Friday, June 02, 2017

លិខិតមិត្តអ្នកអាន៖ រាស្ត្រជ្រើសយកបក្សដែលមានបេក្ខជនល្អនិងកម្មវិធីនយោបាយការពារសន្តិភាព និងការអភិវឌ្ឍមិនមែនការបោកប្រាស់នោះទេ

រយៈពេលជាង១០ថ្ងៃ នៃដំណើរការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤នេះ រាស្ត្រទូទាំងនគរបានមើលឃើញយ៉ាងច្បាស់ថា គណបក្សប្រជាជនកម្ពុជានៅតែជាគណបក្សនយោបាយតែមួយគត់ដែលបានដើរតួនាទីសំខាន់នៅកម្ពុជា មានធនធានមនុស្ស និងកម្មវិធីនយោបាយល្អ និងមានភាពជាក់ស្តែងក្នុងការអភិវឌ្ឍឃុំ-សង្កាត់ឆ្លើយតបនឹងតម្រូវការចាំបាច់របស់ពួកគាត់ពិតៗ។ កម្មវិធីនយោបាយទាំង១៣ «ខ» របស់គណបក្សប្រជាជនកម្ពុជាក្នុងការអភិវឌ្ឍឃុំសង្កាត់បានក្តោបរួមទាំងអស់ទៅលើកម្មវិធី​នយោបាយរបស់គណបក្សដទៃ ទោះបីជាបក្សទាំងនោះខិតខំបង្ហាញ ឬព្យាយាមក្នុងការឃោសនាបោកប្រាស់ទម្លាក់កញ្ចប់លុយប៉ុន្មាន​ក៏រាស្ត្រភាគច្រើន មិនជឿឡើយ ព្រោះបទពិសោធន៍នាពេលកន្លងទៅ សន្យាជាមួយរាស្ត្រដើម្បីតែសន្លឹកឆ្នោត តែលទ្ធផលសូន្យឈឹង។
ចំណែកបេក្ខជនឈរឈ្មោះជាមេឃុំ-ចៅសង្កាត់របស់គណបក្សប្រជាជនកម្ពុជា​ ឈានមុខគេលើគណបក្សដទៃទៀត គឺមានបុគ្គលិកលក្ខណៈ គុណសម្បត្តិល្អមានសមត្ថភាពបទពិសោធន៍​ពេញលេញ និងមានក្រមសីលធម៌ល្អជាថ្នាក់ដឹកនាំមូលដ្ឋាន។ ពួកគាត់ជាអ្នកមូលដ្ឋាន និងបាន​យល់ច្បាស់ពីបងប្អូនប្រជាពលរដ្ឋ ខណៈសកម្មជនបក្សខ្លះខ្វះសមត្ថភាពដឹកនាំ និងសីលធម៌ក្នុងការរស់នៅមិនគួរឱ្យគោរពប្រព្រឹត្តរឿងស្រីស្រាល្បែងពាលាអាវាសែជាដើម។ តើឱ្យរាស្ត្រពឹងពាក់ផ្ញើវាសនាខ្លួនលើបុគ្គលទាំងនេះម្តេចនឹងកើត?
ក្នុងរយៈពេលឃោសនាបោះឆ្នោតនេះ រាស្ត្រម្ចាស់ឆ្នោតបានចោទសំណួរជុំវិញកម្មវិធីនយោ​បាយ​បក្សមួយចំនួន ដែលគ្មានការពិត ស្រមើស្រម៉ៃ និងបង្កប់ទៅដោយការភូតកុហកថា ធ្វើម៉េចសូមខិតខំជួយតែបក្សខ្លួន និងសកម្មជនខ្លួនឯងឱ្យបានគ្រប់គ្រាន់សិនទៅចាំដើរសន្យាឱ្យនេះឱ្យនោះគេ ព្រោះការសន្យាដាក់កញ្ចប់លុយមុននេះ មិនខុសពីសន្យាទិញសន្លឹកឆ្នោតរាស្ត្រជំពាក់សិននោះទេ ហើយប្រជាពលរដ្ឋក៏បានមើលឃើញច្បាស់ដែរថា តើនរណាជាអ្នកសង្គ្រោះជាតិ សង្គ្រោះប្រជាជន និងសង្គ្រោះអ្វីៗទាំងអស់ឱ្យរស់​រានមានជីវិតរហូតទល់សព្វថ្ងៃនេះ និងនរណាដែលចេះត្រឹមតែលួចយកសមិទ្ធផល ដែលរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាសម្រេចបានមកឃោសនា និងនរណាពិតប្រាកដដែលបានជួយដោះស្រាយបញ្ហារបស់រាស្ត្រ និងឃើញវត្តមាននៅពេលដែលរាស្ត្ររងទុក្ខ និងជួបបញ្ហា និងដឹងថានរណាជាអ្នកដែលបានត្រឹមតែដើរញុះញង់រាស្ត្រ បញ្ឆេះកំហឹង ការស្អប់ខ្ពើមរើសអើងប្រឆាំងនឹងជាតិសាសន៍ និងបញ្ឆេះឱ្យមានកំហឹងវណ្ណៈក្នុងសង្គម និងជាអ្នកបង្កចលាចលក្នុងសង្គម ហើយដឹងថានរណាជាអ្នកជេរប្រមាថខ្មែរគ្នាឯង និងគំរាមកំហែងពិតប្រាកដចំពោះសន្តិភាពនិងការអភិវឌ្ឍរបស់កម្ពុជា។
