Wednesday, June 17, 2020

ស្ពានថ្មថ្មី ក្បែរស្ពានថ្មចាស់ដែលមានអាយុកាល១០០ឆ្នាំ ពេលនេះកំពុងដំណើរការសាងសង់បានប្រមាណ៨០% ហើយ!

បាត់ដំបង៖ នៅល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អមដំណើរដោយលោក សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្ត បានអញ្ជើញចុះពិនិត្យការសាងសង់ស្ពានថ្មថ្មី ទន្ទឹមស្ពានថ្មចាស់ ទល់មុខអគារសាលាខេត្តបាត់ដំបង ដែលបានកំពុងដំណើរការសាងសង់បានប្រមាណ៨០% ហើយគ្រោងនឹងបញ្ចប់រយៈពេល២ខែទៀត គឺនៅក្នុងអំឡុងខែសីហា នេះផងដែរប្រសិនបើអាកាសធាតុមានអំណោយផលល្អ។ នៅក្នុងដំណើរចុះពិនិត្យនោះដែរ លោកអភិបាលខេត្ត បានពិនិត្យអំពីលក្ខណៈបច្ចេកទេស និងពិនិត្យរៀបចំគ្រោងស្ថាបនាផ្លូវផ្នែកខាងលិចនៃស្ពានដើម្បីជួយសម្រួលដល់ការធ្វើដំណើរមួយផ្នែកជូនបងប្អូនប្រជាពលរដ្ឋនៅពេលបញ្ចប់ការសាងសង់ស្ពាននេះរួចរាល់ផងដែរ។
សូមបញ្ជាក់ផងដែរថា ការស្ថាបនាសាងសង់ស្ពានថ្មថ្មី ទន្ទឹមគ្នាជាមួយនឹងស្ពានថ្មចាស់ដែលមានប្រវត្តិសាស្ត្របន្សល់ទុកពីសម័យអាណានិគមនិយមបារាំងមានចំណាស់អាយុកាលជាង ១០០ឆ្នាំមកនេះគឺស្ថិតនៅផ្នែកខាងត្បូងស្ពានចាស់ និងនៅចន្លោះពីគ្នាប្រវែង០៦ម៉ែត្រនៃស្ពានថ្មចាស់ ត្រូវបានប្រារព្វពិធីក្រុងពាលីបើកការដ្ឋានសាងសង់ហើយកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះដោយកងកម្លាំងវិស្វកម្មក្រោមវត្តមានជាអធិបតីពីលោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងលោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនជាទីប្រឹក្សាលោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃផងដែរ។
សម្រាបជូនផងដែរថា ស្ពានថ្មថ្មី ដែលសាងសង់ទន្ទឹមស្ពានថ្មចាស់នេះ មានរចនាបថដូចគ្នាទៅនឹងស្ពានថ្មចាស់ដែលមានបណ្តោយប្រវែង១០០ម៉ែត្រ និងទទឹង៨ ម៉ែត្រ ហើយនឹងគ្រោងបញ្ចប់ការសាងសង់នៅខែសីហា ខាងមុខនេះផងដែរ៕




No comments:

Post a Comment