សូមបញ្ជាក់ថា នៅក្នុងវេទិកាជាតិលើកទី២ ស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» កាលពីថ្ងៃទី២២ សីហា ព្រះតេជគុណ ប៊ុន សាលួត ត្រូវបានអនុញ្ញាតនិមន្តមានសង្ឃដីកាក៏ដូចជាសួរសំណួរផ្សេងៗទៅកាន់ប្រមុខរាជរដ្ឋាភិបាល ហើយពេលនោះ ព្រះអង្គបានសុំបិណ្ឌបាត្រដោយផ្ទាល់ នូវអេស្កាវ៉ាទ័រមួយគ្រឿងសម្រាប់យកទៅប្រើប្រាស់បម្រើដល់សហគមន៍ព្រៃឈើ និងប្រជាពលរដ្ឋក្នុងសហគមន៍របស់ព្រះអង្គតែម្តង។ ជាការឆ្លើយតប ចំពោះការបិណ្ឌបាត្រអេស្កាវ៉ាទ័រមួយគ្រឿងនេះ លោក ហ៊ុន សែន មិនបានស្ទាក់ស្ទើរនោះឡើយ ដោយបានប្រគេនតែម្តង ហើយបានប្រាប់ទៅលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ចាត់ចែងបន្តលើការងារនេះ។
ព្រះតេជគុណ ប៊ុន សាលួត បានបង្ហាញពីក្តីរំភើប និងរីករាយបំផុតក្រោយទទួលបានអេស្កាវ៉ាទ័រដែលជាអំណោយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ជាមួយគ្នានេះ ព្រះតេជគុណព្រះមេគុណខេត្ត ក៏បានថ្លែងអំណរគុណដល់លោករដ្ឋមន្ត្រី លឹម គានហោ និងក្រុមការងារបច្ចេកទេស ដែលបានដឹកយកអស្កាវ៉ាទ័រ មកប្រគេនផងដែរ។ ចំពោះការប្រើប្រាស់ អេស្កាវ៉ាទ័រ ដែលជាអំណោយរបស់ប្រមុខរាជរដ្ឋាភិបាល ព្រះតេជគុណ ប៊ុន សាលួត បានមានសង្ឃដីកាបន្តថា ទី១- ប្រើប្រាស់សម្រាប់កាយព្រំព្រៃ នៅក្នុងសហគមន៍ដែលមានទិសដៅរក្សារហូតដល់១១០០ឆ្នាំ ទី២- ប្រើប្រាស់សម្រាប់កាយស្រះទឹករបស់សហគមន៍ និងទី៣- សម្រាប់ជីកស្រះទឹក ដើម្បីទុកឱ្យសត្វផឹក ព្រមទាំងការជួយបម្រើប្រយោជន៍ ទៅមុខទៀតដល់សហគមន៍នៅក្បែរខាង។
សូមបញ្ជាក់ថា ព្រះអង្គ ប៊ុន សាលួត បច្ចុប្បន្នមានតួនាទីមើលថែរក្សា និងការពារព្រៃសហគមន៍ ដែលមានទំហំ ១៨២៦១ហិកតា មានចម្ងាយ៤០គីឡូម៉ែត្រ ពីក្រុងសំរោង ខេត្តឧត្តរមានជ័យ៕

No comments:
Post a Comment