Friday, May 31, 2019

ពិធីចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនដល់កម្ពុជា

នៅព្រឹកថ្ងៃទី៣១ ឧសភា ដែលជាថ្ងៃចុងក្រោយ នៃការស្នាក់អាស្រ័យអញ្ជើញចូលរួមសន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតរបស់អាស៊ី នៅទីក្រុងតូក្យូ ប្រទេសជប៉ុន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកនាយករដ្ឋមន្រ្តីជប៉ុន ហ្សិនសូ អាបេ បានអញ្ជើញធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើលិខិតផ្លាស់ប្តូរសារនៃកិច្ចព្រមព្រៀងស្តីពីការផ្តល់ជំនួយឥតសំណងរបស់ជប៉ុនសម្រាប់គម្រោងអភិវឌ្ឍន៍ប្រទេសកម្ពុជាចំនួន២។
ឯកសារទាំងពីរនោះរួមមាន៖ ទី១-ការអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម (សាងសង់ស្ថានីយកុងតឺណឺ ដែលមានទឹកប្រាក់ ២០០លានយ៉េនជប៉ុន ប្រមាណ ១.៨លានដុល្លារអាមេរិក) និងទី២-ការអនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ដែលមានទឹកប្រាក់ ៣៣៩លានយ៉េនជប៉ុន ប្រមាណជាង ៣លានដុល្លារអាមេរិក។
ពិធីនេះដែរចុះហត្ថលេខារវាងលោក ហ៊ីដេហ៊ីសា ហូរីណូឈិ (Hidehisa Horinouchi) ឯកអគ្គរាជទូតវិសាមញនិងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ជាមួយលោក អ៊ឹង រចនា ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាពព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន៕







No comments:

Post a Comment