Friday, July 21, 2017

អ្នកធ្វើការនៅខាងក្នុងបាននិយាយថា​ ធនាគារ​ ADB​ ត្រៀមខ្លួន​ជាស្រេច​ ដើម្បីសហការ​ជាមួយធនាគារ​ AIIB​ នៅក្នុង​តំបន់អាស៊ី​

អតីតមន្ត្រីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី Asian Development Bank (ADB) ដែលនាំមុខដោយអាមេរិក និងជប៉ុនបាននិយាយថា ឥឡូវនេះធនាគារ ADB កំពុងតែបើកចំហដើម្បីសហការជាមួយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី Asian Infrastructure Investment Bank (AIIB) របស់ប្រទេសចិន ទោះបីជាសក្តានុពលសម្រាប់ការប្រកួតប្រជែងនៅតែរង់ចាំមើលនៅឡើយ។
លោក Jeff Procak អតីតអ្នកជំនាញផ្នែកកិច្ចសហប្រតិបត្តិការសម្រាប់នាយកដ្ឋានតំបន់អាស៊ីខាងកើតរបស់ធនាគារ ADB បានប្រាប់សារព័ត៌មាន Asia Times ថា «បន្ទាប់ពីការចាប់ផ្តើមដ៏លំបាក ដែលបណ្តាលមកពីមូលហេតុចម្បងដោយប្រទេសជប៉ុន និងសហរដ្ឋអាមេរិច មិនបានមើលឃើញនូវតម្រូវការឱ្យមានធនាគារសម្រាប់ការអភិវឌ្ឍន៍បន្ថែមទៀតនៅក្នុងតំបន់អាស៊ី គឺធនាគារ ADB ឥឡូវនេះកំពុងស្វាគមន៍កិច្ចសហប្រតិបត្តិការជាមួយធនាគារ AIIB។
ខណៈពេលនេះដែរ គាត់បានកត់សម្គាល់ថា «កិច្ចសហប្រតិបត្តិការ» រវាងធនាគារទាំងពីរនេះសម្រាប់ពេលបច្ចុប្បន្ននេះ គឺមានកម្រិតក្នុងការផ្តល់ហិរញ្ញវត្ថុដល់គម្រោងតូចៗរួមគ្នានៅក្នុងប្រទេសប៉ាគីស្ថាន និងបង់ក្លាដេស។
លោក Procak ទទួលបន្ទុកផ្តល់ជំនួយបច្ចេកទេសរបស់ធនាគារ ADB សម្រាប់ពាណិជ្ជកម្មនៅអាស៊ីកណ្តាល មុនពេលចូលនិវត្តន៍នៅក្នុងខែវិច្ឆិកា។ មុនពេលចូលរួមជាមួយធនាគារ ADB នៅក្នុងឆ្នាំ២០០៩ គាត់បានបម្រើការជាមន្រ្តីរបស់ធនាគារពិភពលោកប្រចាំប្រទេសរុស្ស៊ី។
អស់រយៈពេលដ៏យូរ លោក Procak បាននិយាយថា ធនាគារ AIIB អាចងើបមុខឡើងឋានៈជាគូប្រជែងដ៏ខ្លាំងថែមទៀតសម្រាប់ធនាគារ ADB បន្ទាប់ពីឆ្លងកាត់ដំណាក់កាលចាប់ផ្តើមរបស់ខ្លួន។
លោក Procak បាននិយាយថា «នៅពេលដែលធនាគារ AIIB មានបុគ្គលិកគ្រប់គ្រាន់ ហើយមាននីតិវិធីប្រតិបត្តិការសមស្របទៅលើចំណុចដែលវាអាចដំណើរការ និងផ្តល់មូលនិធិដល់គម្រោងឯករាជ្យរបស់ធនាគារអភិវឌ្ឍន៍ដទៃទៀតផ្ទាល់របស់ខ្លួននោះ ការប្រកួតប្រជែងកាន់តែច្រើនអាចធ្វើឱ្យមានភាពស្មុគស្មាញដល់ទំនាក់ទំនងនេះ» ដោយលើកឡើងថា អតីតបុគ្គលិកធនាគារ ADB មួយចំនួនកំពុងធ្វើការឱ្យធនាគារ AIIB រួចហើយ។
 ផលប្រយោជន៍ទៅវិញទៅមក
