Thursday, December 31, 2020

អភិបាលរងខេត្តកោះកុង ដឹកនាំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ពាក់ព័ន្ធនឹងសំណើសុំពង្រីកផ្លូវធ្វើដំណើរ

កោះកុង៖ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ពាក់ព័ន្ធនឹងសំណើរបស់លោក ឧកញ៉ា លី យ៉ុងផាត់ ស្នើសុំកែសម្រួលទំហំផ្លូវមានទីតាំងស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

នាឱកាសនោះ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ពាក់ព័ន្ធនឹងសំណើរបស់ ឧញ៉ា លី យ៉ុងផាត់ ស្នើសុំកែសម្រួលទំហំផ្លូវមានទីតាំងស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង (ផ្លូវចេញចូល ចំណុចស្ពានយោល)។ បន្ទាប់ពីកិច្ចប្រជុំពិភាក្សា រួចមក អង្គប្រជុំសម្រេចឯកភាព គ្នាដូចខាងក្រោម ៖

១-ដើម្បី បង្កភាពងាយស្រួល ដល់ បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរ ពិសេសបងប្អូនប្រជាពលរដ្ឋ រស់នៅចំណុច ស្ពានយោល ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា គណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត សម្រេច កែសម្រួលផ្លូវមានទីតាំងស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដោយកំណត់យកទទឹង ផ្លូវមានទំហំ ២០ម៉ែត្រ

២-អាជ្ញាធរមូលដ្ឋាន (ភូមិ ឃុំ ស្រុក) ស្នើសុំឱ្យឈូសឆាយ កែលម្អ ផ្លូវនេះឱ្យបានស្អាត ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅចំណុចស្ពានយោលធ្វើដំណើរបានកាន់តែស្រួល

៣-មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី អភិបាលស្រុក មេឃុំ និងម្ចាស់ក្បាលដីពាក់ព័ន្ធនឹងផ្លូវនេះ ក្រោមការសម្របសម្រួលរបស់រដ្ឋបាលខេត្ត នឹងចុះពិនិត្យ និងចុចយកនិយាមកាផ្លូវទំហំ២០ម៉ែត្រ និងទំហំក្បាលដីរបស់អ្នកពាក់ព័ន្ធនឹងផ្លូវនេះ

៤-បន្ទាប់ពីក្រុមការងារចុះអនុវត្តការងាររួចហើយ ម្ចាស់ក្បាលដីពាក់ព័ន្ធនឹងផ្លូវនេះ ត្រូវដាក់ពាក្យស្នើសុំកែសម្រួលក្បាលដីរបស់ខ្លួនមកការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកមណ្ឌលសីមា ដើម្បីឱ្យមន្ត្រីជំនាញបន្តនីតិវិធីរបស់ខ្លួន៕







No comments:

Post a Comment