Monday, April 05, 2021

លោក ថោង រស់ ​នាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសាររងគ្រោះ​ដោយសារខ្យល់កន្ត្រាក់​ ក្នុងស្រុកស្វាយជ្រំ​

 ស្វាយរៀង៖ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ លោក ថោង រស់ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយជ្រំ បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ចុះសួរសុខទុក្ខ និងផ្តល់ជូន ដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន២ខ្នង ក្នុងនោះខូចខាតទាំងស្រុងចំនួន១ខ្នង មធ្យមចំនួន១ខ្នង ស្ថិតនៅភូមិទួលខ្ពស់ ឃុំចំបក់ ស្រុកស្វាយជ្រំ ។

ក្នុងឱកាសនោះ លោក ថោង រស់ បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដែលជានិច្ចកាលលោកតែងតែគិតគូរពីសុខទុក្ខ និងជំរុញឲ្យមានការដោះស្រាយបញ្ហានានារបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

ជាមួយគ្នានោះ លោកក៏បានសម្តែងនូវការសោកស្តាយចំពោះការខូចខាតទ្រព្យសម្បត្តិ ផ្ទះសំបែងបង្ករដោយគ្រោះធម្មជាតិដែលមិននឹកស្មានដល់ ទន្ទឹមនេះលោកប្រធានគណៈកម្មាធិការអនុសាខាស្រុក សូមផ្ដាំផ្ញើដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និង ក្រុមគ្រួសារ ដោយត្រូវបិទទូរទស្សន៍ ទូរស័ព្ទ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវមើលថែទាំកូនចៅឲ្យបានល្អ ជាពិសេសក្មេងតូចៗកុំឲ្យលេងទឹកដែលអាចបង្កឲ្យមាន គ្រោះថ្នាក់ដោយករណីលង់ទឹក ត្រូវថែរក្សាសុខភាព និងមានអនាម័យល្អក្នុងការរស់នៅ ត្រូវចិញ្ចឹមសត្វ បង្កើនការដាំដំណាំផ្សេងៗ ដើម្បីលើកកម្ពស់កម្រិតជីវភាពគ្រួសារ។

ក្នុងនោះក៏ត្រូវចូលរួមថែរក្សាអនាម័យ តាមរយៈ ការលាងសម្អាតដៃជាប្រចាំជាមួយសាប៊ូ ឬអាល់កុលត្រូវ ពាក់ម៉ាស់នៅពេលទៅណាមកណាដើម្បីការពារ ពីការឆ្លងនៃជំងឺកូវីដ ១៩ ដែលកំពុងកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅលើពិភពលោកផងដែរ ។

អំណោយដែលបានផ្តល់ជូនទាំង ២ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន៖ អង្ករ ៣០គីឡូក្រាម កន្ទេលបត់ ១ មី ១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប ឃីត ១កញ្ចប់ (ភួយ មុង សារុង ក្រម៉ា) និងថវិកា ៥០,០០០ រៀល ។ ដោយឡែកគ្រួសាររងគ្រោះទាំងស្រុងទទួលបានសម្ភារៈបន្ថែមរួមមាន៖ ក្រណាត់កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ-សម្ល ២ ថវិកា ២០០,០០០ រៀល៕




No comments:

Post a Comment