Friday, November 02, 2018

កម្ពុជារៀបចំបញ្ជូនកងទ័ពមួកខៀវ ២១៦នាក់ទៀត ទៅបំពេញបេសកកម្មរក្សាសន្តិភាព នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល

នៅថ្ងៃទី២ ខែវិចិ្ឆកា ឆ្នាំ២០១៨នេះ កម្ពុជាបានបញ្ជូនកងវិស្វកម្មលេខ៥៩៤ ចំនួន២១៦នាក់ទៀត ទៅចូលរួមបេសកកម្មរក្សាសន្តិភាព ក្រោមស្លាកអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ ក្នុងចំណោម កងវិស្វកម្មលេខ៥៩៤ ចំនួន២១៦នាក់ មានកងនារី១០នាក់ផងដែរ។
ពិធីជូនដំណើរកងវិស្វកម្មលេខ៥៩៤ ទាំង២១៦នាក់ ប្រព្រឹត្តទៅក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស នៅមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង រាជធានីភ្នំពេញ។
ក្រៅពីរៀបចំពិធីជូនដំណើរដល់កងវិស្វកម្មលេខ៥៩៤ កម្ពុជាក៏រៀបចំកម្មវិធីមាតុភូមិនិវត្តន៍ នៃកងវិស្វកម្មលេខ៩៥៤ ចំនួន២១៦នាក់ ពីសាធាណរដ្ឋអាហ្វ្រិកកណ្តាល និងកងរាជអាវុធហត្ថ លេខ៦១៨ ចំនួន៧៣នាក់ ពីសាធារណរដ្ឋស៊ូដង់ខាងត្បូងផងដែរ។
កម្មវិធីពិធីមាតុភូមិនិវត្តន៍ នឹងត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាង លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅវេលាម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅមូលដ្ឋានទ័ពអាកាសពោធិ័ចិនតុង រាជធានីភ្នំពេញ។
បើតាមសេចក្តីប្រកាសដែលចេញដោយ នាយឧត្តមសេនីយ៍ ឈុំ សុជាត, កងវិស្វកម្ម លេខ៥៩៤ គឺជាកងវិស្វកម្ម លើកទី៥ហើយ ដែលត្រូវបញ្ជូន ទៅចូលរួមបេសកកម្មរក្សាសន្តិភាព នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ហើយកងនេះ នឹងត្រូវទៅប្តូរវេនជំនួសកងវិស្វកម្មលេខ៩៥៤ ដែលបានសម្រេចភារកិច្ចដោយជោគជ័យ ក្នុងបេសកកម្មរក្សាសន្តិភាព អាណត្តិ១ឆ្នាំរបស់ខ្លួន នៅសាធាណរដ្ឋអាហ្វ្រិកកណ្តាល ៕







No comments:

Post a Comment