Thursday, February 20, 2020

ពិធីប្រគល់-ទទួលអំណោយជូនកាកបាទក្រហម សម្រាប់ត្រៀមជួយប្រជាពលរដ្ឋជួបគ្រោះមហន្តរាយ

ស្វាយរៀង៖ ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះមហន្តរាយ ដែលបង្ករដោយគ្រោះធម្មជាតិផ្សេងៗ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ ព្រះតេជគុណព្រះនាម រស់ ឌី ព្រះបាឡាត់គណៈខេត្តស្វាយរៀង និងអនុគុណស្រុករមាសហែក រួមជាមួយរួមជាមួយមន្ត្រីសង្ឃស្រុក និងចៅអធិការទាំង ៥២វត្តទូទាំងស្រុក មានព្រះទ័យចូលរួមចំណែកក្នុងវិស័យមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជា បានយកបច្ច័យ និងទេយ្យទាន ចំនួន ២៩មុខ គិតជាថវិកាចំនួន ៤.៥០០.០០០រៀល ដល់អនុសាខាស្រុករមាសហែក សម្រាប់ត្រៀមឆ្លើយតបនៅពេលមានគ្រោះមហន្តរាយ។
ព្រះគ្រូ បានមានថេរដីការ គាំទ្ររាល់សកម្មភាពមនុស្សធម៌របស់សាខា និងអនុសាខា ជាពិសេស កាកបាទក្រហមកម្ពុជាក្រោមការ ដឹកនាំដ៏ឈ្លាសវៃប្រកបដោយភាពត្រឹមត្រូវរបស់លោក​ស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងការខិតខំប្រឹងប្រែង​ជួយ​សង្រ្គោះ​ដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះដោយប្រការផ្សេងៗដោយមិនប្រកាន់​ពីជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។ ទើបថ្ងៃនេះព្រះអង្គរមាននូវទេយ្យទានបន្តិចបន្តួច ដែលបានមកពីសទ្ធាជ្រះថ្លារបស់បងប្អូនជាពុទ្ធបរិស័ទ ប្រគល់​ជូនអនុសាខាស្រុក ដើម្បីរួមចំណែកជួយសម្រាលនូវរាល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ។
មានប្រសាសន៍ក្នុងពិធីទទួលទេយ្យទាននោះ លោក ស៊ូ ម៉ុល ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមស្រុករមាសហែក បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ប្រគេនចំពោះព្រះតេជគុណគ្រប់ព្រះអង្គ ឧបាសក ឧបាសិកា ដែលមានព្រះទ័យ និងទឹកចិត្តបានយកបច្ច័យ និងសម្ភារទាំងអស់នេះមកប្រគល់ជូនដល់អនុសាខា ដែលត្រូវការចាំបាច់ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ។ លោកប្រធានកិត្តិយសអនុសាខា ក៏បានពាំនាំនូវការផ្តាំផ្ញើរសាកសួរទុក្ខ និងសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពីសំណាក់លោក ម៉ែន វិបុល ប្រធានគណៈកម្មធិការសាខា ប្រគេនចំពោះព្រះតេជគុណគ្រប់ព្រះអង្គ ដែលជានិច្ចជាកាលព្រះអង្គតែងតែ ផ្សារភ្ជាប់គាំទ្រដល់សកម្មភាពមនុស្សធម៌របស់សាខា និងអនុសាខា ក្នុងការរួមចំណែកជួយរំលែកនូវការលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះ។
លោក ក៏បានជម្រាបប្រគេន អំពីសកម្មភាពមនុស្សធម៌របស់សាខា និងអនុសាខា ជាពិសេសកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយ ភាពឈ្លាសវៃលោកស្រីជាប្រមុខ គឺទទួលបានការជឿជាក់គាំទ្រពីសំណាក់សប្បុរសជន គ្រប់មជ្ឍដ្ឋាន ដែលធ្វើឲ្យស្ថាប័នមនុស្សធម៌នេះ មានការរីកចំរើនលូតលាស់តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន។ មិនត្រឹមតែប៉ុណ្ណោះ កាកបាទក្រហមកម្ពុជា បានដើរតួនាទីយ៉ាងសកម្មជាជំនួយការឲ្យ អាជ្ញាធរសាធារណៈ លើវិស័យមនុស្សធម៌ថែមទៀតផង។ ចុងបញ្ចប់ លោកបានសន្យាថា អំណោយទាំងអស់នេះ អនុសាខានឹងធ្វើការបែងចែកជូនដល់ដៃប្រជាពលរដ្ឋដែលរងគ្រោះគ្រប់ៗគ្នា ឲ្យបានទាន់ពេលវេលាឲ្យសមស្របទៅនឹងព្រះទ័យរបស់ព្រះអង្គជាម្ចាស់ទេយ្យទាន៕

No comments:

Post a Comment