Friday, December 28, 2018

ដំណើរឆ្ពោះទៅការប្រារព្ធខួបលើកទី ២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តដោយជោគជ័យនយោបាយឈ្នះឈ្នះ (វគ្គ៤)

នៅថ្ងៃទី៣ ខែសីហា ឆ្នាំ ១៩៩៦ សម្តេចតេជោ ហ៊ុន សែន បានធ្វើការប្រកាសព័ត៌មានផ្លូវការអំពីការផ្តាច់ខ្លួនរបស់ខ្មែរក្រហមនៅប៉ៃលិន និងម៉ាឡៃ ដែលធ្វើឱ្យប៉ុល ពត នួន ជា ខៀវ សំផន សុន សេន ស្លន់ស្លោរជាទីបំផុត ហើយមន្ត្រីមួយចំនួនទាំងនៅក្នុងគណបក្ស និងក្នុងជួររដ្ឋាភិបាលចម្រុះស្រឡាំងកាំងចំពោះព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើល និងនឹកស្មានមិនដល់នេះ។ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ ១៩៩៦ វិទ្យុឧទ្ទាមខ្មែរក្រហម ប៉ុល ពត បានផ្សាយពីការកាត់ទោសប្រហារជីវិត អៀង សារី ដែលក្បត់ចលនារបស់ខ្លួន និងមានការផ្ទុះអាវុធក្នុងតំបន់ម៉ាឡៃរវាងកម្លាំងតាម៉ុក និងសុន សេន និងកងពល ៤៥០ បង្កឱ្យមានចលនាចលនៅក្នុងតំបន់ម៉ាឡៃ ហើយព្រឹត្តិការណ៍នេះបានជំរុញឱ្យកងពល ៤៥០ របស់លោក សុខ ភាព និងកងពល ៤១៥ របស់លោក អ៊ី ឈាន ឈានដល់ការផ្តាច់ខ្លូនទាំងស្រុងពីក្រុម ប៉ុល ពត ប៉ុន្តែមិនទាន់ចូលសមាហរណកម្ម ជាមួយរដ្ឋាភិបាលនៅឡើយ។ នៅពេលនោះ កងពល ៥១៩ ដឹកនាំដោយព្រំ ស៊ូ នៅតំបន់ម៉ាឡៃ រណសិរ្ស ២៥០ និង៣៥០ នៅភ្នំព្រឹក ដែលកំពុងតែប្រុងប្រៀបផ្តាច់ខ្លួនដែរនោះ ក៏មានស្ថានភាពច្របូកច្របល់អាស្រ័យដោយបុគ្គលមួយចំនួនជាសមាជិកនៃបក្សដៃគូក្នុងរដ្ឋាភិបាលចម្រុះបានបង្កឡើង។
នៅថ្ងៃទី៨ ខែសីហា ឆ្នាំ ១៩៩៦ សភាពការណ៍នៅម៉ាឡៃ និងប៉ៃលិន ចាប់ផ្តើមមានការប្រែប្រួល ដោយសារតែមូលហេតុមកពីដៃគូក្នុងរាជរដ្ឋាភិបាលចម្រុះក្នុងអាណត្តិទី១ គណបក្សហ៊្វុនស៊ិនប៉ិចនៅពេលនោះ ដែលដឹកនាំដោយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទៅអូសទាញ និងបញ្ចុះបញ្ចូលបងប្អូនផ្តាច់ខ្លួនស្របនឹងយុទ្ធសាស្ត្រដ៏ខុសឆ្គង ដែលខ្លួនបានដាក់ចេញនៅឯទីក្រុងព្រះសីហនុនាថ្ងៃទី២១ និង ២២ ខែមករា ឆ្នាំ១៩៩៦ គឺ «យុទ្ធសាស្ត្រតុល្យភាពយោធា និងការប្រឈមមុខ»។ ទំនាក់ទំនងជាមួយក្រុមខ្មែរក្រហមផ្តាច់ខ្លួន ត្រូវបានគេដឹងថាបានធ្វើឡើងជាមួយលោក ព្រំ ស៊ូ ដែលត្រូវជាឪពុកមារបស់ឧត្តមសេនីយ៍ ញឹក ប៊ុនឆៃ។ ដោយសារតែបញ្ហានេះ កម្លាំងផ្តាច់ខ្លួនកងពល ៤៥០ និង ៤១៥ ដែលស្ថិតក្រោមឆ័ត្ររបស់ អៀង សារី មិនព្រមធ្វើសមាហរណកម្ម ហើយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ ១៩៩៦ អៀង សារី បានប្រកាសបង្កើតចលនាមួយឈ្មោះថា «ចលនាបង្រួបបង្រួមជាតិប្រជាធិបតេយ្យ» ដើម្បីតថ្លៃជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។ ចាប់ពីពេលនេះហើយដែលប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ត្រូវបានពង្រីកដើម្បីឆ្លើយតបទៅ នឹងសភាពការណ៍ជាក់ស្តែង ហើយម្យ៉ាងទៀតផែនការសម្ងាត់ដែលអនុវត្តកន្លងមក ក៏បានយោគជ័យជាហូរហែរ និងមនុស្សម្នាបានដឹងគ្រប់គ្នា។
ក្នុងបញ្ហាប្រឈមនៃការអនុវត្តនយោបាយឈ្នះឈ្នះនេះ សម្តេចតេជោ ហ៊ុន សែន បិតាស្ថាបនិក យុទ្ធសាស្ត្រឌីហ្វីដ និងនយោបាយឈ្នះឈ្នះ បានមានប្រសាសន៍ពន្យល់នាពេលកន្លងទៅថា ដោយសារតែផ្ទៃក្នុងរាជរដ្ឋាភិបាលចម្រុះអាណត្តិទី១ មិនឯកភាពគ្នា។ សម្តេចបានហៅការចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច ក្នុងការបង្កើតរាជរដ្ឋាភិបាលចម្រុះនៅពេលនោះថាជា «សម្ព័ន្ធភាពមិនស្មោះត្រង់ ឬជាអំពើក្បត់នៅក្នុងសម្ព័ន្ធភាព»។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានរំឮកថា ក្រោយពីទទួលទូរស័ព្ទពីនាយឧត្តមសេនីយ៍ ប៉ុល សារឿន ដែលបានរាយការណ៍ពីការបះបោរនៅប៉ៃលិន សម្តេចបានធ្វើសេចក្តីបញ្ចប់ឱ្យលឿនបំផុតនូវសុន្ទរកថាក្នុងពិធីសម្ពោធស្ថានីយ៍វិទ្យុ និងទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ដើម្បីចេញមកធ្វើសេចក្តីថ្លែងការណ៍ និងស្នើសុំសម្តេចក្រុមព្រះ ចុះហត្ថលេខា ប៉ុន្តែពេលនោះ សម្តេចក្រុមព្រះមិនព្រមចុះហត្ថលេខាឡើយ។ ហេតុដូច្នេះហើយបានជាសេចក្តីថ្លែងការណ៍ទី១ គឺមានខ្ញុំដែលជាអ្នកចុះហត្ថលេខាតែម្នាក់ឯង។ ហើយស្រាប់តែសម្តេចក្រុមព្រះបានលើកឡើងថា សុំឱ្យមានការចរចាជាមួយ សុន សេន នៅថ្មដូនថ្មរយ ដែលនេះអាចជាការរៀបចំរបស់ឧត្តមសេនីយ៍ ញឹក ប៊ុនឆៃ។ ខ្ញុំប្រាប់ទៅសម្តេចក្រុមព្រះវិញថាព្រះអង្គ អត់បានទេ! បើព្រះអង្គចរចាជាមួយសុន សេន មានតម្លៃស្មើនឹងសម្លាប់កម្លាំងផ្តាច់ខ្លួន។ ប៉ុន្តែព្រះអង្គមិនព្រម»។
នៅចំពោះមុខស្ថានការណ៍នេះ សម្តេចតេជោ ហ៊ុន សែន នៅពេលនោះក្នុងនាមជានាយករដ្ឋមន្ត្រី ទី២ បានធ្វើសេចក្តីសម្រេចចិត្តដ៏អង់អាចក្លាហានមួយដើម្បីបុព្វហេតុសន្តិភាព ការផ្សះផ្សានិងបង្រួបបង្រួមជាតិខ្មែរ ដោយសម្តេចបានដំណើរទៅតំបន់ប៉ៃលិននៅថ្ងៃទី២៣ ខែសីហា ឆ្នាំ ១៩៩៦ ខណៈពេលនោះ អៀង សារី និងកម្លាំងកងពល ៤៥០ របស់លោកសុខ ភាព នៅម៉ាឡៃ និងកងពល ៤១៥ របស់លោក អ៊ី ឈាន នៅប៉ៃលិន បានបះបោរផ្តាច់ខ្លួន ប៉ុន្តែមិនទាន់ធ្វើសមាហរណកម្មចូលជាមួយរាជរដ្ឋាភិបាលទេ។