និយាយពីទិដ្ឋភាពវិជ្ជមានវិញ លោក Procak បានកត់សម្គាល់ថា ធនាគារ ADB បានព្យាយាម ដើម្បីរក្សាធនាគារទាំងពីរឱ្យទទួលបានការធ្វើពាណិជ្ជកម្ម ដោយធ្វើការកែប្រែឡើងវិញនូវការប៉ាន់ប្រមាណអំពីតម្រូវការវិនិយោគទុនហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ីរបស់ខ្លួនបន្តឆ្ពោះទៅមុខ។
នៅឆ្នាំ២០០៩ ធនាគារ ADB បានកំណត់ការចំណាយផ្នែកហេដ្ឋារចនាសម្ព័ន្ធបែបនេះប្រហែល ៨ ទ្រីលានដុល្លារ គិតត្រឹមឆ្នាំ២០២០។ ប៉ុន្តែបច្ចុប្បន្ននេះ ធនាគារ AIIB កំពុងតែស្ថិតនៅក្នុងស្ថានភាពនេះ ហើយធនាគារ ADB បានបង្កើនការប៉ាន់ប្រមាណលើការវិនិយោគក្នុងតំបន់របស់ខ្លួនទ្វេដងរហូតដល់ចំនួន ១៧ ទ្រីលានដុល្លារ នៅត្រឹមឆ្នាំ២០៣០។
ធនាគារ ADB បានយល់ព្រមផ្តល់ហិរញ្ញវត្ថុលើកដំបូងរបស់ខ្លួនជាមួយធនាគារ AIIB សម្រាប់គម្រោងធ្វើផ្លូវរបស់ប្រទេសប៉ាគីស្ថាន កាលពីខែមិថុនា ឆ្នាំ២០១៦។ ធនាគារទាំងពីរនេះ បានផ្តល់ប្រាក់កម្ចីធនាគារមួយៗចំនួន ១០០ លានដុល្លារសម្រាប់គម្រោងនេះ ដែលជាផ្នែកមួយនៃការដឹកជញ្ជូនឆ្លងកាត់ដែលមានប្រវែង ១៨០០ គីឡូម៉ែត្រ តភ្ជាប់កំពង់ផែការ៉ាជី Karachi ជាមួយនឹងទីក្រុងនៅភាគខាងជើង រួមទាំងទីក្រុង Lahore និងទីក្រុង Islamabad ផងដែរ។
លោក Takehiko Nakao ប្រធានធនាគារ ADB បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «នេះជារឿងប្រវត្តិសាស្រ្តសម្រាប់ធនាគារ ADB និងធនាគារ AIIB ខណៈដែលយើងរួមគ្នាបំពេញតម្រូវការហេដ្ឋារចនាសម្ព័ន្ធបន្ទាន់នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក»។
ធនាគារ ADB បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញវត្ថុរួមលើកទីពីរជាមួយធនាគារ AIIB កាលពីខែវិច្ឆិកា សម្រាប់គម្រោងឧស្ម័នធម្មជាតិនៅប្រទេសបង់ក្លាដែស។ ធនាគារ ADB បានចាប់ផ្តើមទុន ១៦៧ លានដុល្លារ ហើយធនាគារ AIIB បានផ្តល់ប្រាក់កម្ចី ៦០ លានដុល្លារបន្ថែមទៀតសម្រាប់គម្រោងនេះ ដែលនឹងធ្វើឱ្យប្រសើរឡើងនូវការផលិត និងការផ្ទេរពីតំបន់ឧស្ម័ននៅភាគខាងជើងដាកា។
លោក Procak ព្រមានថា វាជាការប្រញ៉ាប់ពេកដើម្បីប្រាប់ថា តើធនាគារទាំងពីរនេះនឹងមានទំហំសហប្រតិបត្តិការគ្នាដល់កម្រិតណា។ ធនាគារ AIIB ទើបតែចាប់ផ្តើមកាលពីឆ្នាំទៅ ហើយកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុនៅមានកម្រិតនៅឡើយ។
