Wednesday, June 07, 2017

ក្រសួងវប្បធម៌ ៖ ការដាក់បញ្ចូលស្នាដៃសិល្បះដោយគ្មានការអនុញ្ញាតពីម្ចាស់ស្នាដៃគឺជាការខុសច្បាប់

ក្រសួងវប្បធម៌ និងវិចិត្រសិល្បះលើកឡើងថា ការដាក់បញ្ជូល (Upload) ស្នាដៃភាពយន្ត ចម្រៀងកាយវិការ លើបណ្តាញសង្គមហ្វេសប៊ុក (FACEBOOK) ឬតាមប្រព័ន្ធអ៊ិនធើណេត (YOUTUBE) ជាសាធារណៈដោយមិនមានការអនុញ្ញាតពីម្ចាស់ស្នាដៃ និងមិនមានទិដ្ឋការអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាទង្វើល្មើសច្បាប់រំលោភបំពានយ៉ាងធ្ងន់ធ្ងរដល់ច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល និងអនុក្រឹត្យស្តីពីការគ្រប់គ្រងឧស្សាហកម្មភាពយន្ត។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសព្រមានចាត់វិធានការច្បាប់លើអ្នកបញ្ចូលស្នាដៃភាពយន្តនិង ចម្រៀងនៅលើបណ្តាញសង្គមជាសាធារណៈ ដោយគ្មានការអនុញ្ញាតពីម្ចាស់ ស្នាដៃដើមនិងក្រសួង ដើម្បីលើកកម្ពស់សិទ្ធិអ្នកនិពន្ធ និងសិទ្ធប្រហាក់ប្រហែល។
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្តនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបាន ប្រាប់ទូរទស្សន៍ក្នុងស្រុកនៅពេលថ្មីៗនេះថា បើបុគ្គលរូបណានៅតែបន្តដាក់បញ្ជូល (Upload) ស្នាដៃភាពយន្ត ចម្រៀងកាយវិការនៅលើបណ្តាញសង្គមនឹងត្រូវប្រឈមមុខច្បាប់ ហើយក្រសួង និងសហការជាមួយក្រសួងស្ថាបនជំនាញពាក់ពន្ធ័ដើម្បីវែកមុខជនល្មើសមកផ្តន្ទាទោសឲ្យបាន រួមទំាងបិទគណនេយ្យខុសច្បាប់នោះ។
លោកបញ្ជាក់ថា ការប្រកាសព្រមាន ពីបញ្ហានេះដោយបច្ចុប្បន្នក្រសួង នៅតែបន្តឃើញមានសកម្មភាពជនខិលខូចលួចស្នាដៃភាពយន្ត និងចម្រៀងការយការណ៍របស់ផលិតកម្មមួយចំនួនដោយគ្មានការសុំច្បាប់ទៅផ្សព្វផ្សាយជាសាធារណៈ ដែលបង្កផលប៉ះពាល់យ៉ាងខ្លំាងដល់សតិអារម្មណ៍របស់ផលិតករ និងការបាត់បង់ប្រាក់ចំណូលជាដើម។
លោកបន្ថែមថា សម្រាប់ភាពយន្តដែលបានផ្សព្វផ្សាយជាសាធារណៈ ពុំបានសុំទិដ្ឋការអនុញ្ញាតពីក្រសួង គឺបានបង្កផលប៉ះពាល់ដល់អ្នកប្រើប្រាស់បណ្តាញសង្គម ជាពិសេសអនីតិជន តាមរយៈរូបភាពខ្លឹមសារបានបង្កភាពអវិជ្ជាដល់ស្មារតីនិង សតិបញ្ញារបស់កុមារ។
លោក ឆាយ បូរ៉ា ផលិតករភាពយន្តនិងប្រធានសមាគមភាពយន្តកម្ពុជាបានបញ្ជាក់ថា ការ ចាត់វិធានការណ៍លើជនខិលខូចពាក់ពន្ធ័ នឹងការលួចស្នាដៃរបស់អ្នកនិពន្ធទៅផ្សព្វផ្សាយជា សាធារណៈនេះគឺជាការចាប់ផ្តើមអនុវត្តច្បាប់សិទ្ធិកម្មសិទ្ធិបញ្ញា ខណៈដែលក្រុមអ្នកនិពន្ធ ផលិតកភាពយន្តទន្ទឹងរងចាំជាយូរមកហើយ។
លោកអៈអាងថា ប្រសិនបើក្រសួងអនុវត្តយន្ត ការនេះបានជោគជ័យមែននោះនឹងធ្វើឲ្យក្រុមផលិតករកាន់តែទទួលផលហើយបង្កើតស្នាដៃថ្មីៗបន្ថែមទៀតបំពេញទៅតាមតម្រូវការទីផ្សារភាពយន្តក្នុងទេសកម្ពុជា។ លោកបន្តទៀតថា សម្រាប់ស្នាដៃភាពយន្តរឿងភាគចំនួន២រឿង ដែលកំពុងចាក់បញ្ជំាងនៅក្នុងស្ថានីយទូរទស្សន៍ ក្នុងស្រុកមួយ ក៏កំពុងឃើញការផ្សព្វផ្សាយដោយខុសច្បាប់នៅតាមបណ្តាញគេហទំព័រវេបសាយ ទំាងក្នុងស្រុក និងក្រៅប្រទេសមិនតិចជាង៣ឡើយ។
សូមបញ្ជាក់ថា កន្លងមកក្រសួងវប្បធម៌ធ្លាប់បានចេញសេចក្តីប្រកាសក្រើនរំលឹកម្តងរួចហើយ ដើម្បីឲ្យជនខិលខួចដែលកំពុងលួចស្នាដៃភាពយន្ត និងចម្រៀងទៅផ្សព្វផ្សាយដោយខុសច្បាប់ ឲ្យបញ្ឈប់សកម្មភាពរបស់ខ្លួន ដើម្បីលើកកម្ពស់តម្លៃស្នាដៃរបស់អ្នកនិពន្ធ៕


No comments:

Post a Comment