លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា អត្រាភាពក្រីក្រនៅកម្ពុជា បន្តធ្លាក់ចុះជាលំដាប់ពី៥៣% ក្នុងឆ្នាំ២០០៤ មកត្រឹម១៣.៥% ក្នុងឆ្នាំ២០១៤ ហើយត្រូវបានប៉ាន់ស្មានថា ស្ថិតនៅក្នុងរង្វង់១០% នាពេលបច្ចុប្បន្ន។ លោកបានថ្លែងដូចនេះនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញថ្លែងសន្ទរកថាក្នុងសន្និបាតប្រចាំឆ្នាំរបស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) «ការផ្តល់សិទ្ធិអំណាចប្រជាជន និងការធានានូវបរិយាប័ន្ន និងសមភាព» ដែលមានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុងបាងកក ប្រទេសថៃ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា សន្តិភាព គឺជាបុរេលក្ខខណ្ឌដ៏ចម្បង និងសំខាន់បំផុតសម្រាប់កសាងខឿនសេដ្ឋកិច្ច ការអភិវឌ្ឍសង្គមជាតិឈរលើមូលដ្ឋាននេះ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ច ជាមធ្យមក្នុងរង្វង់៧.៧% ក្នុងមួយឆ្នាំ ហើយក្នុងរយៈពេលជាង២ទសវត្សចុងក្រោយនេះ កម្ពុជាបានប្រែក្លាយខ្លួនជាប្រទេសមួយក្នុងចំណោមប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតក្នុងពិភពលោក ព្រមទាំងបានឆ្លងកាត់ពីឋានៈប្រទេសចំណូលទាប មកជាប្រទេសចំណូលមធ្យមកម្រិតទាប កាលពីឆ្នាំ២០១៥កន្លងទៅ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា វិស័យសុខាភិបាល និងអប់រំ ក៏សម្រេចបាននូវការរីកចម្រើនគួរឱ្យគត់សម្គាល់ ទោះបីនៅមានសេសសល់បញ្ហាប្រឈមមួយចំនួន ដែលរាជរដ្ឋាភិបាលត្រូវបន្តដោះស្រាយក៏ដោយ។ លោកបានបន្តថា ជាមួយនឹងសមិទ្ធផលដ៏ធំធេងនេះ កម្ពុជា មានមហិច្ចតា ក្នុងការក្តាប់យកមកវិញនូវមោទនភាពជាតិតាមរយៈការប្រែក្លាយខ្លួនជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០៕
No comments:
Post a Comment