លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា វិស័យឧស្សាហកម្ម សិប្បកម្ម សំណង់ និងទេសចរណ៍កម្ពុជា មានការរីកលូតលាស់ជាលំដាប់។ លោក បានលើកឡើងដូចនេះនៅក្នុងសារលិខិតអបអរសាទរផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា វិស័យឧស្សាហកម្ម និងសិប្បកម្មបានរីកលូតលាស់ជាបន្តបន្ទាប់ ដែលក្នុងនេះមានរោងចក្រសរុបចំនួនជាង ១៥០០រោងចក្រ ដែលភាគច្រើនជារោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងមានឧស្សាហកម្មមធ្យម តូច និងសិប្បកម្មជាង៣៩០០០មូលដ្ឋាន ហើយដែលបានស្រូបកម្លាំងពលករសរុបប្រមាណជាង១លាននាក់។ សក្ខីភាពនេះ បង្ហាញឱ្យឃើញនូវជំនឿជឿជាក់ក្នុងការបណ្តាក់ទុននៅកម្ពុជាពីសំណាក់វិនិយោគិនក្នុងស្រុក និងបរទេស ដែលសកម្មភាពនេះបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋតាមរយៈការផ្តល់ការងារ និងផ្តល់ប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា កម្ពុជា ក៏មានការរីកលូតលាស់លើវិស័យសំណង់ដោយមានអគារខ្ពស់ចាប់ពី៥ជាន់ទៅ៤០ជាន់ឡើងក្នុងរាជធានីភ្នំពេញ គិតមកដល់ឆ្នាំ ២០១៦នេះ មានជាង ៨០០កន្លែង ព្រមទាំងសំណង់លំនៅស្ថាន បុរី សណ្ឋាគារ ផ្ទះសំណាក់ បានរីកដុះដាលព្រោងព្រាត តាមទីប្រជុំជន ទីរួមខេត្តក្នុងប្រទេស។
សម្រាប់វិស័យទេសចរណ៍វិញ ក្នុងពិធីបុណ្យសមុទ្រលើកទី៥ ឆ្នាំ២០១៦ ក្រោមប្រធានបទ «ទីក្រុងបៃតង ឆ្នេរស្អាត សមុទ្រខៀវស្រងាត់» និងនៅក្នុងវេទិកាជាតិទីក្រុងស្អាតឆ្នាំ២០១៧ ក្រោមប្រធានបទ «ទីក្រុងស្អាត ទីក្រុងផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរ» ដែលបានរៀបចំធ្វើឡើងកន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការចាំបាច់មួយចំនួនដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងនោះគឺការពង្រឹងសន្តិភាព សន្តិសុខ ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ បរិស្ថានឱ្យបានកាន់តែល្អប្រសើរ និងកាត់បន្ថយការ កកស្ទះចរាចារណ៍ក្នុងទីក្រុងផងដែរ ដើម្បីឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញនិងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា ក្នុងឆ្នាំ២០១៦កន្លងទៅនេះ ភ្ញៀវទេសចរ អន្តរជាតិ បានចូលមកព្រះរាជាណាចក្រកម្ពុជាមានចំនួនប្រមាណជាង៥លាននាក់ និងពលករ ដែលបម្រើការងារវិស័យឧស្សាហកម្មទេសចរណ៍ដោយផ្ទាល់មានប្រមាណជាង៦០ម៉ឺននាក់ផងដែរ៕

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា ក្នុងឆ្នាំ២០១៦កន្លងទៅនេះ ភ្ញៀវទេសចរ អន្តរជាតិ បានចូលមកព្រះរាជាណាចក្រកម្ពុជាមានចំនួនប្រមាណជាង៥លាននាក់ និងពលករ ដែលបម្រើការងារវិស័យឧស្សាហកម្មទេសចរណ៍ដោយផ្ទាល់មានប្រមាណជាង៦០ម៉ឺននាក់ផងដែរ៕

No comments:
Post a Comment