Monday, May 27, 2019

គន្លឹះគោលនយោបាយអភិវឌ្ឍន៍ចំនួន៣ ចំណុចសំខាន់ៗ របស់កម្ពុជា ក្នុងការសម្រេចគោលដៅ «គ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល»

នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញថ្លែងសន្ទរកថាក្នុងសន្និបាតប្រចាំឆ្នាំរបស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) «ការផ្តល់សិទ្ធិអំណាចប្រជាជន និងការធានានូវបរិយាប័ន្ន និងសមភាព»ដែលមានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុងបាងកក ប្រទេសថៃ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញនូវគន្លឹះគោលនយោបាយអភិវឌ្ឍន៍ចំនួន៣ ចំណុចសំខាន់ៗដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្តអនុវត្ត។
គោលនយោបាយអភិវឌ្ឍន៍ចំនួន៣នោះរួមមាន៖
ទី១៖ ការដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ដើម្បីបង្កើតផែនការយុទ្ធសាស្រ្តក្នុងការធានាឲ្យមានសុវត្ថិភាព ប្រាក់ចំណូល និងកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងបង្កើនសុខុមាលភាពរបស់ប្រជាជន និងពង្រឹងសាមគ្គីភាពក្នុងសង្គម។
ទី២៖ ការផ្តល់សេវាថែទាំសុខភាពដែលមានគុណភាព និងមានតម្លៃសមរម្យ តាមរយៈមូលនិធិសមធម៌សុខាភិបាល ដែលបានផ្តល់សេវាថែទាំសុខភាពដោយឥតគិតថ្លៃ ដល់ប្រជាជនក្រីក្រ ព្រមទាំងការផ្តល់នូវជំនួយឧបត្ថម្ភជាសាច់ប្រាក់ដល់ស្រ្តីសម្រាលកូន ក៏ដូចជាដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ នៃគ្រួសារក្រីក្រ។
ទី៣៖ ការដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់២០១៧-២០៣០ ដែលសំដៅគាំទ្រ និងដោះស្រាយបញ្ហារបស់មនុស្សវ័យចាស់ដោយយកចិត្តទុកដាក់លើការប្រែប្រួល នៃកត្តាប្រជាសាស្ត្រ ជាមួយនឹងចក្ខុវិស័យនៃការធានាថា មនុស្សវ័យចាស់អាចចូលរួមដោយសេរី និងមានសេចក្តីថ្លៃថ្នូរនៅក្នុងគ្រួសារ, សហគមន៍, សកម្មភាពសេដ្ឋកិច្ច, សកម្មភាពសាសនា និងសកម្មភាពនយោបាយតាមបំណងប្រាថ្នារបស់ពួកគាត់ហើយប្រជាជនវ័យក្មេង ក៏ត្រូវតែទទួលបានចំណេះដឹងនិងជំនាញដែលអាចអនុញ្ញាតឲ្យពួកគេរស់នៅប្រកបដោយផលិតភាព, សុខភាពល្អ មានភាពសកម្ម និងមានសេចក្តីថ្លៃថ្នូរ នៅពេលពួកគេឈានដល់វ័យចំណាស់៕


No comments:

Post a Comment