នៅក្នុងសន្និសីទរួមគ្នា លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូឆា បានមានប្រសាសន៍គាំទ្រ និងបញ្ជាក់បន្ថែមផងដែរថា ប្រទេសថៃ នឹងសហការខិតខំជួយមើលថែទាំជំរុញការនាំចេញទំនិញកសិផលកម្ពុជានៅតាមតំបន់ព្រំដែន និងការជួញដូរទូទៅរវាងថៃកម្ពុជា។ ទន្ទឹមនឹងនោះ ប្រទេសថៃ នឹងខិតខំជំរុញឱ្យការបើកច្រកព្រំដែនឱ្យបានឆាប់រហ័ស និងសហការជួយរៀបចំពលកដែលកំពុងធ្វើការតាមទូកក្នុងសមុទ្រឱ្យបានស្របច្បាប់ត្រឹមត្រូវ។ ប្រទេសថៃ នឹងពន្លឿនក្នុងការបង្កើតមជ្ឈមណ្ឌលស្តារនីតិសម្បទារនៅខេត្តព្រះសីហនុ។ ចំពោះទិសដៅនៃការធ្វើពាណិជ្ជកម្មរួមគ្នា ប្រទេសថៃ នឹងជំរុញទំហំពាណិជ្ជកម្មឱ្យកើនឡើងប្រមាណ១៥,០០០លានដុល្លារនៅក្នងឆ្នាំបន្ទាប់ខាងមុខនេះ ដើម្បីឱ្យទាន់ច្បាប់គយថៃដែលនឹងប្រកាសចេញជាផ្លូវការឆាប់ខាងមុខនេះដែលបង្កលក្ខណៈងាយស្រួលដល់ពាណិជ្ជករកម្ពុជាក្នុងការបញ្ជូនទំនិញទៅកាន់ប្រទេសទី៣ផងដែរ។
ចំពោះការតភ្ជាប់ផ្លូវដែកជាប្រវត្តិសាស្រ្តនៅក្នុងតំបន់អនុភូមិភាគតាមតំបន់ទន្លេមេគង្គ គឺភាគីថៃ នឹងជំរុញកិច្ចការនេះឱ្យបានលឿន។ ភាគីថៃ នឹងសហការលើកកម្ពស់អភិវឌ្ឍន៍ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមព្រំដែនអោយបានល្អប្រសើរ។ លោកនាយករដ្ឋមន្រ្តថៃ ក៏បានថ្លែងអំណរគុណលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានផ្តល់កិច្ចសហការល្អ និងអរគុណ ក្រុមការងារដែលបានសហការធ្វើកិច្ចការរួមគ្នាដើម្បីប្រទេសជាតិយើងរីកចម្រើនទៅមុខទៀត ដោយមិនទុកអោយដៃគូណាមួយនៅខាងក្រោយគឺយើងរីកចម្រើនទាំងអស់គ្នា។
បន្ទាប់មក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា បានរៀបចំពិសារអាហារថ្ងៃត្រង់ជូនលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូឆា និងលោកស្រី នៅវិមានសន្តិភាពប្រកបដោយបរិយាកាសស្និទ្ធស្នាល និងរីករាយក្រៃលែង៕


No comments:
Post a Comment