Wednesday, August 15, 2018

លោកទេសរដ្ឋមន្ត្រី ឆាយ ថន៖ កម្ពុជាអនុវត្តប្រកបដោយជោគជ័យ នូវចំណុចគោលដៅភាគច្រើន នៃគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ជាពិសេសការកាត់បន្ថយភាពក្រីក្រ

ត្បូងឃ្មុំ៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ លោក ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការចាប់ផ្តើមដំណើរការអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ឆ្នាំ២០១៨ ដោយមានការចូលរួមពីលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ, លោក ប៉ែន កុសល អភិបាលរងខេត្តត្បូងឃ្មុំ ព្រមទាំងលោក លោកស្រី តំណាងមន្ទីរអង្គភាពជុំវិញខេត្ត អង្គការក្រៅរដ្ឋាភិបាល ដៃគូរអភិវឌ្ឍន៍នានា ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះផងដែរ។
នាឱកាសនោះលោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ជាមួយនឹងគាំទ្រយ៉ាងពេញទំហឹង ចំពោះកម្មវិធីអត្ដសញ្ញាណកម្មគ្រួសារក្រីក្រនេះ ចាប់តាំងពីឆ្នាំ២០១២មក រាជរដ្ឋាភិបាលកម្ពុជា បានវិភាជន៍ថវិកាបដិភាគជាបន្ដបន្ទាប់ សម្រាប់ការងារអត្ដសញ្ញាណកម្មគ្រួសារក្រីក្រ នៅទីជនបទ ហើយចាប់ពីឆ្នាំ២០១៥មក រាជរដ្ឋាភិបាលជាអ្នកផ្តល់ថវិកាទាំងស្រុង សម្រាប់ការងារនេះ។ លោកបន្តថា កន្លងទៅថ្មីៗនេះ ដោយសារកម្ពុជា អនុវត្តប្រកបដោយជោគជ័យ នូវចំណុចគោលដៅភាគច្រើននៃគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ជាពិសេសការកាត់បន្ថយភាពក្រីក្រ បានឆាប់រហ័ស ជាបន្ដបន្ទាប់ ពី៤៧%នៅក្នុងឆ្នាំ២០០៧ មករង្វង់១៩% នៅឆ្នាំ២០១១ និងរង្វង់១៣,៥៣% នៅឆ្នាំ២០១៤ ហើយកម្ពុជាត្រូវបានអង្គការសហប្រជាជាតិ ជ្រើសជាប្រទេសគំរូចំនួន៦ប្រទេស សម្រាប់ការសម្រេចបានគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ទើបមានបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់ បានបញ្ជូនប្រតិភូមករៀនសូត្របទពិសោធន៍ អំពីជោគជ័យនៃការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅកម្ពុជា។
លោក ឆាយ ថន បានមានប្រសាសន៍បន្តថា ដោយប្រព័ន្ធអត្តសញ្ញាណកម្មគ្រួសារក្រីក្រ មានវិសាលភាពក្នុងក្របខណ្ឌទូទាំងប្រទេស ដំណើរការដោយមានចូលរួមផ្ទាល់ពីសហគមន៍នៅមូលដ្ឋាន និងបានធ្វើបច្ចុប្បន្នកម្មជាទៀងទាត់ នៅឆ្នាំ២០១៧ ស្ថាប័នសហប្រតិបត្ដិការអភិវឌ្ឍន៍អាល្លឺម៉ង់ (GDC) បានជ្រើសរើសដាក់បញ្ចូលប្រព័ន្ធអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ទៅក្នុងឯកសារសមូហកម្មរបស់អាល្លឺម៉ង់ ស្តីពីការអនុវត្តផ្នែកសុខភាព (GHPC) ដើម្បីចែករំលែកចំណេះដឹង អំពីការអនុវត្តកម្មវិធីដល់ប្រទេសនានាលើពិភពលោក ហើយដែលសមិទ្ធិផលទាំងនេះ ត្រូវដាក់ផ្សព្វផ្សាយនាពេលនេះជាសៀវភៅ ក្រោមចំណងជើងថា «មិនចោលនរណាម្នាក់» ការយល់ដឹងអំពីប្រព័ន្ធកំណត់អត្តសញ្ញាណភាពក្រីក្រជាតិនៅកម្ពុជា និង រូបថតអំពីសកម្មភាពការងារតាមមូលដ្ឋាននៃការអនុវត្តកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ។ ក្នុងឆ្នាំ២០១៨នេះ “កម្មវិធីភាពជាដៃគូរបស់អង្គការសុខភាពពិភពលោក ដើម្បីសុខភាពមាតា ទារក និងកុមារ” ដែលតែងតែប្រារព្ធធ្វើវេទិកានៃដៃគូ (Partners Forum) រៀងរាល់៤ឆ្នាំម្តង បានជ្រើសរើសយកកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រជាករណីសិក្សាមួយ ក្នុងចំណោមករណីសិក្សាចំនួន១២ ដែលបានជ្រើសរើសចេញពីសំណើករណីសិក្សាចំនួន៣០០ ទូទាំងពិភពលោក ជាឧទាហរណ៍អំពីភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការអន្តរវិស័យ នៃការរួមចំណែករបស់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៅក្នុងការលើកកម្ពស់ការទទួលបានសេវាសុខភាព របស់មាតា និងទារកសម្រាប់គ្រួសារក្រីក្រ។ របាយការណ៍នៃករណីសិក្សានេះ នឹងយកទៅបង្ហាញនូវក្នុងវេទិកាថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងញូវដែលី នាថ្ងៃទី១២-១៣ ខែធ្នូ ឆ្នាំ២០១៨ ដែលមាន១០០ប្រទេសចូលរួម។

លោកទេសរដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលបានចូលរួម និងបង្កើនថវិកាបដិភាគជាបន្តបន្ទាប់ ចាប់ពី២០% នៅឆ្នាំ២០១២ រហូតដល់៦០% នៅឆ្នាំ២០១៤ ហើយចាប់តាំងពីឆ្នាំ២០១៥មក បានម្ចាស់ការទាំងស្រុង លើដំណើរការការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅតំបន់ជនបទ។ ដោយឡែក ដំណើរការការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅតំបន់ទីប្រជុំជន ត្រូវបានគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជាផង និងគាំទ្រដោយ GIZផង៕





No comments:

Post a Comment