ព័ត៌មានដែល វីអូឌី យកមកផ្សាយនេះ សូម្បីអ្នកដែលមិនបានរៀនវិជ្ជាជីវៈសារព័ត៌មានសោះក៏អាចយល់បានដែរថា ជាព័ត៌មានមិនអាចយកជាការបាន គឺអន់ជាងកម្មករសំណង់លេងហ្វេសប៊ុកមួយចំនួនទៅទៀត។ ចំណុចដែលហៅថាអន់គឺនៅត្រង់ថា អត្ថបទនេះសរសេរដោយស្រង់ប្រភពអាចាមអារាម គ្មានមូលដ្ឋានទាល់តែសោះ គ្មានការផ្ទៀងផ្ទាត់ គ្មានមនៈសិការវិជ្ជាជីវៈ និងគ្មានការទទួលខុសត្រូវជាអ្នកសារព័ត៌មានតែបន្តិចក៏គ្មានផង។ ម្យ៉ាងទៀត សូម្បីរបៀបសរសេរលាក់ប្រភពក៏មិនចេះផង៖ លាក់ស្ថាប័ន តែបញ្ចេញឈ្មោះមនុស្សុ នេះគេហៅថា លាក់មុខតែគូថនៅកណ្តាលវាល!
តើ វីអីឌីរបស់លោក ប៉ា ងួនទៀង និងលោក យឿង សុធារ៉ា ត្រូវទទួលខុសត្រូវបែបណាចំពោះការផ្សាយព័ត៌មានបែបនេះ? សូម្បីតែស្ថាប័នព័ត៌មានមួយដែលមានកម្រិតវិជ្ជាជីវៈទាបបំផុក៏មិនអាចសរសេររឿងបែបនេះបានដែរ និងសូម្បីតែអ្នកលេងហ្វេសប៊ុកសាមញ្ញម្នាក់ក៏មិនអាចផុសព័ត៌មានបែបនេះបានដែរ! បើនៅស្រុកគេវិញ ការសរសេរព័ត៌មានបែបនេះ ទាំងអ្នកសរសេរ ទាំងប្រធានស្ថាប័នមានជម្រើសតែពីរគត់គឺ ទី១៖ ចេញមុខសុំទោសជាសាធារណៈ និងត្រូវចុះលិខិតសុំទោសនេះក្នុងសារព័ត៌មានរបស់ខ្លួនទៀតផង។ ទី២៖ គឺត្រូវលាចេញពីមុខតំណែង។ នេះបើគេនិយាយពីការទទួលខុសត្រូវផ្នែកសីលធម៌ និងវិជ្ជាជីវៈក្នុងនាមជាអ្នកសារព័ត៌មាន ឬជាស្ថាប័នសារព័ត៌មានអាជីព។
ប៉ុន្តែ វាមិនចម្លែកទេដែល វីអូឌី សរសេរព័ត៌មានបែបនេះហើយនេះក៏មិនមែនជាលើកទី១នោះដែរ។ នរណាក៏ស្គាល់ដែរថា វីអូឌី ដឹកនាំដោយ លោក ប៉ា ងួនទៀង ជាអ្វី? ប៉ា ងួនទៀង គឺជាមនុស្សជំនិតម្នាក់របស់លោក កឹម សុខា តាំងពីនៅធ្វើមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាមកម៉្លេះ។ ក្រោយមក ពេលលោក កឹម សុខា ហក់ចូលក្នុងនយោបាយ ក្រុមនេះក៏បំបែកគ្នាដើម្បីធ្វើសកម្មភាព។ ប៉ា ងួនទៀង ទោះបីជាមិនប្រកាសខ្លួនថាជាអ្នកនយោបាយ ប៉ុន្តែ បុរស របិញរបុញ ម្នាក់នេះគ្រាន់តែជ្រកក្រោមស្លាកអង្គការសង្គមស៊ីវិលដើម្បីជួយលោក កឹម សុខា តែប៉ុណ្ណោះ ស្របតាមយុទ្ធសាស្ត្រដែលលោក កឹម សុខា ធ្លាប់បានប្រើរួចហើយនោះ គឺការយកសង្គមស៊ីវិលជាខែលដើម្បីធ្វើនយោបាយ។
ហេតុអ្វីបានជា វីអូឌី ផ្សាយរឿងបែបនេះ?
