សៀមរាប៖ ដើមី្បលើកកម្ពស់គោលការណ៍អភិបាលកិច្ចល្អ និង ការកែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធដាក់ឲ្យដំណើរការនូវការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប។
នាឱកាសនោះដែរ លោក ទៀ សីហា បានបញ្ជាក់ថា ថ្ងៃនេះយើងបានទទួលសមិទ្ធិផលថ្មី នូវការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលស្រុកប្រាសាទបាគង គឺធ្វើទៅតាមការផ្ទេរអំណាចរបស់អន្តរក្រសួងដើមី្បបម្រើនូវសេចក្តីតម្រូវការរបស់ប្រជាពលរដ្ឋឲ្យបានរហ័ស។
ដូច្នេះការិយាល័យច្រកចេញចូលតែមួយនេះ ជាការលើកកម្ពស់គោលការអភិបាលកិច្ចល្អ ការកែទម្រង់ប្រព័ន្ធរដ្ឋបាលដោយពង្រីកវិសាលភាពសេវាកម្មទាំងអស់ក្នុងក្របខណ្ឌសមត្ថកិច្ចរបស់ក្រុង ស្រុក ខណ្ឌ ដែលត្រូវផ្តល់ជូន អតិថិជននៅកន្លែងតែមួយ និង កែលម្អការផ្តល់សេវាសាធារណៈក្នុងការកាត់បន្ថយអំពើពុករលួយ និងបង្កើននូវការជឿទុកចិត្តពីប្រជាពល រដ្ឋលើប្រព័ន្ធរដ្ឋបាល និងលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការផ្តល់មតិយោបល់និងការរិះគន់ស្ថាប នាដើមី្បកែលម្អការអនុវត្តលើប្រព័ន្ធរដ្ឋបាលក្នុងការបង្ខិតរដ្ឋបាលឲ្យនៅកៀកជិតប្រជាពលរដ្ឋ និងបង្កភាពងាយ ស្រួលក្នុងការផ្តល់សេវាប្រជាពលរដ្ឋឲ្យឆាប់រហ័សប្រកប ដោយប្រសិទ្ធភាព គុណភាព តម្លាភាពឆ្លើយតបទាន់ពេលវេលាទៅនឹងសេចក្តីតម្រូវការរបស់ប្រជាពលរដ្ឋ។
លោកអភិបាលខេត្ត បានលើកនូវអនុសាសន៍មួយចំនួន ដើមី្បជាមូលដ្ឋានគ្រឹះដល់អាជ្ញាធរស្រុក មន្ត្រីរាជការដែលចំណុះឲ្យរដ្ឋបាលស្រុកប្រាសាទបាគងទាំងអស់ត្រូវប្រកាន់ភ្ជាប់នៅភាពទៀងត្រង់ អព្យាក្រឹត្យភាព តម្លាភាព ស្មើរភាពគ្នា កត្តាសំខាន់នោះគឺត្រូវតែប្រកបទៅដោយវិជ្ជាជីវៈទៅតាមចំណេះជំនាញរបស់ខ្លួនដោយមិនត្រូវប្រកាន់យកនៅឥរិយាបទដែលមិនល្អក្នុងពេលដែលកំពុងតែអនុវត្តន៍តួនាទី ឬបំពេញការងារក្នុងការបម្រើសេវាតម្រូវការរបស់ប្រជាពលរដ្ឋ ដោយមិនត្រូវប្រើប្រាស់សម្តីមិនសមរម្យពេលពួកគាត់មករកសេវាសាធារណៈរបស់យើង និងមិនត្រូវយកការបម្រើសេវាធារណៈរបស់រដ្ឋនេះ ធ្វើអាជីវកម្ម ជាតម្លៃជើងសារសម្រាប់រត់ការឯក សារណាមួយដែលប្រជាពលរដ្ឋយើងត្រូវការចាំបាច់ ព្រោះវាជាទង្វើមួយដែលខុសនឹងច្បាប់។
លោក ទៀ សីហា បានបន្តថា ក្នុងនាមជាមន្ត្រីបម្រើការងារក្នុងវិស័យសាធារណៈរបស់រដ្ឋគឺត្រូវអនុវត្តន៍ទៅតាមច្បាប់ក្បួនប្រកបដោយវិជ្ជាជីវ:ត្រឹមត្រូវ ហើយមានការគោរព និងឲ្យតម្លៃចំពោះគ្នា គោរពតួនាទី ពេលវេលា ហើយខិតខំបំពេញការងារក្នុងការបម្រើសេវាតម្រូវការរបស់ប្រជាពលរដ្ឋឲ្យបានល្អ៕
No comments:
Post a Comment