នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថាប្រទេសជាតិយើងបច្ចុប្បន្ននេះ មានការរីកចម្រើនប្រកបដោយសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ។ លោក បានថ្លែងដូចនេះ ក្នុងឱកាសដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងសំណេះសំណាលនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ជាមួយនាយទាហាន នាយទាហានរង និងពលទាហាននៅកងពលតូចអន្តរាគមន៍លេខ៧ នៅភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ក្នុងឱកាសនេះ លោករដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា ដែលជានិច្ចកាលបានគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងកម្លាំងប្រដាប់អាវុធរបស់យើងនៅគ្រប់ទីកន្លែង។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានសម្តែងនូវការកោតសរសើខ្ពស់ចំពោះស្មារតីតស៊ូអង់អាចក្លាហាន ប្រកបដោយវីរៈភាពរបស់នាយទាហាន នាយទាហានរង និងពលទាហានរបស់យើងនៅកងពលតូចអន្តរាគមន៍លេខ៧ ដែលបានយកអស់កម្លាំងកាយចិត្តក្នងបុព្វហេតុការពារមាតុភូមិការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងការចូលរួមអភិវឌ្ឍប្រទេសជាតិរបស់យើង ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។
ពិធីសំណេះសំណាលរបស់យើងនាពេលនេះ ស្ថិតក្នុងស្ថានភាពនៃសភាពការណ៍របស់ប្រទេសជាតិ ដែលកំពុងតែមានការរីកចម្រើនប្រកបដោយសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ព្រមជាមួយនោះ លោក អ៊ិត សំហេង ក៏បានជម្រាបជូនអំពីវឌ្ឍនភាពដែលរាជរដ្ឋាភិបាល បានខិតខំសម្រេចបាននូវសមិទ្ធិផលជាច្រើន ដែលយើងទាំងអស់គ្នាបានឃើញ និងទទួលបានផលពីសមិទ្ធផលនេះ ដែលកើតចេញពីការចួលរួមរបស់ថ្នាក់ដឹកនាំជាតិ បុគ្គលិក មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ កងយោធពលខេមរភូមិន្ទ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។
នៅក្នុងឱកាសនោះផងដែរ លោករដ្ឋមន្រ្តី ក៏បានអំពាវនាវឱ្យនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ អញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខឱ្យបានគ្រប់ៗគ្នាផងដែរ៕

No comments:
Post a Comment