នេះជាទស្សនកិច្ចមួយដែលគេហៅថាជាការសម្រេចចិត្តមួយដ៏អង់អាចក្លាហាន របស់សម្តេចតេជោ ហ៊ុន សែន ចូលក្នុងរូងខ្លាខ្មែរក្រហមដែលជាគូបក្ខដិបក្ខទី១ របស់សម្តេច។ សម្តេចតេ ជោ ហ៊ុន សែន ធ្លាប់បានរំឭកជាច្រើនលើកច្រើនសាថា មាតានិងម្តាយធំជាទីស្រឡាញ់របស់សម្តេចបានឃាត់សម្តេចមិនឱ្យទៅកាន់តំបន់ខ្មែរក្រហមឡើយ ប៉ុន្តែសម្តេចបានជម្រាបមាតា និងម្តាយធំសម្តេចថា៖ «បើខ្ញុំចូលទៅ ស្លាប់ គឺស្លាប់តែម្នាក់ឯង ប៉ុន្តែបើបានជោគជ័យគឺយើងនឹងទទួលបានផែនដីទាំងមូល»។ អ្វីដែលជាការតាំងចិត្តរបស់ សម្តេចនៅពេលនោះ ឥឡូវនេះ ជាតិនិងប្រជាជនកម្ពុជាកំពុងតែទទួលបាន និងជាការពិត។
ចំណែកសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រីទី១ បានយាងទៅតំបន់ប៉ៃលិននៅថ្ងៃទី២៥ សីហា ឆ្នាំ ១៩៩៦ ពោលគឺពីរថ្ងៃក្រោយការអញ្ជើញទៅរបស់សម្តេចតេជោ ហ៊ុន សែន។ យោងតាមរបាយការណ៍របស់ឯកឧត្តម សេរី កុសល សម្តេចក្រុមព្រះយាងទៅតំបន់ប៉ៃលិនគឺដើម្បីបបួលលោក អៀង សារី ធ្វើរណសិរ្សរួបរួមជាតិ ដែលក្នុងនោះមានគណបក្សហ៊្វុនស៊ិនប៉ិចជាស្នូល គណបក្សលោកតាសឺន សាន គណបក្សជាតិជាតិខ្មែររបស់ សម រង្ស៊ី គណបក្សរបស់លោក ប៊ូ ហែល និងចលនាបង្រួបបង្រួមជាតិប្រជាធិបតេយ្យ របស់លោក អៀង សារី។ ចាប់តាំងពីពេលនោះ បញ្ហាកើតមានជាហូរហែររហូតដល់ភាគី រហូតដល់ចុងក្រោយកិច្ចព្រមព្រៀងរវាងគណបក្សហ៊្វុនស៊ិនប៉ិច និងក្រុមឧទ្ទាមខ្មែរក្រហមនៅអន្លង់វែងត្រូវបាន ចុះហត្ថលេខាដោយម្ខាងចុះហត្ថលេខា ដោយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងអមដោយ ញឹក ប៊ុនឆៃ និងម្ខាងទៀតចុះហត្ថលេខាដោយ ខៀវ សំផន និងអមដោយ ទេព ឃុនណាល់ តំណាងភាគីខ្មែរក្រហម។
កិច្ចព្រមព្រៀងនេះក្រោយមកត្រូវបានឧត្តមសេនីយ៍ សេរី កុសល ថ្លែងថា ប្រាប់អ្នកសារព័ត៌មានថា៖ «ទិសដៅរបស់មេដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចនៅពេលនោះ គឺប្រមូលខ្មែរក្រហមមកចូលរួមជាមួយគណបក្សខ្លួន ដោយធ្វើការប្រមូលមិនថានរណាជានរណាទេ ទោះបីជាបានធ្វើសមាហរណកម្ម ជាមួយរាជរដ្ឋាភិបាលក៏ដោយ។ តាមគម្រោង ពេលប្រមូលបានហើយផែនការបន្ទាប់គឺបញ្ចូលអ្នកទាំងនោះមកធ្វើជាសមាជិកសមា ជិកាគណបក្សហ៊្វុនស៊ិនប៉ិចតែម្តង ដើម្បីបង្កើនកម្លាំងនៃការគាំទ្រទប់ទល់នឹងគណបក្សប្រជាជនកម្ពុជា ដែលកាន់តែមានប្រជាប្រិយភាពឡើងក្នុងចំណោមប្រជាជន»។
