លោក នូ ផល្លា ក៏បានបញ្ជាក់អំពីលទ្ធផលដែលកិច្ចប្រជុំសាមញ្ញលើកទី៤៥របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ ដែលបានអនុម័តទៅលើលទ្ធផលនៃកិច្ចពិនិត្យ ពិភាក្សាទៅតាមរបៀបវារៈដែលបានគ្រោងទុក។ លោកក៏បានធ្វើការកោតសរសើរអំពីស្នាដៃរបស់កងកម្លាំងប្រដាប់អាវុធ ក្នុងការយកចិត្តទុកដាក់ខ្ពស់លើការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ធានាបាននូវសន្តិសុខ សុខសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋនៅក្នុងឱកាសដែលប្រជាពលរដ្ឋចូលរួមសប្បាយសាទរ បុណ្យឆ្លងឆ្នាំសកល ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងថ្នាក់ដឹកនាំជាន់ខ្ពស់ថ្នាក់ជាតិ អន្តរជាតិ ដែលចូលមកធ្វើទស្សនៈកិច្ច និងធ្វើទេសចរណ៍នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប។
លោក នូ ផល្លា ក៏បានស្នើសុំឱ្យកងម្លាំងប្រដាប់អាវុធ ក៏ដូចអាជ្ញាធរក្រុង ស្រុក បន្តប្រពៃណីការងារនេះបន្ថែមទៀត ដោយខេត្តសៀមរាបគឺជាគោលដៅរបស់ភ្ញៀវទេសចរណ៍លើពិភពលោកចូលមកទស្សនាកម្សាន្ត។ លោកក៏បានធ្វើការលើកយកចំណុចខ្វះខាតមួយចំនួនយកមកធ្វើការណែនាំមួយចំនួន និងព្រមទាំងបានសង្កត់ធ្ងន់ចំពោះបណ្តាមន្ទីរ អង្គភាពជំនាញដែលបានអនុវត្តប្រាសចាកពីការណែនាំ និងទិសដៅរបស់ខេត្ត ព្រមទាំងសូមឱ្យធ្វើការកែប្រែ និងកែលម្អរឡើងវិញនូវរាល់ចំណុចដែលកិច្ចប្រជុំបានលើកក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៥ របស់ក្រុមប្រឹក្សាខេត្ត និងត្រូវចុះត្រួតពិនិត្យឡើងវិញដូចជាសណ្ដាប់ធ្នាប់ក្នុងក្រុង ភ្លើងបំភ្លឺសាធារណៈ ក្នុងការធានានូវសន្តិសុខ សុវត្ថិភាពដល់ភ្ញៀវទេសចរណ៍ និងបញ្ហាគ្រឿងញៀន ដែលជាកង្វល់របស់ប្រជាពលរដ្ឋបានលើកឡើង នៅក្នុងអង្គវេទិកាសាធារណៈទូទាំងខេត្តកាលពីកន្លងមក ព្រមទាំងសំណូមពរ ដល់រដ្ឋបាលខេត្ត ក្នុងការពន្លឿនការបង្កើតការិយាល័យប្រជាពលរដ្ឋ ហើយបច្ចុប្បន្ននេះស្រុកមួយចំនួនបានបង្កើតឱ្យមានការិយាល័យច្រកចេញចូលតែមួយផងដែរ។
លោក នូ ផល្លា ក៏បានសង្កត់ធ្ងន់ចំពោះអាជ្ញាធរក្រុងសៀមរាប និងមន្ទីរពាក់ព័ន្ធត្រូវធ្វើការពិនិត្យឡើង វិញជាមួយការផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនប្រមូលសម្រាមក្នុងក្រុង ព្រមទាំងថ្នាក់ដឹកនាំត្រូវតែចងចាំនៅថ្ងៃខាងមុខ និងមានការបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី៤ នៅ ថ្ងៃទី២៥ខែកុម្ភៈនេះ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ហើយអស់លោក លោកស្រី ជាថ្នាក់ដឹកនាំត្រូវតែខិតខំយកចិត្តទុកដាក់ក្នុងការអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវរាល់ផែនការសកម្មភាពដែលរាជរដ្ឋាភិបាលកំណត់ក៏ដូចទិសដៅរបស់រដ្ឋបាលខេត្តផងដែរ៕

No comments:
Post a Comment