Monday, November 16, 2020

កិច្ចប្រជុំស្តីពីការផ្តល់កម្មសិទ្ធិលើដី​ និងផ្ទះសម្បទានសង្គមកិច្ច ​ដែលបានផ្តល់ជូនអតីតកងកម្លាំងប្រដាប់អាវុធ​ និងគ្រួសារចូលនិវត្តន៍​

 កោះកុង៖ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំស្តីពីការផ្តល់កម្មសិទ្ធិលើដី និងផ្ទះសម្បទានសង្គមកិច្ច ដែលបានផ្តល់ជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារចូលនិវត្តន៍ បាត់បង់សមត្ថភាព ការងារ ពិការ និងគ្រួសារយុទ្ធជនពលី មរណៈ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំនៅសាលាខេត្តកោះកុង ដោយមានការចូលរួមពីមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អភិបាលរងស្រុកបូទុមសាគរ នាយកទីចាត់ការអន្តរវិស័យ តំណាង មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី និងអ្នកពាក់ព័ន្ធ។

ដើម្បីក្តាប់បាននូវទិន្នន័យពិតប្រាកដ នៃការប្រើប្រាស់ដីសម្បទានសង្គមកិច្ចក្នុងខេត្តកោះកុង លោក សុខ សុទ្ធី បានធ្វើការណែនាំឱ្យរដ្ឋបាលស្រុកបូទុមសាគរ ដឹកនាំនិងសហការ ជាមួយស្ថាប័នពាក់ព័ន្ធ ចុះពិនិត្យជាក់ស្តែងនូវការប្រើប្រាស់ដីសម្បទានសង្គមកិច្ច ថាតើទិន្នន័យអ្នកដែលទទួលបានផ្ទះសង្គមកិច្ច មករស់នៅអចិន្ត្រៃយ៍បានប៉ុន្មានគ្រួសារ អ្នកមករស់នៅមិនអចិន្ត្រៃយ៍ប៉ុន្មានគ្រួសារ ដីចំការសង្គមកិច្ច ប្រើប្រាស់ បង្កបង្កើនផល ជាប្រចាំបានប៉ុន្មានហិកតា។

សូមបញ្ជាក់ផងដែរថា ទីតាំងដីសម្បទានសង្គមកិច្ចក្នុងភូមិសាស្ត្រខេត្តកោះកុង មានចំនួន៣ទីតាំងគឺ ១.ស្ថិតនៅស្រុកថ្មបាំង ២.ស្ថិតនៅស្រុកកោះកុង ៣.ស្ថិតនៅស្រុកបូទុមសាគរ។ ចំពោះទីតាំងដីសម្បទានសង្គមកិច្ចទាំង៣ទីតាំងនេះ មានតែទីតាំងនៅស្រុកបូទុមសាគរមួយប៉ុណ្ណោះ ដែលមានការប្រើប្រាស់មួយចំនួន ចំណែកឯ២ទីតាំងផ្សេងទៀត ពុំទាន់មានការប្រើប្រាស់នៅឡើយ។
ជាមួយគ្នានេះដែរ លោក សុខ សុទ្ធី ក៏បានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធទាំងអស់ សូមទប់ស្កាត់ឱ្យបាននូវការទន្ទ្រាន កាន់កាប់ទីតាំងដីសម្បទានសង្កមកិច្ចដោយខុសច្បាប់៕





No comments:

Post a Comment