Wednesday, August 15, 2018

ក្រសួងសុខាភិបាល ជូនដំណឹងឱ្យបញ្ឈប់ការប្រើប្រាស់គ្រឿងសំអាង Firmax3 Cream ជាបន្ទាន់ព្រោះអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត

ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋដែលកំពុងប្រើប្រាស់គ្រឿងសម្អាងឈ្មោះ Firmax3 Cream បញ្ឈប់ការប្រើប្រាស់ជាបន្ទាន់ ព្រោះវាអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព និងមានគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀតផង។ ការអំពាវនាវរបស់ក្រសួងសុខាភិបាល ធ្វើឡើងបន្ទាប់ពីពិនិត្យឃើញថា លើបណ្ដាញសង្គម Facebook មានអ្នកចែកចាយផលិតផលនេះ បានផ្សព្វផ្សាយអួតអាង ភូតកុហក បោកប្រាស់ បំផ្លើសហួសពីការពិតនូវផលិតផលប្រភេទនេះ។
ពួកគេបានអួតអាងថា ផលិតផលនេះអាចព្យាបាលជំងឺសន្លាក់ដៃជើង ជំងឺបេះដូង ខ្លាញ់រុំសសៃឈាមជំងឺទឹកនោមផ្អែម ទឹកនោមប្រៃ ជំងឺក្រពះ ពោះវៀន ជំងឺឬសដូងបាត ជំងឺស្រ្ដីគ្រប់ប្រភេទ ជំងឺលើសឈាម ព្រមទាំងជំងឺជាច្រើនមុខទៀត។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា «ផលិតផល Firmax3 Cream គ្រាន់តែជាគ្រឿងសំអាង ដូចនេះគ្មានគុណភាព ក្នុងការបង្ការ ឬព្យាបាលជំងឺណាមួយដូចការផ្សព្វផ្សាយនោះឡើយ»។ តាមសេចក្តីជូនដំណឹងនេះបានបញ្ជាក់ដែរថា គ្រឿងសំអាង Firmax3 Cream ដែលកំពុងផ្សព្វផ្សាយនេះ ជាផលិតផលក្នុងប្រទេសម៉ាឡេស៊ី និងនាំចូលដោយក្រុមហ៊ុន RF3 WORD CAMBODIA ប៉ុន្ដែក្រុមហ៊ុនបានបញ្ជាក់ថា គណនីដែលផ្សព្វផ្សាយបំផ្លើសឲ្យហួសពីការពិតនេះ មិនមែនជាគណនី Facebook របស់ក្រុមហ៊ុននោះឡើយ។
ក្រសួងសុខាភិបាល បានអំពាវនាវដល់ម្ចាស់គណនី Facebook ដែលផ្សព្វផ្សាយបំផ្លើសខុសពីការពិតទាំងអស់ ត្រូវបញ្ឈប់ការផ្សព្វផ្សាយផលិតផលនេះ តាមបណ្ដាញសង្គមជាបន្ទាន់ បើមិនដូច្នេះទេក្រសួង នឹងចាប់វិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីទាំងអស់៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល ខាងក្រោម៖



No comments:

Post a Comment