លោក Scott  MacDonald  ជាសេតវិទូ និងជាអ្នកជំនាញឯកទេសផ្នែកហានិភ័យនៅអាស៊ីក៏បាននិយាយថា ធនាគារទាំងពីរនេះ ត្រូវតែសហការគ្នាដើម្បីរក្សាបាននូវកំណើននៅក្នុងតំបន់ឱ្យបានរឹងមាំ។
គាត់បាននិយាយថា ខណៈដែលមានធនាគារអភិវឌ្ឍន៍ចម្រុះបែបដ៏ធំពីរនេះប្រតិបត្តិការនៅក្នុងអាស៊ី ជាការពិតហើយគឺមានភាពស្មុគស្មាញ ដោយសារតែតំបន់នេះនៅតែត្រូវការមូលនិធិដ៏ធំសម្បើមនៅឡើយ អញ្ចឹងធនាគារអភិវឌ្ឍន៍ទាំងពីរនេះប្រហែលជាមិនគ្រប់គ្រាន់ទេ។
ការរាលដាលនៃហានិភ័យ
លោក Procak ដែលជាអ្នកជំនាញផ្នែកផ្លូវដែក និងគម្រោងដឹកជញ្ជូនផ្សេងៗទៀតបាននិយាយបញ្ជាក់ថា ការផ្តល់ហិរញ្ញវត្ថុរួមគ្នានៅក្នុងធនាគារទាំងពីរនេះ គឺជាវិធីល្អដើម្បីជួយចែករំលែកហានិភ័យ ក៏ដូចជាការផ្តល់ឱ្យគេរាល់គ្នានៅផលប្រយោជន៍ផងដែរ។
លោក David Dollar អតីតមន្ត្រីធនាគារពិភពលោក និងជាបេសកជនទទួលបន្ទុករតនាគាររបស់អាមេរិកប្រចាំនៅទីក្រុងប៉េកាំង ក៏បានយល់ស្របស្ថានភាពនេះ។
លោក Dollar បាននិយាយថា «ការផ្តល់ហិរញ្ញវត្ថុរួមគ្នាគឺជាវិធីសមហេតុផលមួយនៅក្នុងស្ថានភាពហានិភ័យដែលរីករាលដាល»។
បន្ថែមទៅលើចំណុចហិរញ្ញវត្ថុរួម លោក Procak បាននិយាយថា កិច្ចសហប្រតិបត្តិការអាចបង្កើតចេញជាធនាគារអភិវឌ្ឍន៍ច្រើនយ៉ាង តាមរយៈការដាក់ទុកបញ្ចូលគ្នានៅក្នុងគម្រោងដ៏ធំរបស់ខ្លួន។
និយាយពីទិដ្ឋភាពអវិជ្ជមាននោះវិញ លោក Procak បាននិយាយថា ធនាគារអភិវឌ្ឍន៍ដូចជាធនាគារ ADB និងធនាគារ AIIB មិនល្អសម្រាប់បញ្ចុះបញ្ចូលប្រទេសទាំងនោះ ក្នុងការចំណាយថវិកា និងអនុវត្តកម្មវិធីជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលពួកគេបានសាងសង់។
កិច្ចសហប្រតិបត្តិការរវាងធនាគារទាំងពីរនេះ គឺផ្តោតទៅលើតំបន់អាស៊ីខាងត្បូង។ ក៏ប៉ុន្តែលោក Procak និយាយថា អាស៊ីខាងត្បូង និងអាស៊ីកណ្តាលហាក់ដូចជាទទួលបានផលពីកិច្ចសហប្រតិបត្តិការរវាងធនាគារទាំងពីរនេះនៅថ្ងៃអនាគត់។
លោក Procak និយាយថា ប្រទេសជាច្រើនមិនខ្វល់ពីការខ្ចីលុយដើម្បីការពារបរិស្ថាន សុខុមាលភាពសាធារណៈ និងវិស័យអប់រំអ្វីឡើយ ដូច្នេះផ្នែកការដឹកជញ្ជូនគឺជាផ្នែកដែលបរាជ័យ ហើយត្រូវតែធ្វើ ទោះជាយ៉ាងណាក៏ដោយ ផែនការនយោបាយសាធារណៈគឺជាផ្នែកដែលត្រូវការវិនិយោគដ៏ខ្លាំបំផុត៕
ប្រភព : Asia Times ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧



No comments:

Post a Comment