Friday, May 04, 2018

អភិបាលខេត្ត​កំពង់ឆ្នាំង ក្រុម​ការងារ​ និងមន្រ្តីរាជ​ការ​អញ្ជើញ​គោរព​វិញ្ញាណ​ក្ខន្ធ​សព​អភិបាល​រង​ស្រុករលាប្អៀរ

កំពង់ឆ្នាំង៖ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពង់ឆ្នាំង រួម​ដំណើរ​ដោយ លោក  លោកស្រី អភិបាល​រង​ខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធាន អនុ​ប្រធាន​មន្ទីរ​អង្គ​ភាព​ជុំវិញ​ខេត្ត  នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ ២០១៨ បានអញ្ជើញចូលរួមមរណៈទុក្ខ​ និងរំលែកទុក្ខជាមួយគ្រួសារសពលោក ជឹម យ៉េត  និងគោរពវិញ្ញាណក្ខន្ធសព នៅគេហដ្ឋានរបស់លោក​ដែល​ស្ថិតនៅក្នុង​ភូមិ​អណ្តូងស្នាយ ឃុំ​អណ្តូងស្នាយ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង។

លោក ជឹម យ៉េត បានចូលបំរើការងារនៅឆ្នាំ១៩៧៩ ដល់បច្ចុប្បន្ន ជា​អភិបាល​រង​ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង។ នៅពេល​លោកមានជំងឺ ក្រុមគ្រួសាររបស់លោក បាន​ខិត​ខំ​ប្រឹង​ប្រែង​យក​ទៅព្យា​បាលនៅមន្ទីរពេទ្យឯភ្នំពេញ និងក្រៅប្រទេស នៅ​តែ​មិន​អាច​ជួយ​សង្រ្គោះ​ជីវិតលោកបាន។ លុះមក​ដល់ ម៉ោង២ និង៤០នាទី ទាបភ្លឺថៃ្ងទី២ ខែ​ឧសភា ឆ្នាំ​២០១៨  លោក​បាទ​ទួលមរណៈភាព​ក្នុង​ជន្មាយុ ៥៦ឆ្នាំ ដោយទុក អោយ​ក្រុម​គ្រួសារ និង​មន្រ្តី​រួម​ការ​ងារ​មាន​ទុក្ខក្រៀមក្រំ និង​សោក​ស្តាយ​ជា​ទី​បំផុត​។

នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិកា​រ​គណ​បក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពង់ឆ្នាំង បានមានប្រសាសន៍ពាំនាំនូវការចូលរួមមរណៈទុក្ខ និង​ចូល​រួម​រំលែកទុក្ខ និង​សោកស្តាយជាមួយក្រុមគ្រួសារ​សព ពីសំណាក់​លោក ​ ហេង សំរិន ប្រធានរដ្ឋសភា និង ជា​ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​ជា​ប្រ​ធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា និងលោក គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និង​ជាប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ខេត្តកំពង់ឆ្នាំង លោក​បណ្ឌិត អ៊ុក រ៉ាប៊ុន ក្រុមការងារ​តែងតែ​គិត​គូរ​ពី​សុខ​ទុក្ខក្រុម​គ្រួសារ​របស់មន្រ្តីរាជការ និងគុណ​បំណាច់​ដែលបានលះ​បង់​កំលាំង​កាយចិត្ត​បំរើជា​តិមាតុភូមិ ដោយកន្លងមកថ្នាក់ដឹកនាំទាំងអស់មិនដែលបោះបង់ចោលម្តងឡើយ។

លោកអភិបាលខេត្ត បានបន្តទៀតថា ក្នុងនាមមន្រ្តីរាជការទូទាំងខេត្តកំពង់ឆ្នាំង សូមចូលរួម​រំលែកទុក្ខ​ជាមួយ​គ្រួសារសព​លោក ជឹម យ៉េត និង សូមសំដែងនូវ​ការសោកស្តាយ​បំផុត​ចំពោះ​ការបាត់បង់ជីវិតរបស់លោក និងសូមឧទ្ទិសសុំអោយ​ដួងវិញ្ញាណក្ខន្ធលោក​ បាន​ទៅ​កាន់​សុគតិភពកុំបីឃ្លៀង​ឃ្លាត​ឡើយ។

ក្នុងនោះដែរ លោកអភិបាលខេត្ត បាននាំយកថវិកាផ្ទាល់ខ្លួន ថវិកាលោក​បណ្ឌិត អ៊ុក រ៉ាប៊ុន និង​ថវិការបស់​មន្រ្តីរាជការ​អង្គភាពជុំវិញ​ខេត្ត ចូល​រួមបុណ្យ​ជាមួយ​គ្រួសារ​សព​លោក ជឹម យ៉េត សរុបចំនួន ២.៥០០.០០០រៀលផងដែរ។

ភរិយាសព លោកស្រី លន់​​​​ គឹមនី ព្រមទាំងក្រុមគ្រួសារ បានថ្លែងអំណរ​គុណយ៉ាង​ជ្រាលជ្រៅ​ដល់ថ្នាក់ដឹកនាំ លោកអភិបាលខេត្ត លោក  លោកស្រី អភិបាល​រង​ខេត្ត សមាជិកក្រុមប្រឹក្សា លោក លោក​ស្រី​ប្រធាន អនុ​​ប្រធានអង្គភាព​ជុំវិញ​ខេត្ត ដែល​បាន​ផ្តល់​កិត្តិយស​អញ្ជើញ​ចូល​រួមបុណ្យ​សពប្តី​លោកស្រី។ លោកស្រី​ព្រមទាំងក្រុម​គ្រួសារ បាន​បួង​សួង​ដល់​ទេវតា​ឆ្នាំថ្មី​តាម​ជួយ​ថែរក្សា​ លោក លោកស្រីប្រតិភូ​ទាំងអស់សូម​មានសុខភាពល្អ និងទទួលបានជ័យជំនៈគ្រប់ភារកិច្ច៕






No comments:

Post a Comment