Thursday, December 31, 2020

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ៖ វិមានឈ្នះ ឈ្នះ បានរំលេចឱ្យឃើញអំពីសមិទ្ធផលស្នាដៃទទួលបានពីសន្តិភាពពេញលេញនៅកម្ពុជា

 ក្នុងឱកាសចូលរួមអបអរសាទរខួបលើកទី២២ ទិវានយោបាយឈ្នះ ឈ្នះ និងខួប២ឆ្នាំ នៃវិមានឈ្នះ ឈ្នះ ដែលបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដំណើរ រដ្ឋលេខាធិការ អគ្គមេបញ្ជាការរង មេបញ្ជាការ មេបញ្ជាការរង កងទ័ពជើងគោក ជើងទឹក ជើងអាកាស កងរាជអាវុធហត្ថ អគ្គនាយក អគ្គនាយករង និងនាយទាហាន នៅក្នុងក្រសួងការពារជាតិ អគ្គបញ្ជាការជាច្រើនរូបទៀត បានត្រួតពិនិត្យការដ្ឋានសាងសង់វិមានឈ្នះ ឈ្នះ ជំហាន ២ ដែលក្នុងជំហានទី២នេះ មានការសាងសង់សួនសមិទ្ធផលសម្តេចតេជោ និងការងារបំពាក់ចម្លាក់ ដែលនៅសេសសល់ជុំវិញវិមានឈ្នះ ឈ្នះ។ លើការងារចម្លាក់នេះ ត្រូវបានក្រុមការងារវិមានឈ្នះ ឈ្នះ បានខិតខំប្រឹងប្រែង ឆ្លាក់នូវរូបចំលាក់ ដែលនៅសេសសល់ សំរាប់បិទភ្ជាប់ជុំវិញជញ្ជាំងវិមានឈ្នះ ឈ្នះ ដូចជា៖ ចម្លាក់សមយុទ្ធនាគមាសឆ្នាំ២០២០, ចម្លាក់សុខាភិបាលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅកម្ពុជា, ចំលាក់រូបនិមិត្តសញ្ញានៅតាមបណ្តាខេត្តនិមួយៗ និងចំលាក់ដែលនៅសេសសល់មួយចំនួនទៀត។

បន្ទាប់មកលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ព្រមទាំងក្រុមការងារវិមានឈ្នះ ឈ្នះ បានទៅត្រួតពិនិត្យមើលសំណង់ សួនសមិទ្ធផលតេជោចំនួន ៣ ក្នុងបរិវេណវិមានឈ្នះ ឈ្នះ ដែលបានដំណើរការសាងសង់ ក្នុងជំហានទី ២ នេះ ក្នុងនោះមាន៖ សួនឃឿនការពារជាតិ នៃខ.ភ.ម ដែលបានសាងសង់ដោយអគ្គបញ្ជាការ ខ.ភ.ម, សួនសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម សាងសង់ដោយកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអគ្គស្នងការនគរបាលជាតិ និងសួនកងកំលាំងរក្សាសន្តិភាព និង បោសសំអាតមីននៅកម្ពុជា និងលើឆាកអន្តរជាតិ កសាងដោយមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និង មជ្ឈមណ្ឌលសកម្មភាពកំចាត់មីន ស៊ីម៉ាក់។

សូមបញ្ជាក់ថា សួនកងកំលាំងរក្សាសន្តិភាព និងបោសសំអាតមីននៅកម្ពុជា និងលើឆាកអន្តរជាតិ ដែលបានកសាងដោយ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន ស៊ីម៉ាក់។ សួននេះ បានសាងសង់ស្តូបមួយមាន បីថ្នាក់ ដែលបានធ្វើឡើងតាមទំរង់ ៣ ៥ និង៧ នៃនយោបាយឈ្នះ ឈ្នះ។ នៅផ្នែកខាងលើស្តូប មានជ្រុង៣ ដោយសង់រូបចម្លាក់មនុស្សពីរនាក់ ឈរកាន់ទង់ តំណាងឲ្យកងកម្លាំងអង្គការសហប្រជាជាតិ និងកាន់ទង់ជាតិព្រះរាជាណាចក្រកម្ពុជា តំណាងឲ្យកងកម្លាំងកម្ពុជា ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព ក្នុងទិសដៅបំពេញបេសកម្មសកម្មភាពមនុស្សធម៌ ស្វែងរកសុខសន្តិភាពជូនពិភពលោក។ ក្រៅពីនេះសួនកងកំលាំងរក្សាសន្តិភាព និងបោសសំអាតមីននៅកម្ពុជា ក៏បានដាក់តាំងរូបចម្លាក់ តាំងសំភារៈដោះបំផ្លាញគ្រាប់មីន និងកាកសំណល់ កាលពីសម័យសង្រ្គាម។

