Monday, June 08, 2020

ទីម័រខាងកើត ចង់ឃើញអ្នកវិនិយោគកម្ពុជាបណ្តាក់ទុននៅក្នុងប្រទេសខ្លួន

ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយលោក ហេង សំរិន ប្រធានរដ្ឋសភា លោក អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស ( Ermenegildo “ Kupa” Lopes ) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិប​តេ​យ្យទីម័រខាងកើត បានលើកឡើងថា ទីម័រខាងកើត ចង់ឃើញវត្តមានអ្នកយោគកម្ពុជាទៅបណ្តាក់ទុនវិ​និយោគនៅក្នុងប្រទេសខ្លួន។ លោកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា ទីម័រខាងកើត សម្បូរដោយធនធានធម្មជាតិដែលទាមទារឲ្យមានការវិនិយោគពីបរទេស ដែលបច្ចុប្បន្ននេះ មានអ្នកវិយោគពីឥណ្ឌូណេស៊ី សហរដ្ឋអាមេរិក និងប្រទេសជាច្រើនទៀតមិនទាន់មានអ្នកវិនិយោគពីកម្ពុជានោះទេ។ លោក ចង់ឃើញវត្តមានធុរជនកម្ពុជាទៅបណ្តាក់ទុននៅទីម័រខាងកើត ក្នុងពេលអនាគត។
នៅក្នុងឱកាសចូលជួបសម្តែងគួរសមជាមួយប្រធានរដ្ឋសភានាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា លោក អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស ក៏បានលើកឡើងផងដែរថាប្រជាពលរដ្ឋទីមទីម័រខាងកើត បានគោរពស្រឡាញ់និងកោតសរសើរចំពោះវីរៈស្នេហា បម្រើប្រជាជននិងប្រទេសជាតិ របស់លោកប្រធានរដ្ឋសភា។ លោក ជាឥស្សរជនស្នេហាជាតិ ដែលបានចូលរួមរំដោះ បង្រួបបង្រួម និងអភិវឌ្ឍន៍ប្រជាជាតិ រហូតនាំកម្ពុជាទទួលបានសុខសន្តិភាព និងការអភិវឌ្ឍដូចបច្ចុប្បន្ន។
លោកឯកអគ្គរដ្ឋទូត បានអបអរសាទរចំពោះការបោះពុម្ពផ្សាយសៀវភៅនិយាយពីប្រវត្តិតស៊ូរបស់លោក ហេង សំរិន (សម្តេចជាបុរសរបស់ប្រជាជន) កាលពីឆ្នាំ២០១៨ ទុកសម្រាប់មនុស្សជំនាន់ក្រោយបានសិក្សារៀនសូត្រ ។ លោកឯកអគ្គរដ្ឋទូត បានចាត់ទុកថា កម្ពុជាជាគេហដ្ឋានទី២របស់លោកទោះបីពេលនេះពិភពលោកមានបញ្ហាកូវីដ១៩ តែកម្ពុជាបានគ្រប់គ្រងស្ថានការណ៍ជំងឺនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងប្រកបដោយភាពកក់ក្តៅយ៉ាងខ្លំាង។លោក អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស បានគោរពអញ្ជើញប្រធានរដ្ឋសភាដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅប្រទេសទីម័រខាងកើតតាមពេសសមស្របណាមួយ។
ជាការឆ្លើយតប លោក ហេង សំរិន ប្រធានរដ្ឋសភា បានទទួលយកការគោរពអញ្ជើញរបស់ឯកអគ្គរដ្ឋទូត ដែលបានអញ្ជើញលោកទៅបំពេញទស្សនកិច្ចនៅប្រទេសទីម័រខាងកើតនៅពេលសមស្របខាងមុខ។ លោក ហេង សំរិន បានវាយតំលៃខ្ពស់ចំពោះប្រសាសន៍របស់លោកដែលបានឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពនៃទំនាក់ទំនងការទូត ល្អរវាងប្រទេសទំាងពីរកម្ពុជានិងទីម័រខាងកើត។ ក្នុងនាមរដ្ឋសភា រដ្ឋសភាកម្ពុជា លោក ពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងលើកទឹកចិត្តបន្តកិច្ចសហប្រតិបត្តិការអោយខ្លាំងក្លាថែមទៀតលើវិស័យ ទេសចរណ៍ កសិកម្ម និង ធនធានមនុស្ស សំដៅនាំមកនូវផលប្រយោជន៍ដល់ប្រជាជាតិទាំងសងខាង។ លោក បានមានប្រសាសន៍ថា កន្លងមករដ្ឋសភាកម្ពុជា ធ្លាប់បានគាំទ្ររដ្ឋសភាទីម័រខាងកើត ជាប្រទេសសង្កេតការណ៍របស់អន្តរសភាអាស៊ាន (អាយប៉ា) ហើយនិងបន្តគាំទ្ររដ្ឋសភាទីម័រជាសមាជិកពេញសិទ្ធទី១១ របស់អាយប៉ា និង អាស៊ាន នៅថ្ងៃអនាគត។
លោក អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស បានថ្លែងអំណរគុណដល់រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគំាទ្រដល់បេក្ខភាពរបស់ប្រទេសទីម័រខាងកើតនៅក្នុងក្របខណ្ឌអាស៊ាននិងអន្តរសភាអាស៊ាន។ លោក បានសន្យាថានឹងខិតខំបំពេញបេសកកម្មការទូតឲ្យទទួលបានជោគជ័យនៅក្នុងការពង្រឹងពង្រីកទំនាក់ទំនងប្រទេសទំាងពីរឲ្យកាន់តែរឹងមាំឡើង៕








No comments:

Post a Comment