កំពត៖ ដោយមានការណែនាំ និងចង្អុលបង្ហាញរបស់លោក ជាវ តាយ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងបរិវេណវត្តគយ លោក នៃ គង់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាសមាជិកអចិន្រ្តៃយ៏គណៈកម្មាធិការគណបក្សខេត្ត បានអញ្ជើញជាអធិបតីក្នុងកម្មវិធីពិនិត្យ និងព្យាបាលជម្ងឺបឋម ជូនប្រជាពលរដ្ឋ មកពីឃុំចំនួន៣ ក្នុងស្រុកឈូក ខេត្តកំពត។
ពិធីនេះមានការចូលរួមពីក្រុមការងារយុវជនគណបក្សខេត្ត លោក លោកស្រីក្រុមការងារចុះជួយឃុំ លោក ខៀវ រិទ្ធីភ័ណ្ឌ ប្រធានគណៈកម្មាធិការគណបក្សស្រុកឈូក និងក្រុមការងារយុវជនគណបក្សស្រុក ក្នុងនោះដែរ ក៏មានវត្តមានលោកវេជ្ជៈបណ្ឌិត បូ ចាន់ដារ៉ា ជាប្រធានក្រុម បានចុះពិនិត្យព្យាបាលជម្ងឺបឋមដល់មូលដ្ឋានផ្ទាល់ និងចែកថ្នាំពេទ្យជូនដល់បងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងដោយមិនប្រកាន់និន្នាការនយោបាយ ចំនួន៥៣១គ្រួសារ មកពី ៣ឃុំ រួមមាន៖ ឃុំបឹងនិមល ឃុំល្បើក និងឃុំត្រពាំងបី ស្ថិតក្នុងស្រុកឈូក ខេត្តកំពត។
សកម្មភាពមនុស្សធម៏នេះ បានបង្ហាញនូវការគិតគូរពីសុខុមាលភាពប្រជាជនពីគ្រប់ស្រទាប់វណ្ណៈ ពីមន្រ្តីគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជាដ៏ឆ្នើម នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍជាតិមកដល់សព្វថ្ងៃនេះ៕
No comments:
Post a Comment