ចំណែកសួនខឿនការពារជាតិ នៃកងយោធពលខេមរភូមិន្ទវិញ សួននេះ នៅផ្នែកខាងលើ មានរូបចំលាក់យុទ្ធជន ៧នាក់ កាន់ជ្រោងដងទង់ជាតិ តំណាងអោយកត្តាជ័យជំនះទាំង៧ នៃនយោបាយឈ្នះ ឈ្នះ និងយុទ្ធជនកាន់ជ្រោងដងទង់ជាតិ តំណាងអោយ ការពារជាតិ ការពារបូរណភាពទឹកដី សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។ សួនខឿនការពារជាតិ នៃខ.ភ.ម នេះ មានរាងចតុកោណមានបណ្ដោយ ៣០ម៉ែត្រ និងទទឹង២៦ ម៉ែត្រ។ សួននេះតំណាងឲ្យការចូលរួមការពារសុខសន្តិភាព ជូនប្រទេសជាតិ ដោយទប់ស្កាត់រាល់ការប៉ុនប៉ងគ្រប់រូបភាព និងភាពចលាចលផ្សេងៗ ដែលបង្កអោយមានអស្ថិរភាពសង្គម ឱ្យបរាជ័យ និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

រីឯសួនសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ដែលសាងសង់ដោយកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអគ្គស្នងការនគរបាលជាតិ ដែលបានសាងសង់ហើយនាពេលនេះ គឺរូបស្តូបទាំងមូល បែរទៅរកវិមានឈ្នះ ឈ្នះ តំណាងឱ្យទស្សនវិស័យរួមរបស់ នគរបាលជាតិ និងកងរាជអាវុធហត្ថ ក្នុងកិច្ចសហការសាមគ្គី មូលមិត្តគ្នាជាធ្លុងមួយ ស្របជាមួយនឹងគោលនយោបាយ កម្មវិធីយោបាយយុទ្ធសាស្ត្រនានា ជាមួយនឹងការដឹកនាំរបស់ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងរាជរដ្ឋាភិបាល ការពាររដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ សួនសមិទ្ធផលទាំង៣ ដែលបានសាងសង់នេះ គឺបានសាងសង់នៅក្នុងតំបន់សមិទ្ធផលវិមានឈ្នះ ឈ្នះ និងជាសួនសមិទ្ធផលតេជោ ដែលបានរំលេចអំពីស្នាដៃទទួលបានពីសន្តិភាពពេញលេញនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៨ មកដល់បច្ចុប្បន្ននេះ។

គួរកត់សំគាល់ថា ថ្ងៃនេះ កាលពី២២ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ត្រូវបានកំណត់ជាថ្ងៃដែលបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង នៅក្នុងប្រទេសកម្ពុជា និងទទួលបានសន្តិភាពពេញលេញ ដែលជាឱកាសនៃការចាប់ផ្តើមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឡើងវិញ។ សន្តិភាពពេញលេញរយៈពេលជាង២០ឆ្នាំមកនេះ គឺទទួលបានមកដោយលំបាក ដោយបានឆ្លងកាត់នូវដំណាក់កាលសង្គ្រាម ដំណាក់កាលនៃរបបប្រល័យពូជ-សាសន៍ ដំណាក់កាលសង្គ្រាមផង ចរចារផង រហូតដល់ការលេចឡើងនៃវត្តមានរបស់នយោបាយឈ្នះ ឈ្នះ ដែលជានយោបាយបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង នៅក្នុងប្រទេសកម្ពុជា ដោយមិនមានការបង្ហូរឈាម ហើយផ្អែកលើគោលការណ៍ឯកភាពជាតិជាធំ ៕





No comments:

Post a Comment