Friday, May 31, 2019

អាជ្ញាធរជាតិអប្សរាបិទវគ្គអប់រំបរិស្ថានកុមារក្នុងរមណីយដ្ឋានអង្គរ

ក្រោមកិច្ចសហការរវាងមន្ទីអប់រំ យុវជន និងកីឡាខេត្តសៀមរាប ស្ថាប័នធានាគុណភាពជប៉ុន (JQA) សាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេសជប៉ុន និងអាជ្ញាធរជាតិអប្សរាបានអនុវត្តកម្មវិធីអប់រំបរិស្ថានកុមារដើម្បីបញ្ជ្រៀបចំណេះដឹងអំពីបរិស្ថាន នៅសាលាបឋមសិក្សាដូនឪ សាលាបឋមសិក្សាត្រពាំងស្វាយ និងសាលាបឋមសិក្សាគោកគ្រើល។ កម្មវិធីបញ្ជ្រៀបចំណេះដឹងបរិស្ថាននេះមានរយៈពេល៧ខែ ពោលគឺចាប់ផ្តើមពីខែវិច្ឆិកា ឆ្នាំ២០១៨ និងបានបិទបញ្ចប់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩។
ថ្លែងក្នុងពិធីបិទវគ្គ លោក Saturu KISHINO តំណាងស្ថាប័នធានាគុណភាពជប៉ុនបញ្ជាក់ថា ការ បណ្តុះគំនិតឱ្យកុមារមានទម្លាប់ចេះគិតនិងស្រឡាញ់បរិស្ថានពីក្មេង នឹងបណ្តុះគំនិតស្រឡាញ់បរិស្ថានរបស់ពួកគេកាន់តែច្រើននាពេលអនាគត។ កម្មវិធីនេះ បានជំរុញការផ្លាស់ប្តូរឥរិយាបថរបស់សិស្សដើម្បីលុបបំបាត់ឬកាត់បន្ថយសំរាមក្នុងសាលារៀនឱ្យមានទេសភាពស្អាត។ សម្រាប់ទិសដៅអនាគត លោកសង្ឃឹមថា សិស្សានុសិស្សនិងសាលាទាំងអស់នឹងមានភាពម្ចាស់ការ ឯករាជ្យក្នុង ការថែរក្សាបរិស្ថានដោយខ្លួនឯងព្រមទាំងអាចបង្រៀនសាលាផ្សេងៗឱ្យយល់ដឹងពីបរិស្ថានកាន់តែទូលំទូលាយ។
អ្នកគ្រូ អឿម វណ្ណៈ បង្រៀនថ្នាក់ទី៦ «ក» នៃសាលាបឋមសិក្សាដូនឪ បានកត់សម្គាល់ថា ក្រោយពីទទួលបានការអប់រំបរិស្ថាន សិស្សចេះសម្អាតបរិស្ថានជុំវិញខ្លួន ចេះញែកសំរាម និងបន្ថយការប្រើសំរាម ហើយយកចំណេះដឹងទៅអនុវត្តនៅតាមសហគមន៍បានទៀតផង។ អ្នកគ្រូនឹងបន្តជំរុញនិងបណ្តុះស្មារតីសិស្សក្នុងការស្រឡាញ់បរិស្ថានដល់ពួកគេគ្រប់ជំនាន់ព្រោះបរិស្ថានស្អាត នាំឱ្យមានសុខភាពល្អ និងអារម្មណ៍ស្រស់ថ្លា។
ក្នុងនាមប្រធានគ្រប់គ្រងប្រព័ន្ធបរិស្ថាននៃអាជ្ញាធរជាតិអប្សរា លោក សុខ លក្ខិណា ក៏បានថ្លែង អំណរគុណដល់ស្ថាប័នធានាគុណភាពជប៉ុនដែលបានចូលរួមជាមួយអាជ្ញាធរជាតិអប្សរាក្នុងការជំរុញនិងលើកកម្ពស់បរិស្ថានដ៏មានប្រសិទ្ធភាពក្នុងរមណីយដ្ឋានអង្គរព្រោះការងារបរិស្ថានចាំបាច់មានការចូលរួមទាំងអស់គ្នា និងប្រើរយៈពេលយូរទើបសម្រេចបានផល៕
អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
រូបភាព៖ លោក ហាប់ គឹមអាន





No comments:

Post a Comment