វីអូឌីក្តី វិទ្យុអាស៊ីសេរីក្តី វីអូអេក្តី ត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាវិទ្យុទទួលលុយពីបរទេសដែលមានគោលដៅបង្កវិទ្ធង្សនាក្នុងសង្គមខ្មែរដើម្បីជួយបក្សប្រឆាំង។ ការចុះផ្សាយរឿងរាក់កំភែលគួរឲ្យអស់សំណើចបែបនេះក៏ព្រោះតែវិទ្យុនេះចង់ជួយស្តាមុខមាត់បក្សសង្គ្រោះជាតិដែលកំពុងជាប់ផុងយ៉ាងជ្រៅទៅក្នុងវិបត្តិផ្ទៃក្នុងជាពិសេសគឺអង្គសមាជដែលធ្វើឡើងកាលពីថ្ងៃទី ២ មីនាដើម្បីរើសលោក កឹម សុខា ឲ្យធ្វើប្រធាន និងអនុប្រធានបីនាក់ទៀតនោះត្រូវបានក្រសួងមហាផ្ទៃប្រកាសថា ខុសលក្ខន្តិកៈនៃគណបក្សរបស់ខ្លួន។ នេះជារឿងធំធេងណាស់ដែលធ្វើឲ្យវីអូឌីស្លន់ស្លោ ខ្លាចបាត់តំណែងលោក កឹម សុខា រហូតភ្លេចគិតរឿងវិជ្ជាជីវៈសរសេរអត្ថបទដូចកូនក្មេងបៀមដៃ។ គោលដៅរបស់គេគឺ ទី១៖ បង្វែរការចាប់អារម្មណ៍របស់សាធារណៈជនចេញពីកំហុសដ៏ធំធេងរបស់គណបក្សសង្គ្រោះជាតិ និងទី២៖ដើម្បីបំពុលបរិយាកាសសង្គមមុនពេលបោះឆ្នោតតាមយុទ្ធសាស្ត្រ«បំពុលទឹកដើម្បីចាប់ត្រី»ក្រែងអាចជួយកែកុនបក្សប្រឆាំងមួយនេះបានខ្លះនៅនាទីចុងក្រោយ។ ប៉ុន្តែ នេះជាការស្រមៃស្រមៃរបស់ពួកគេតែប៉ុណ្ណោះ ~ តាមពិត ព័ត៌មានបែបនេះ សូម្បីតែគិតសាមញ្ញៗដោយមិនបាច់វិភាគស៊ីជម្រៅក៏គេមើលឃើញច្បាស់ក្រឡែតថា គណបក្សសង្គ្រោះជាតិពេលនេះមានស្ថានភាពប្រៀបបាននឹងព្រះអាទិត្យហៀបអស្តង្គតទៅហើយ។ មូលហេតុងាយៗមានដូចតទៅ៖
ទី១៖ បក្សសង្គ្រោះជាតិកំពុងជួបវិបត្តិក្បាលម៉ាស៊ីនដឹកនាំយ៉ាងធ្ងន់ធ្ងរ៖ មេបក្សធំរបូតអំណាចចេញពីដៃខណៈដែលមេបក្សតូចមានតែបីកៅអីជាដើមទុនបានឡើងអង្គុយកៅអីជំនួសមេបក្សធំយ៉ាងគ្រហើរៗតាមរយៈអង្គសមាជខុសលក្ខន្តិកៈនិងបំពានច្បាប់។ ឥឡូវនេះក្រសួងមហាផ្ទៃមិនទទួលស្គាល់សុពលភាពគណបក្សនេះទេ។ គឺជារឿងធំធេងណាស់ដែលត្រូវដោះស្រាយខណៈដែលការបោះឆ្នោតកាន់តែកៀក។
ទី២៖ ផ្ទៃក្នុងបក្សសង្គ្រោះជាតិកំពុងបែកបាក់ រង្គោះរង្គើតាំងពីលើដល់ក្រោម។ ភាគីគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សកាន់តែសង្គ្រឺតធ្មេញដាក់គ្នាកាន់តែខ្លាំងចាប់តាំងពីលោក កឹម សុខា ឡើងធ្វើមេបក្សជំនួសលោក សម រង្ស៊ី។ បន្ថែមពីលើនេះ ការជ្រើសរើសបេក្ខជនឈរឈ្មោះជាមេឃុំ ចៅសង្កាត់ដែលធ្វើឡើងតាមបក្សពួក ខ្សែស្រឡាយ និងតាមទឹកលុយនោះកំពុងដុតកម្តៅបន្ថែមការបែកបាក់ចេញពីថ្នាក់មូលដ្ឋានថែមទៀត។ ការបែកបាក់ទាំងលើទាំងក្រោមនេះកំពុងធ្វើឲ្យបក្សប្រឆាំងមួយនេះចុះដុនដាបយ៉ាងខ្លាំង។
ទី៣៖ ពេលនេះកម្លាំងសង្គ្រោះជាតិបែកចេញជាច្រើនបំណែក៖ មួយចំនួនងាកមកចូលជាមួយគណបក្សប្រជាជនកម្ពុជា មួយចំនួនទៀតងាកទៅគាំទ្រគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យរបស់លោក ម៉ម សូំណង់ដូ មួយចំនួនទៀតទៅចូលជាមួយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ខណៈដែលគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរបស់លោក ខឹម វាសនា ក៏ទាញមនុស្សបានកាន់តែច្រើនផងដែរ។ ដូច្នេះ តើយកលេខអ្វីមកបូកដើម្បីឲ្យឃើញថា សង្គ្រោះជាតិនឹងឈ្នះ ៦០% នោះ? និយាយឲ្យចំតែម្តងទៅ បក្សសង្គ្រោះជាតិពេលនេះ សូម្បីខ្លួនឯងក៏មិនប្រាកដថាអាចសង្គ្រោះបានផង។ ដូច្នេះ មិនបាច់មកបោកគេទេ វីអូឌី!!! ហេីយក៍សូមរំលឹកលោកប៉ាង ងួនទៀងផងដែរបេីមុនប្រឌិតរឿងស្ទង់មតិនៅលេីកក្រោយទៀត សូមកុំភ្លេចមេីលច្បាប់បោះឆ្នោតនិងជាពិសេសច្បាប់ស្តីពីសមាគមនិងអង្គការក្រៅរដ្ធាភិបាលដែល កំពុនៅជាធរមាន ។

No comments:
Post a Comment