Friday, December 28, 2018

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមក្នុងពិធីសម្ពោធវិមាន ឈ្នះ ឈ្នះ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨នេះ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គម Facebook បានអំពាវនាវដល់បងប្អូនជនរួមជាតិ និងភ្ញៀវអន្តរជាតិ អញ្ជើញចូលរួមក្នុងពិធីសម្ពោធវិមានឈ្នះឈ្នះឲ្យបានច្រើនកុះករ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ស្អែកនេះ។
ប្រមុខរាជរដ្ឋាភិបាលបានលើកឡើងថា វិមានឈ្នះ ឈ្នះ គឺបញ្ជាក់ច្បាស់ថា កម្ពុជាបានរួបរួមគ្នាជាធ្លុងមួយ ឈ្នះរួចផុតពីសង្រ្គាម ឈ្នះរួចផុតពីរបបប្រល័យពូជសាសន៍ ឈ្នះរួចផុតពីការបែងចែកទឹកដីតំបន់ត្រួតត្រា ឈ្នះរួចផុតពីភាពក្រីក្រ និងឈ្នះរួចផុតពីការអុចអាលដោយបរទេស ដែលពេលនេះកម្ពុជាកំពុងដឹកនាំអនាគតវាសនាប្រទេសជាតិ ឆ្ពោះទៅរកភាពរុងរឿងនៅក្នុងសន្តិភាពដ៏យូរអង្វែងនេះតទៅ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរក្នុង Facebook យ៉ាងដូច្នេះថា «វិមានឈ្នះ ឈ្នះ នឹងសម្ពោធនៅថ្ងៃស្អែកទី ២៩ ធ្នូ ២០១៨។កម្ពុជាអបអរសាទរចំពោះសមិទ្ធផលប្រវត្តិសាស្រ្តនៃវិមាន ឈ្នះ ឈ្នះ ដែលត្រូវបានកសាងរួចស្រេចជាស្ថាពរនៅលើទឹកដីសុវណ្ណភូមិ។ វិមានឈ្នះ ឈ្នះ គឺជាតំណាងនៃការបង្រួបបង្រួមជាតិ ឯករាជ្យជាតិ សាមគ្គីភាព បូរណភាពទឹកដី វឌ្ឍនភាព និងវិបុលភាពនៃកម្ពុជាទាំងមូល។ វិមានឈ្នះ ឈ្នះ គឺបញ្ជាក់ច្បាស់ថា កម្ពុជាបានរួបរួមគ្នាជាធ្លុងមួយ ឈ្នះរួចផុតពីសង្រ្គាម ឈ្នះរួចផុតពីរបបប្រល័យពូជសាសន៍ ឈ្នះរួចផុតពីការបែងចែកទឹកដីតំបន់ត្រួតត្រា ឈ្នះរួចផុតពីភាពក្រីក្រ និងឈ្នះរួចផុតពីការអុចអាលដោយបរទេស ដែលពេលនេះកម្ពុជា កំពុងដឹកនាំអនាគតវាសនាប្រទេសជាតិឆ្ពោះ ទៅរកភាពរុងរឿង នៅក្នុងសន្តិភាពដ៏យូរអង្វែងនេះតទៅ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវ សូមអញ្ជើញបងប្អូនជនរួមជាតិ និងភ្ញៀវទេសចរអន្តរជាតិចូលរួមសម្ពោធ វិមានឈ្នះ ឈ្នះ ដែលនឹងប្រារព្វធ្វើនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ (រយៈពេល៣ថ្ងៃ) នៅមហាវិថីឈ្នះ ឈ្នះ ទល់មុខពហុកីឡាដ្ឋានមរតកតេជោនៅតំបន់អភិវឌ្ឍន៌ លីយ៉ុងផាត់»៕

No comments:

Post a Comment