មុននឹងការធ្វើសមាហរណកម្ម តំបន់មួយចំនួនជាពិសេស ប៉ៃលិន ម៉ាឡៃ សំឡូត ស្ថិតនៅក្នុងការប្រទីញប្រទង់គ្នារវាងកម្លាំងរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រុមកម្លាំងគណបក្សហ៊្វុនស៊ិនប៉ិច ដែលព្យាយាម អនុវត្តយុទ្ធសាស្ត្រ «យុទ្ធសាស្ត្រតុល្យភាពយោធា និងការប្រឈមមុខ» និងបានចាប់យកលោក អៀង សារី និងកម្លាំងដែលស្ថិតនៅក្រោមឆ័ត្ររបស់គាត់ធ្វើជាខែល ដើម្បីតថ្លៃជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។ ក្រុម ប្រតិបត្តិករខ្លះដូចជាលោក កែវ ពង្ស ជាដើមស្ទើរស្លាប់បាត់ជីវិតដោយសារតែគេមើលឃើញថា ជាឆ្អឹងទទឹងក នៃការលេបកម្លាំងខ្មែរក្រហមពង្រីកបក្សរបស់គណបក្សហ៊្វុនស៊ិនប៉ិច។ លោក អៀង សារី បានប្រឹងប្រែងរក្សាកិត្តិយស និងលើកតម្លៃចលនារបស់ខ្លួន និងដើម្បីទាមទារអំណាចក្នុងរដ្ឋាភិ បាលក្រោមការរុញពីក្រោយរបស់គណបក្សហ៊្វុនស៊ិនប៉ិច មេដឹកនាំផ្តាច់ខ្លួន អៀង សារី រួមនឹងក្រុមរបស់គាត់បានយកចិត្តទុកដាក់ពង្រឹងយុទ្ធសាស្ត្ររបស់ខ្លួននៅក្នុងការគ្រប់គ្រងតំបន់រណបដូចជា សំឡូត សំពៅលូន ភ្នំព្រឹក ម៉ាឡៃ និងតំបន់សកម្មជាឈ្នាន់ផ្សេងទៀតមានទន្លេសាប ភូមិសាស្ត្រស្រុកមោង ក្រវ៉ាញជាដើម។ ជាមួយគ្នានេះ អៀង សារី បានព្យាយាមរាំងខ្ទប់មិនឱ្យមានទំនាក់ទំនងដោយផ្ទាល់របស់ក្រុមណាមួយនៅចំណុចណាមួយផ្តាច់ខ្លួនចូលជាមួយរាជរដ្ឋាភិបាលកម្ពុជាដោយមិនតាមរយៈលោកអៀង សារី ឡើយ។
តាមរយៈយុទ្ធសាស្ត្រនេះ ក្រុមផ្តាច់ខ្លួនដឹកនាំដោយ អៀង សារី នៅប៉ៃលិន និងម៉ាឡៃ ចេះតែពន្យារពេល ក្នុងការធ្វើសមាហរណកម្មជាបន្តបន្ទាប់ដោយរកលេសនេះលេសនោះ។
ក្រោយពីមានការផ្តាច់ខ្លួន កិច្ចប្រជុំមួយត្រូវបានរៀបចំឡើងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ ១៩៩៦ នៅ សណ្ឋាគារមួយក្នុងខេត្តច័ន្ទបូរី ប្រទេសថៃ និងជំនួបមួយទៀតបានធ្វើឡើងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ១៩៩៦ នៅកន្លែងដដែលរវាងតំណាងរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍ ប៉ុល សារឿន ឧត្តមសេនីយ៍ ញឹក ប៊ុនឆៃ ឧត្តមសេនីយ៍ កែវ ពង្ស និងឧត្តមសេនីយ៍ស៊ូ គឹមស៊ុន ជួបជាមួយចលនាផ្តាច់ខ្លួនរបស់លោក អៀង សារី ដែលមានលោក អ៊ី ឈាន លោកសុខ ភាព និងលោក អៀង វុធ កូនប្រុស អៀង សារី។ ក្នុងកិច្ចប្រជុំនោះបានផ្តោតលើខ្លឹមសារចំនួន៤គឺ៖
ទី១) ការឈប់បាញ់គ្នារបស់កម្លាំងនៅខ្សែត្រៀម ជួរមុខ និងទំនាក់ទំនងតភ្ជាប់ភូមិសាស្ត្រជាមួយគ្នារវាងកម្លាំងផ្តាច់ខ្លួន និងកម្លាំងរាជរដ្ឋាភិបាល។
