Monday, June 08, 2020

លោក គង់ គាំ៖ សម រង្ស៊ី-កឹម សុខា មិនអាចវិលត្រឡប់ចូលប្រកួតប្រជែងបោះឆ្នោតឆ្នាំ២០២៣បានទេ

ធ្លាប់រួមសុខទុក្ខជាមួយគ្នាកាលពីអតីតកាល លោក គង់ គាំ ដែលបច្ចុប្បន្នជាប្រធានកិត្តិយស គណបក្សឆន្ទៈខ្មែរ បានធ្វើការទស្សន៍ទាយទុកជាមុនថា សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ នៅឆ្នាំ២០២៣ខាងមុខនេះ ទាំងលោក សម រង្ស៊ី និងលោក កឹម សុខា មិនអាចវិលត្រឡប់ចូលរួម ការប្រកួតប្រជែងបានឡើយ។ ជាមួយគ្នានេះ លោក បានហៅលោក សម រង្ស៊ី ប្រធានផ្លេកបន្ទោររបស់អតីត CNRP និងបច្ចុប្បន្ន (ជាប្រធានស្តីទី មិនគ្រប់ទឹក) នៃ CNRP-O (អូកាច់) និងលោក កឹម សុខា ជាប្រធាន CNRP-IN (អិនកន្ទុយក្បាច់) ដើរនយោបាយមិនស៊ីធ្លុងគ្នាធ្វើឲ្យប្រជាធិបតេយ្យដំណើប និងខ្សាយរាត់រាយអស់។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ដោយបង្ហាញរូបថត មួយសន្លឹកជាមួយលោក អ៊ូ ច័ន្ទរ័ត្ន អតីតមន្រ្តីបក្សប្រឆាំង លោក គង់ គាំ បានរៀបរាប់ថា ដើម្បីតែមហិច្ឆិតា (ផ្លាស់ប្តូរ-ផ្តួលរំលំ) រំពឹងថា អន្តរជាតិ សហរដ្ឋអាមេរិក ប្រើសម្ពាធ ច្បាប់នេះ ច្បាប់នោះ EBA GSP បង្ខំឲ្យដោះលែង ឲ្យទម្លាក់ចោលការចោទប្រកាន់ ឲ្យ CNRP ដំណើរការឡើងវិញ ឲ្យប្រគល់សងតំណែងជាប់ឆ្នោត កុំទៅបោះឆ្នោត ដេកផ្ទះឈ្នះឯង មិនទទួលស្គាល់ការបោះឆ្នោតក្លែងក្លាយ រដ្ឋាភិបាលក្លែងក្លាយ។ តែការពិតទាំងអស់នេះគ្មាន បានប្រយោជន៍ណាមួយទេ។
លោក គង់ គាំ បានបន្តថា ឥឡូវនីតិកាលទី៦ (ឆ្នាំ២០១៨-ឆ្នាំ២០២៣) និងកាលកំណត់រដ្ឋធម្មនុញ្ញកម្ពុជា ត្រូវបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅឆ្នាំ២០២២ និងការបោះឆ្នោតតំណាងរាស្ត្រ នីតិកាលថ្មីនៅឆ្នាំ២០២៣ ជិតមកដល់ហើយ តើនរណាខ្លះនៅជឿជាក់ នៅចាំជាប់ថាអតីត CNRP មានវត្តមានឡើងវិញ សងតំណែង និងប្រាក់រម្លឹកវិញ។ លោក បានដៀមដាមឲ្យលោក សម រង្ស៊ី បន្តថា ជាមេដឹកនាំ និងក្រុមនយោបាយជ្រុលនិយម ចិត្តទេវទត្តមាត់ទេវតា មានវប្បធម៌ក្បាលមិនជាប់មេឃ ជើងមិនជាប់ដី ប្រើតែនយោបាយឈឺសាច់ សាបព្រួសទុក្ខទោសចំពោះសកម្មជន ប្រជាពលរដ្ឋជាបន្តបន្ទាប់គ្មានស្រាកស្រាន្តដើម្បីតែមហិច្ឆិតាអំណាចបុគ្គលនិងក្រុមខ្លួនតែប៉ុណ្ណោះ៕

No comments:

Post a Comment