លោក ស ខេង បានថ្លែងទៅកាន់តំណាងសហភាពសហជីពទាំងអស់ឱ្យ មានការប្រឹងប្រែង ជំរុញដើម្បីឱ្យកម្មករមានជីវភាពកាន់តែប្រសើរឡើង។ លោកក៏បានលើកឡើងថារដ្ឋាភិបាល នឹងឧបត្ថម្ភកុំព្យូទ័រ ម៉ាស៊ីនថតចម្លងសម្រាប់ជួយសម្រួលដល់ការអនុវត្តការងារប្រចាំថ្ងៃរបស់សហជីពជាមួយនឹងកម្មករ-កម្មការិនីដើម្បីបន្តការពារផលប្រយោជន៍ជូនកម្មករ-កម្មការិនី និងរួមចំណែកជាមួយរដ្ឋាភិបាលរួមគ្នាកសាងជីវភាព កម្មករនិយោជិតឱ្យកាន់តែប្រសើរ។ ស្របពេលជាមួយការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលទៅលើកម្មការិនីនៃវិស័យកាត់ដេរនោះ ក្នុងដើមឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថារដ្ឋាភិបាលនឹងឧបត្ថម្ភកម្មការិនី សម្រាលកូនមួយនាក់គឺទទួលបានចំនួន៤០០,០០០រៀល សម្រាលកូនភ្លោះពីរនាក់នឹងទទួលបានចំនួន ៨០០,០០០រៀល ហើយសម្រាលកូនភ្លោះ៣នាក់គឺទទួលបានចំនួន ១,២០០,០០០រៀលផងដែរ។ នៅក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានសំណូមពរដល់សហព័ន្ធសហជីពបន្ត សកម្មភាពការពារផលប្រយោជន៍កម្មករផង និងផលប្រយោជន៍ជាតិផង។
យោងតាមការលើកឡើងរបស់លោក សោម អូន ប្រធានសភាសម័្ពន្ធសហជីពជាតិកម្ពុជាបានឱ្យដឹង ថាសហគ្រាសរោងចក្រកាត់ដេរបានកើនមកទល់បច្ចុប្បន្នមានចំនួន ១១០៧រោងចក្រ និងការនាំចេញ មានចំនួនជាង៧ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលនេះជាការរួមចំណែកមួយ ជំរុញការអភិវឌ្ឍប្រទេស កម្ពុជា។ លោកបន្តថា សព្វថ្ងៃមានកម្មករ កម្មការិនីធ្វើការក្នុងវិស័យកាត់ ដេរចំនួនជាង៧៥ម៉ឺននាក់ក្នុងទូទាំង ប្រទេសកម្ពុជា។ លោក សោម អូន បានបន្ថែមថាអ្នកវិយោគិនភាគច្រើន មកវិនិយោគលើវិស័យកាត់ដេរ ក្នុងប្រទេសកម្ពុជាភាគច្រើនជាជនជាតិចិនហុងកុង និងចិនប៉េកាំង៕

No comments:
Post a Comment