ទី២) ស្នើរៀបចំគណៈកម្មការសម្របសម្រួលរវាងរាជរដ្ឋាភិបាលកម្ពុជា និងកម្លាំងផ្តាច់ខ្លួន។
ទី៣) ចលនាផ្តាច់ ខ្លួនស្នើសុំលើកលែងទោស អៀង សារី ដែលត្រូវតុលាការប្រជាជនបដិវត្តន៍ក្រុងភ្នំពេញចេញសាលក្រមនៅ ថ្ងៃទី១៩ ខែសីហា ឆ្នាំ ១៩៧៩ កាត់ទោសប្រហារជីវិតពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ក្នុងរបបខ្មែរក្រហម។
ទី៤) បើកច្រកព្រំដែនកម្ពុជាថៃនៅទិសប៉ៃលិន និងម៉ាឡៃ។ ទោះបីជាមានសម្បទានយ៉ាងច្រើនពីរាជរដ្ឋាភិបាលកម្ពុជា ក៏ក្រុមផ្តាច់ខ្លួនដឹកនាំដោយ អៀង សារី នៅតែចិញ្ចឹមចិត្តក្នុងការទាមទារតម្លៃមួយខ្ពស់ពី រាជរដ្ឋាភិបាល ដោយជឿជាក់ថា ខ្លួននៅតែមានឥទ្ធិពលខ្លាំងក្លាគ្របដណ្តប់ទៅលើមេបញ្ជាការខ្មែរក្រហម ដែលនៅតំបន់រណបរបស់ខ្លួន។ ក៏ប៉ុន្តែខុសអំពីការវាយតម្លៃរបស់ខ្លួន មេដឹកនាំផ្តាច់ខ្លួនដឹកនាំដោយ អៀង សារី ទទួលនូវសម្ពាធយោធាជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាល ដោយបណ្តាភូមិសាស្ត្រដែលជាបង្អែកជួរមុខរបស់ខ្លួនត្រូវបានកងយោធពលខេមរភូមិន្ទធ្វើការទំនាក់ទំនងអូសទាញ និងចូលកាន់កាប់ជាបន្តបន្ទាប់ដូច ជាតំបន់ច្រលព្រាល ទួលគ្រួស តាសាញ់ ទឹកសុខ បាសាក់ អូរដូង ថ្មសំលៀង។
ស្ថានការណ៍នេះបានធ្វើឱ្យ ក្រុមមេដឹកនាំផ្តាច់ខ្លួន អៀង សារី ភិតភ័យ និងបានរម្ភខ្លាចបាត់បង់ជាបន្តបន្ទាប់មិនមានទម្ងន់ក្នុងការតថ្លៃ ជាមួយរាជរដ្ឋាភិបាល។ កាលនោះ លោក អ៉ី ឈាន និងលោក សុខ ភាព បានប្រញាប់រកការអនុញ្ញាតបានចូលជួបសម្តេចតេជោ ហ៊ុន សែន ដើម្បីប្រញាប់ធ្វើសមាហរណកម្មនៅតំបន់ប៉ៃលិន និងម៉ាឡៃដោយមិនជឿតាមការបោកប្រាស់ទៀតទេ។ ក្រោយមកតាមមតិណែនាំរបស់សម្តេចតេ ជោ ហ៊ុន សែន ឯកឧត្តម ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានធ្វើការជួបប្រាស្រ័យជាមួយលោក អៀង សារី និងអតីតមេបញ្ជាការខ្មែរក្រហមមួយចំនួន បន្ទាប់នោះក៏បានសម្រេចចិត្តសមាហរណកម្ម។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថា៖ «តាមពិតទៅ អៀង សារី គ្មានតួនាទីនៅក្នុងការដឹកនាំបះបោរអ្វីឡើយ។ អៀង សារី បានចោលជួរខ្មែរក្រហមតាំងពីទសវត្សរ៍ ៨០។ ប៉ុន្តែហេតុអ្វី យើងត្រូវទៅរកអៀង សារី? ហើយធ្វើឱ្យ អៀង សារី ឡើងថ្លៃទៀត! បញ្ហានៅត្រង់ថា ឆ័ត្រនយោបាយ កម្លាំងផ្តាច់ខ្លួនមានត្រឹមតែប្រធានកងពលដែលដឹកនាំ ចំណែកម្លាំងសេសសល់មានតាំងពីគណៈប្រធានរដ្ឋ ប្រធានសភា រដ្ឋមន្ត្រី។ ឆ័ត្រនយោបាយខុសគ្នាធំណាស់។ ដូច្នេះហើយបានជាខ្ញុំឱ្យ ឯកឧត្តម ទៀ បាញ់ ឯកឧត្តមប៉ុល សារឿន ឯកឧត្តម កែវ គឹម យ៉ាន ធ្វើការងារនេះឱ្យបានឆាប់ជាមួយ អៀង សារី ដើម្បីជាឆ័ត្រនយោបាយ ព្រោះ អៀង សារី ជាអតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរក្រហម។ ប៉ុន្តែវាក៏ជាឱកាសមាសសម្រាប់ អៀង សារី ដែរដែលធ្វើឱ្យគាត់ឡើងថ្លៃ ព្រោះការពិត អៀង សារី អត់មានកម្លាំងទេ។
យើងត្រូវការ អៀង សារី ដើម្បីយកមកធ្វើឆ័ត្រខាងនយោបាយ ឯអ្នកដឹកនាំកម្លាំងបះបោរពិតប្រាកដគឺ អ៉ី ឈាន និងសុខ ភាព។ នៅពេលដែលអៀង សារីមក គាត់បានទប់ស្កាត់ចលនាបះបោរនេះ តាមរយៈការបង្កើតចលនាបង្រួបបង្រួមជាតិប្រជាធិបតេយ្យ។ ផែនការបង្កើតកម្លាំងទី៣ របស់អៀង សារី ដើម្បីតថ្លៃ មិនមែនត្រឹមតែលើកលែងទោសទេ ប៉ុន្តែដើម្បីគ្រប់គ្រងកម្លាំង និងទឹកដី ដើម្បីតថ្លៃ។ ចង់បានអ្វីមួយដែលយើងមិនអាចដឹងបាន ព្រោះផែនការនេះត្រូវបានយើងបំផ្លាញចោលតាមរយៈ ការធ្វើសមារណកម្មកម្លាំងនៅសំឡូត កំរៀង ភ្នំព្រឹក ដែលជំរុញឱ្យ អៀង សារី ឈប់រារាំងកម្លាំងនៅប៉ៃលិន និងម៉ាឡៃធ្វើសមាហរណកម្ម»។
ទាក់ទងនឹងការស្នើសុំធ្វើសមាហរណកម្មនេះ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ១៩៩៦ សម្តេចតេជោ ហ៊ុន សែន ធ្វើសេចក្តីថ្លែងការណ៍ពិសេសមួយតាមវិទ្យុដោយមានប្រសាសន៍ថា៖ «ខ្ញុំសូមជម្រាបជូនជនរួម ជាតិជាទីស្នេហាថាសន្តិភាពបានកើតមានឡើងភាគច្រើនលើចំណែកដែនដីដែលនៅសេសសល់»។ សម្តេចនា យករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ១៩៩៦ សម្តេចបានជួបជា ពិភាក្សាជាមួយបណ្តាមេបញ្ជាការកងឯកភាពនានា​ដែលមិនត្រឹមតែបានផ្តាច់ខ្លួនចេញពីក្រុមឧទ្ទាមខ្មែរក្រហមប៉ុណ្ណោះទេ តែក៏បានផ្តាច់ខ្លួនពីរបស់ដែលហៅថា ចលនាបង្រួបបង្រួមជាតិប្រជាធិបតេយ្យ។
សម្តេច បានពន្យល់ពីមូលហេតុ ដែលមានការអូសបន្លាយពេលនៃការធ្វើសមាហរណកម្មចាប់ពីថ្ងៃទី៩ ខែសីហារហូតដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ១៩៩៦ របស់កម្លាំងនៅប៉ៃលិន និងម៉ាឡៃ គឺមិនមែនស្ថិតត្រង់កម្លាំងផ្តាច់ខ្លួនរបស់លោក អៀង សារី អ៊ី ឈាន និងសុខ ភាព ទាំងស្រុងនោះទេ តែផ្ទុយទៅវិញកម្ពុជាអភ័ព្ទណាស់ ជនរួមជាតិកម្ពុជាអភ័ព្ទណាស់ ដោយមានអ្នកនយោបាយនៅទីក្រុងភ្នំពេញមួយចំនួនទៅប្រាប់បងប្អូនខ្មែរ ក្រហមផ្តាច់ខ្លួននៅប៉ៃលិន និងម៉ាឡៃថាឱ្យទាមទារឋានៈតួនាទីខ្ពស់ៗក្នុងជូរកងទ័ពនិងកងប៉ូលិស ហើយ បើទាមទារមិនបាន គេបញ្ជាក់ឱ្យបងប្អូនទាំងនោះអូសបន្លាយពេលវេលានៃការធ្វើសមាហរណកម្មកម្លាំងបន្តទៀត។ បញ្ហានេះហើយដែលជាមូលហេតុពិតប្រាកដនៃការអូសបន្លាយពេលវេលាសមាហរណកម្ម។