រយៈពេលជាង១០ ថ្ងៃនៃការឃោសនាបោះឆ្នោតនេះ ក៏អាចផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរយល់ច្បាស់ថា តើនរណាជាអ្នកការពារ​សន្តិភាព និងការអភិវឌ្ឍពិតប្រាកដ និងនរណាដែលមិនខ្វល់នឹងការផ្ទុះសង្គ្រាមជាយថាហេតុឡើងដោយសារតែសម្តីប្រមាថរបស់​បក្សខ្លួន និងទង្វើរំលោភច្បាប់ និងការអនុវត្តប្រជាធិបតេយ្យជ្រុលហួសហេតុកើតចេញជាអនាធិបតេយ្យ។
រាស្ត្រភាគច្រើន ក៏ដឹងច្បាស់ថា មេដឹកនាំ និងសមាជិកសមាជិកា ព្រមទាំងអ្នកគាំទ្រគណបក្ស ប្រជាជនកម្ពុជាគឺ​ទទួលបាននូវការ​គោរពស្រឡាញ់ និងគាំទ្រនៅគ្រប់ច្រកល្ហក ចុងកាត់មាត់ញកទូទាំងប្រទេសកម្ពុជា។ ការយកចិត្តទុកដាក់លើបងប្អូនប្រជាពលរដ្ឋរបស់គណបក្សប្រជាជនកម្ពុជា មិនមែនធ្វើត្រឹមមួយភ្លើងចំបើងនៅក្នុងអំឡុងពេលនៃការឃោសនាបោះឆ្នោតដូចបក្សប្រឆាំងនោះឡើយ ប៉ុន្តែបានធ្វើជាប្រចាំ ហើយមន្ត្រីនិងសកម្មជនគណបក្សប្រជាជនកម្ពុជា បានរួមសុខរួមទុក្ខជាមួយប្ថជាពលរដ្ឋព្រមទាំងបានឆ្លើយ​តបនឹងការចង់បានរបស់ប្រជាពលរដ្ឋតាមតម្រូវការ។ ដូច្នេះហើយបានជាសមិទ្ធផល​ជាច្រើនដែលកំពុង​ឈរបង្អួតខ្លួននៅតាម​ភូមិស្រុកនានារួមមានវត្តអារាម សាលារៀន ផ្លូវថ្នល់ខ្វាត់ខ្វែង ជីវភាពគ្រួសារមានការរីកចម្រើនជាកិច្ចខិតខំប្រឹងប្រែង និងផ្លែផ្កានៃ​ការងាររបស់រាជរដ្ឋាភិបាល​កម្ពុជាដឹកនាំដោយគណបក្ស​ប្រជាជនកម្ពុជា។
រហូតមកទល់ពេលនេះ គណបក្សប្រជាជនកម្ពុជាគឺជាកម្លាំងនយោបាយធំជាងគេនៅកម្ពុជា និងជាទីទុកចិត្តរបស់ប្រជារាស្ត្រជាច្រើនអាណត្តិមកហើយក្នុងការដឹកនាំប្រទេស។ ទាំងបទពិសោធន៍ការងារក្នុងប្រទេស ការងារការទូត ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ការពង្រឹង​គុណភាព​អប់រំ ការទាក់ទាញវិនិយោគទុន បរទេសមកបណ្តាក់ទុននៅកម្ពុជា ការបង្កើនកំណើនការងារកាន់​តែច្រើនឡើង​សម្រាប់ប្រជា​ពលរដ្ឋ ការបង្កើនសេវាសុខុមាលភាពប្រជាជន វិស័យការពារជាតិ សន្តិសុខ  សុវត្ថិភាព គឺគណបក្សប្រជាជន​កម្ពុជាមានបទពិសោធ និងភាពចាស់ទុំគ្រប់គ្រាន់ដើម្បីបន្តដឹកនាំប្រទេស។
ការជឿងប់ងុលទៅលើការឃោសនាបោកប្រាសរបស់បក្សប្រហោងក្នុងដូចជាបម្សប្រឆាំងនេះគ្រាន់តែជាការចាញ់បោកយល់សប្តិប៉ុណ្ណោះ ហើយការគិតថា បក្សប្រឆាំងមានធនធានមានភាពចាស់ទុំគឺជាការយល់ច្រឡំ ហើយដូចជាកាប់បំពង់រង់ចាំទឹកភ្លៀង។  អ្នកដែលចង់ឱ្យ​មាន​ការផ្លាស់ប្តូរមិនបានគិតថា អ្វីដែលគណបក្សប្រជាជនកម្ពុជាបាននិងកំពុងបំពេញដើម្បីបម្រើជាតិ និងមាតុភូមិគឺជាការផ្លាស់ប្តូរ​ដ៏វិជ្ជមានមួយរួចស្រេចទៅហើយ និងជាការផ្លាស់ប្តូរប្រកប​ដោយការទទួលខុសត្រូវនៅចំពោះមុខប្រវត្តិសាស្ត្រ និងប្រជាជនកម្ពុជា។
សូមមេត្តាថ្លឹងថ្លែងរវាងគុណសម្បត្តិ និងគុណវិបត្តិនិងរួមជាមួយគណបក្សបក្សប្រជាជនកម្ពុជា ដើម្បីបន្តបោះជំហានទៅមុខលើកិច្ចអភិវឌ្ឍ ជាមួយកម្មវិធីអភិវឌ្ឍឃុំសង្កាត់ល្អ និងបេក្ខជនមេឃុំចៅសង្កាត់ និងក្រុមប្រឹក្សាដែលមានសមត្ថភាពនិងគុណភាព ព្រមទាំងចូលរួម​ទប់​ស្កាត់រាល់ការប៉ុនប៉ង បង្កចលាចលដល់កម្ពុជា ពីសំណាក់ជណងគតិមួយចំនួន។ យើងទាំងអស់គ្នាស្រឡាញ់សន្តិភាព និងការអភិវឌ្ឍ៕
ដោយ៖ ចៅចាក់ស្មុក












No comments:

Post a Comment