯកភាពគ្នាគឺ៖

១. បន្តបិទការចេញចូលក្នុងអគារក្រុមហ៊ុន LONG BAY ទាំងមូល ដែលមាន២២អគារ។
២. បិទអគារប្លុក៨ ពិសេសជាន់ទី៤ និងទី៥ ដែលជាទីតាំងមានអ្នកវិជ្ជមានជំងឺកូវីដ១៩ (អ្នកវិជ្ជមានចំនួន៨នាក់ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១) និងមានអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលចំនួន ៥៦នាក់កំពុងដាក់ឱ្យធ្វើចត្តាឡីស័ក និងចាក់សោមិនអនុញ្ញាតឱ្យមានការចេញចូល។
៣. ប្រើកម្លាំងនៃស្នងការនគរបាល និងអាវុធហត្ថខេត្ត ដោយដាក់ឱ្យយាមទាំងក្នុង និងក្រៅបរិវេណអគារ LONG BAY ដើម្បីគ្រប់គ្រងការចេញចូល និងតាមដានអ្នកកំពុងចត្តាឡីស័ក។

សូមបញ្ជាក់ថា កន្លងមកការគ្រប់គ្រងកាចេញចូលក្នុងអគារក្រុមហ៊ុន LONG BAY គឺប្រើប្រាស់កម្លាំងសន្តិសុខឯកជនរបស់ក្រុមហ៊ុន និងគណៈបញ្ជាការឯកភាពស្រុក តែដោយសារកម្លាំងសន្តិសុខមិនគ្រប់គ្រាន់ ទើបគណៈបញ្ជាការឯកភាពខេត្តសម្រេចប្រើប្រាស់កងកម្លាំងមានសមត្ថកិច្ចខេត្តក្នុងការអន្តរាគមន៍៕




No comments:

Post a Comment