ដោយសារមានការមិនទុកចិត្តមកលើដៃគូក្នុងរដ្ឋាភិបាលចម្រុះ និងមានយុទ្ធសាស្ត្រខុសឆ្គងក្នុងការធ្វើតុល្យភាពកម្លាំង គណបក្សហ៊្វុនស៊ិនប៉ិចដឹកនាំដោយសម្តេចក្រុមព្រះ បាននាំអាវុធចូលក្នុងប្រទេសរាប់តោនដោយមិនបានឱ្យដៃគូក្នុងរដ្ឋាភិបាលចម្រុះដឹង និងព្រមទាំងបាននាំយកកម្លាំងខ្មែរក្រហមចូលមក កាន់រាជធានីភ្នំពេញ ដែលត្រូវបានគេពិពណ៌នាថាជាលើកទី១ ក្រោយពីការផ្តួលរំលំរបបខ្មែរក្រហមនៅថ្ងៃ ទី៧ ខែមករា ឆ្នាំ ១៩៧៩ ដែលមានកម្លាំងខ្មែរក្រហមមានវត្តមានក្នុងរាជធានីភ្នំពេញជាថ្មីម្តងទៀត រហូតដល់ការវាយប្រយុទ្ធគ្នានៅថ្ងៃទី៥ និងទី៦ ខែកក្កដា ឆ្នាំ ១៩៩៧ រវាងកម្លាំងកងទ័ពរាជរដ្ឋាភិបាលកម្ពុជា និងកម្លាំងស្មោះនឹងគណបក្សហ៊្វុនស៊ិនប៉ិច និងក្រុមទាហានខ្មែរក្រហមដោយសារតែ ទី១) យុទ្ធសាស្ត្រធ្វើ តុល្យភាពកម្លាំងរបស់គណបក្សហ៊្វុនស៊ិនប៉ិចដោយយកកម្លាំងខ្មែរក្រហមបញ្ចូលជាកម្លាំងរបស់គណបក្សហ៊្វុនស៊ិនប៉ិច ទី២) បង្កើតរណសិរ្សរួបរួមជាតិប្រឆាំងនឹងរដ្ឋាភិបាលចម្រុះខ្លួនឯង ទី៣) នាំចូលអាវុធដោ យខុសច្បាប់ ទី៤) ការចរចាជាមួយខ្មែរក្រហម ជាសម្ងាត់ដើម្បីយកមកបង្កើនកម្លាំងរបស់ខ្លួន និងបានចល័តកម្លាំងខ្មែរក្រហមចូលដល់ទីក្រុងភ្នំពេញ ដោយមិនបានខ្វាយខ្វល់នឹងសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈរបស់ពលរដ្ឋខ្មែរ ក៏ដូចជាសុខសន្តិភាពរបស់ជាតិ និងប្រជាជន។
ការវាយប្រយុទ្ធគ្នាបាន អូសបន្លាយជិតមួយឆ្នាំ និងក្រោយមកក៏មានការបោះឆ្នោតនាខែកក្កដា ឆ្នាំ ១៩៩៨ គណបក្សប្រជាជន កម្ពុជាបានឈ្នះការបោះឆ្នោតទទួលបាន ៦៤ អាសនៈ គណបក្សហ្វ៊ុនស៊ិនប៉ិចបានចាញ់ឆ្នោតទទួលបាន ៤៣ អាសនៈ និងគណបក្សសម រង្ស៊ី ទទួលបាន ១៥ អាសនៈ។ ចំពោះលទ្ធផលនេះត្រូវបានគេមើលឃើញសម្តេចក្រុមព្រះ មិនមែនជាអ្នកដឹកនាំដែលគួរឱ្យទុកចិត្តទៀតនោះទេ។ ចំពោះបងប្អូនខ្មែរក្រហម នៅតំបន់អន្លង់វែងដែលជាមូលដ្ឋានចុងក្រោមរបស់ខ្មែរក្រហម បានលើកឡើងថានយោបាយរបស់សម្តេចក្រុមព្រះ បានធ្វើឱ្យក្រុមខ្មែរក្រហមនៅទីនោះអស់ជំនឿ។ ស្របពេលដែលមេស្ថាបនិកនៃរបបខ្មែរក្រហម ប៉ុល ពត បានស្លាប់នៅខែមេសា ឆ្នាំ ១៩៩៨ និងការបោសសម្អាតគ្នាឯងចុងក្រោយក្នុងចំណោមក្រុមមេដឹកនាំខ្មែរក្រហម ក្រុមខ្មែរក្រហមនៅតំបន់អន្លង់វែងក៏បានបញ្ឈប់នយោបាយ ចាក់ខ្សែជាមួយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងបានមើលឃើញថាមនុស្សដែលមានសុចរិតភាព ទៀងត្រង់និងស្មោះត្រង់បម្រើជាតិ សាសនា ព្រះមហាក្សត្រ និងជាវិរជនបង្រួបបង្រួម និងផ្សះផ្សាជាតិខ្មែរ ពិតប្រាកដ ជាវិរជនសន្តិភាព និងដែលមាននយោបាយសន្តោសប្រណីជានិច្ច និងតែងតែបើកចំហរឱកាស ឱ្យអ្នកមានកំហុសកែខ្លួនដោយមិនប្រកាន់ទោសពៃរ៍គឺមានតែសម្តេចតេជោ ហ៊ុន សែន តែប៉ុណ្ណោះ។
ដូច្នេះហើយបានជាកម្លាំងខ្មែរក្រហម ដែលនៅសេសសល់ចុងក្រោយ ដែលរួមមានគណៈរដ្ឋមន្រ្តីរបស់ខ្មែរក្រហមទាំង មូលរួមមាន អតីតប្រមុខេរដ្ឋ ខៀវ សំផន អតីតប្រធានសភា នួន ជា អៀង សារី ចាន់ យូរ៉ាន់ ជួន ជឿន ព្រមទាំងក្រុមគ្រួសារបានធ្វើដំណើរមកគេហដ្ឋានសម្តេចតេជោ ហ៊ុន សែន នៅទីក្រុងតាខ្មៅដើម្បីចុះចូលជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ខ្មែរក្រហមត្រូវបានបញ្ចប់ទាំងស្រុង ហើយកម្លាំងសេសសល់ត្រូវបានចូលធ្វើសមាហរណកម្ម។ នេះគឺជាជោគជ័យដ៏ធំធេងនៃការយុទ្ធសាស្ត្រឌីហ្វីដ និងនយោបាយឈ្នះឈ្នះដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន នៅក្នុងការំលាយអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហមដែលមានអាយុជាងកន្លះសតវត្សរ៍ នាំយក សុខសន្តិភាព ការបង្រួបបង្រួមជាតិ ការផ្សះផ្សាជាតិ ឯកភាពជាតិ និងឯកភាពទឹកដីជូនជាតិ និងប្រជាជនកម្ពុជា នៅក្នុងរយៈពេល ៥០០ ឆ្នាំចុងក្រោយនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។
នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០១៨ គឺជាគម្រប់ខួប ២០ ឆ្នាំនៃការបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលនៅ កម្ពុជា នាំសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដល់ប្រជាពលរដ្ឋខ្មែរ។ កម្ពុជាក័នឹងចូលរួមអបអរសាទរពិធីសម្ពោធវិមានឈ្នះឈ្នះដែលជានិមិត្តរូបនៃភាពជោគជ័យនៃការអនុវត្តនយោបាយឈ្នះឈ្នះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន និងមានការចូលរួមពីមន្ត្រីអ្នកមុខអ្នកការនិងប្រជាពលដ្ឋជាច្រើនម៉ឺននាក់៕
សូមរង់ចាំអានអត្ថបទវគ្គទី៥ ដែលនឹងបរិយាយពីមេរៀន និងបទពិសោធនៃនយោបាយឈ្នះឈ្នះសម្រាប់ព្រះរាជាណាចក្រកម្ពុជា
ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨




















No comments:

Post a Comment